ក្នុងចំណោមពលរដ្ឋដែលមានបញ្ហាដីធ្លី គ្រួសារមួយត្រូវបាត់បង់អស់ភាពជួបជុំ ភាពរីករាយ ដែលជាសុភមង្គលស្ទើរទាំងស្រុង។ ចំណែកស្ត្រីជាម្ដាយក្នុងគ្រួសារនេះ ក៏ត្រូវពិការដោយសារតែការទាមទារយុត្តិធម៌ និងដីធ្លីនោះទៀត។
ក្នុងវ័យ ៤២ឆ្នាំ ស្ត្រី ឃីម ខុន ស្ថិតក្នុងពិការភាព បានលើកដៃសំពះអង្វរអំពាវនាវរកយុត្តិធម៌សម្រាប់ជីវិតលោកស្រី និងក្រុមគ្រួសារដែលបានតស៊ូស្ទើរលះបង់ជីវិត ដើម្បីការពារផ្ទះ និងដីធ្លី។ សម្រែកអំពាវនាវរបស់ស្ត្រីពិការ ឃឹម ខុន បានបន្លឺឡើងពីទីតាំងជួបប្រជុំរបស់អ្នកភូមិ នៅក្រោមដើមពោធិ៍ខាងមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតនៅក្បែរវិមានឯករាជ្យ។
បច្ចុប្បន្ន ឃីម ខុន រស់នៅក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកស្រីជាម្ដាយរបស់កូន ៥នាក់។ លោកស្រីរំលឹកទាំងទឹកភ្នែកថា កូនៗចំនួន ៤នាក់ បានសម្រេចចាកចោលផ្ទះទៅរកការងារធ្វើក្នុងទឹកដីថៃ នៅក្រោយពេលដែលពួកគេត្រូវវាយធ្វើបាបជាញឹកញយ ដោយសារតែស៊ូទ្រាំរស់នៅលើដី ផ្ទះសម្បែងក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដែលគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាលមួយ។ បច្ចុប្បន្ន ប្ដីលោកស្រីក៏មានជំងឺមិនអាចប្រកបការងារដូចធម្មតាបានឡើយ។
ស្ត្រី ឃីម ខុន រំលឹកទាំងទឹកភ្នែកថា កូនស្រីរបស់គាត់ក៏មានស្មារតីមិនប្រក្រតី បន្ទាប់ពីត្រូវអង្គរក្សលោក ប៉ែន លឹម ប្រធានអង្គការស្រាវជ្រាវទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ចាប់រំលោភទាំងនាងទើបមានអាយុ ១៣ឆ្នាំ។
ដើម្បីការពារដី ផ្ទះ និងស្វែងរកយុត្តិធម៌អោយកូនស្រី ឃីម ខុន ត្រូវគេវាយធ្វើបាបរហូតធ្លាក់ខ្លួនពិការ។
លោកស្រី ឃីម ខុន បន្តថា គ្រួសាររបស់លោកស្រីក៏ដូចពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត បាននាំគ្នាទៅទិញដីទំហំ ៦០ម៉ែត្រគុណនឹង ១០០ម៉ែត្រ ក្នុងតម្លៃ ៦.០០០ដុល្លារ ពីអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលអះអាងថា ទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល កាលពីឆ្នាំ២០០៦។ លោកស្រីសង្ឃឹមថា ទិញដីនៅទីនោះនឹងមានទីស្នាក់អាស្រ័យ និងមានដីចម្ការសម្រាប់ចិញ្ចឹមជីវិត និងគ្រួសារ។ ប៉ុន្តែ អ្វីៗបានប្រែប្រួលអស់ដ្បិតទីនោះបានធ្វើអោយគ្រួសារលោកស្រីជួបហេតុការណ៍អាក្រក់ក្នុងជីវិតទៅវិញ។
មិនខុសពីប្រជាពលរដ្ឋជាច្រើនរយគ្រួសារផ្សេងទៀតឡើយ លោកស្រី ឃីម ខុន បានចោទប្រកាន់លោក ប៉ែន លឹម ប្រធានអង្គការស្រាវជ្រាវទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ថាបានធ្វើទុក្ខបុកម្នេញ ដើម្បីបណ្ដេញពួកគាត់ចេញពីដីភូមិ និងដីចម្ការដែលបានទិញពីអង្គការនេះ។ លោក ប៉ែន លឹម ត្រូវគេដឹងថា បានទទួលដីសម្បទានសង្គមកិច្ចទំហំ ៥៧៧ហិកតារ ពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៧ ហើយពលរដ្ឋអះអាងថា ជម្លោះដីធ្លីនៅទីនោះកើតឡើងដោយសារការទន្ទ្រានយកដីអ្នកភូមិចាស់ និងការលក់ដីបន្តបន្ទាប់អោយម្ចាស់ផ្សេងៗគ្នាលើដីតែមួយ។

សម្រាប់ជីវិតស្ត្រី ឃីម ខុន នាងធ្លាប់ជាក្មេងកំព្រារស់នៅក្នុងមណ្ឌលកុមារកំព្រាក្នុងក្រុងព្រះសីហនុ។ នាងមិនធ្លាប់ស្គាល់ភាពកក់ក្ដៅក្នុងគ្រួសារម្ដងណាឡើយ។ ពេលពេញវ័យ ឃីម ខុន បានរៀបការនឹងបុរសវ័យចំណាស់ម្នាក់ និងបានចាកចេញពីមណ្ឌលកុមារកំព្រា។ នារីអភ័ព្វ ឃីម ខុន បានជួបការលំបាកម្ដងទៀត នៅពេលនាងមានកូនទី៥ គឺពេលនោះប្ដីបានស្លាប់ចោល។ នាងបានតស៊ូចិញ្ចឹមកូន និងបានរៀបការម្ដងទៀត។ ក្រោយពេលរៀបការ គ្រួសារនេះបានប្រមែប្រមូលប្រាក់កាស ទៅទិញដីនៅក្នុងស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ ជាទីដែលជីវិតនាងកាន់តែធ្លាក់ដុនដាប។
បើទោះជាមានការលំបាកយ៉ាងណា លោកស្រីសុំអោយតែមានដំណោះស្រាយ ដើម្បីអោយគ្រួសារលោកស្រីបានរស់ជួបជុំកូនប្រុសស្រី និងអាចប្រកបរបរចិញ្ចឹមជីវិតបានទៅតាមធនធានដែលគាត់មាន។
លោក ស ឈុនលឹម ហៅ ប៉ែន លឹម ជាអតីតទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ធ្លាប់ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដន្ទាទោសកាលពីចុងឆ្នាំ២០១២ ចំពោះបញ្ហាជម្លោះដីធ្លី។
យ៉ាងណាក៏ដោយ សំណុំរឿងដីធ្លីនេះនៅតែមិនអាចដោះស្រាយបានរហូតមកដល់ពេលនេះ។ ចំណែកគ្រួសារលោកស្រី ឃីម ខុន ដែលកំពុងរស់នៅពោរពេញដោយទុក្ខសោក នៅតែដង្ហោយហៅយុត្តិធម៌។ លោកស្រី ឃីម ខុន នៅតែដាក់ក្ដីរំពឹងចុងក្រោយរបស់លោកស្រីទៅលើលោកនាយករដ្ឋមន្ត្រី ដែលលោកស្រីចាត់ទុកថាមានឥទ្ធិពលអាចដោះស្រាយបញ្ហានេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
