មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចោទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អាន ម៉ារឌី និងក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថាយកកងកម្លាំងប្រដាប់អាវុធ ការពារឲ្យក្រុមហ៊ុនឯកជន ផ្ទុយពីប្រសាសន៍ប្រមុខរដ្ឋាភិបាល និងគោលការណ៍ណែនាំក្រសួងមហាផ្ទៃ។ លើសពីនេះ អាជ្ញាធរឃុំរកឃើញថា ក្រុមហ៊ុនទាំងនោះពុំឃើញអភិវឌ្ឍអ្វីក្រៅពីជួញដូរឈើប្រណិត និងទំនងជាយកកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ការពារពីដំណើរការនៃការរកស៊ីរបស់ខ្លួនទៅវិញទេ។
អាជ្ញាធរស្រែគរ មកពីគណបក្ស សម រង្ស៊ី ឲ្យដឹងនៅថ្ងៃទី២៥ តុលា ថា ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អាន ម៉ារឌី និងក្រុមហ៊ុនសម្អាតបាតអាងរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មានកងកម្លាំងប្រដាប់អាវុធយាមឲ្យក្រុមហ៊ុននេះជាច្រើនឆ្នាំកន្លងមក។ អាជ្ញាធរអង្កេតឃើញថា កងកម្លាំងប្រដាប់អាវុធទាំងនោះ តែងតែយកអាវុធជំរិតទារប្រាក់ពីពលរដ្ឋ នៅពេលដែលចូលព្រៃអារឈើជាលក្ខណៈគ្រួសារ។
មេឃុំស្រែគរ លោក សៀក មេគង្គ អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អាន ម៉ារឌី មានកងកម្លាំងប្រដាប់អាវុធ ដូចជា នគរបាល និងទាហាន យាមឲ្យក្រុមហ៊ុននេះជាច្រើនឆ្នាំកន្លងមក។ ចំណែកក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានមន្ត្រីកងរាជអាវុធហត្ថ យាមរហូតដល់បច្ចុប្បន្ន។ លោកកត់សម្គាល់ថា ក្រុមកងកម្លាំងប្រដាប់អាវុធភាគច្រើនសុទ្ធតែមានកាំភ្លើង ឬអាវុធ តែងតែធ្វើទុក្ខបុកម្នេញអ្នកភូមិ នៅពេលដែលប្រមូលអនុផលព្រៃឈើ ឬចូលព្រៃអារឈើធ្វើផ្ទះជាដើម ដែលត្រូវប្រឈមកងកម្លាំងទាំងនោះជំរិតទារប្រាក់ជារឿយៗ។ លោករកឃើញថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អាន ម៉ារឌី និងក្រុមហ៊ុនសម្អាតផ្ទៃអាង ទំនងជាមិនអភិវឌ្ឍអ្វីក្រៅពីធ្វើអាជីវកម្មព្រៃឈើជាច្រើនឆ្នាំកន្លងមកនៅតំបន់នេះ។ លោកអំពាវនាវឲ្យរដ្ឋាភិបាល ចុះស៊ើបអង្កេត និងចាត់វិធានការករណីនេះ៖ «ក្រុមហ៊ុនបាតអាងជាដើម កាំភ្លើងរាប់មិនអស់ គ្រាន់តែអ្នករកស៊ីនៅក្នុងក្រុមហ៊ុនបាតអាង។ នៅតែមានសន្តិសុខចេញពីប៉េអិម ទាហាន ប៉ូលិសហ្នឹង ធ្វើបាបប្រជាពលរដ្ឋកាប់នេះកាប់នោះ យកលុយយកកាក់ម្នាក់ ១០ម៉ឺន ម្នាក់ ១០០ដុល្លារ ២០០ ហ្នឹងទៅ ជំរិតទារលុយ នេះជាក់ស្តែងនៅក្នុងស្ថានភាពក្នុងឃុំស្រែគរ យើង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី២៥ តុលា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ចំណែកមេបញ្ជាការភូមិភាគ១ លោក ហួត ឈៀង ឲ្យដឹងនៅថ្ងៃទី២៥ តុលា ថា ឃុំស្រែគរ គឺជាទីតាំងអង្គភាពយោធាឈរជើង និងមានផ្ទះ ១០០ខ្នងដែលលោកឧកញ៉ា អាន ម៉ារឌី សម្បទានដី និងផ្ទះទាំងនោះ ជូនកងទ័ព។ ដូច្នេះ កងទ័ពរស់នៅតំបន់នោះទំនេរពីការងារ ខ្លះធ្វើកម្មករឲ្យក្រុមហ៊ុន ព្រោះតែបញ្ហាជីវភាព។ លោកចាត់ទុកថា ពុំមានអ្វីទាស់ខុសនោះទេ៖ «គ្រួសារកងទ័ពពេលខ្លះ កងទ័ពទំនេរក៏ធ្វើកម្មករឲ្យគេនោះដែរ។ បញ្ហាជីវភាពហ្នឹង។ ប៉ុន្តែលោកមេឃុំទេដែលគ្រប់គ្រងប្រជាជនអត់ជាប់។ មកពីប្រជាជនខ្លួនឯងធ្វើខុស រស់នៅគ្មានអីស៊ីផង។ អំណាចឃុំហ្នឹងត្រូវនិយាយទៅលោកហ្នឹងវិញ»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល បារម្ភថា ករណីយកអាវុធបាញ់គំរាមជំរិតទារប្រាក់ពីពលរដ្ឋ នឹងក្លាយជាវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ បើអាជ្ញាធរពាក់ព័ន្ធ ឬតំណាងអយ្យការមិនយកចិត្តទុកដាក់អនុវត្តច្បាប់នោះទេ។ លោកអង្កេតឃើញថា ករណីបាញ់គំរាមអ្នកភូមិស្រែគរ ដោយកងកម្លាំងប្រដាប់អាវុធ យាមឲ្យក្រុមហ៊ុនទាំងនេះមាន ៤ករណីមកហើយ គិតចាប់ពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន ដែលលោកពុំទាន់ឃើញមានវិធានការផ្លូវច្បាប់ណាមួយពីរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធនៅឡើយទេ៖ «ប្រសិនជាកម្លាំងប្រដាប់អាវុធការពារឲ្យក្រុមហ៊ុនឯកជនទៀត មានន័យថា ផ្គើនប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន។ លក្ខន្តិកៈមន្ត្រីរាជការមិនអាចយកស្ថាប័នរដ្ឋ ទៅការពារក្រុមហ៊ុនហ្នឹងបានទេ»។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឆ្លើយនឹងសំណួររបស់សារព័ត៌មានអន្តរជាតិមួយបញ្ជាក់ថា កងសន្តិសុខរបស់ក្រុមហ៊ុនឯកជន មិនមានសិទ្ធិពាក់ឯកសណ្ឋានជានគរបាល ឬទាហានទេ។ ចំណែកម្ចាស់ក្រុមហ៊ុនឯកជន ក៏ពុំមានសិទ្ធិជួលនគរបាល ទាហាន ឬកងកម្លាំងប្រដាប់អាវុធ ការពារឲ្យក្រុមហ៊ុនឯកជននោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
