អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា​រក​មិន​ឃើញ​ករណី​វៀតណាម​ជួល​ដី​ខ្មែរ​ជាង​១​ពាន់​ហិកតារ​ទេ

0:00 / 0:00

គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ព្រំដែន​ខេត្ត​ស្វាយរៀង អះអាង​ថា គណៈកម្មការ​រក​មិន​ឃើញ​មាន​ករណី​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម នោះ​ទេ បន្ទាប់​ពី​ចុះ​ស្រាវជ្រាវ​ជា​បឋម​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។ ការ​ចុះ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ថា​អ្នក​មាន​អំណាច​នៅ​ខេត្ត​ស្វាយរៀង ជួល​ដី​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​ចន្ទ្រា ឲ្យ​ជនជាតិ​វៀតណាម ជាង ១​ពាន់​ហិកតារ។

ករណី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង អះអាង​ថា​ពួក​គេ​រក​ពុំ​ឃើញ​ថា​វៀតណាម ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​ជាច្រើន​ហិកតារ​នោះ មិន​មែន​ជា​លើក​ទី​១ បើ​ទោះ​បី​ជា​ប្រជាជន និង​មន្ត្រី​បក្ស​ប្រឆាំង​រាយការណ៍​ថា ករណី​ជួល​ដី​នេះ គឺ​ជា​រឿង​ពិត​ប្រាកដ​យ៉ាង​ណា​ក្តី។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ដែល​បាន​ដឹកនាំ​គណៈកម្មការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ អំពី​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម នៅ​ក្នុង​ឃុំ​ទួលស្ដី និង​ឃុំ​ចន្ទ្រា ក្នុង​ស្រុក​ចន្ទ្រា នោះ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​ពេញ​មួយ​ថ្ងៃ​មក គណៈកម្មការ​រក​មិន​ឃើញ​ថា​មាន​អ្នក​មាន​អំណាច ឬ​អ្នក​ណា​ម្នាក់​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម នោះ​ទេ។ លោក​បញ្ជាក់​ថា ពេល​ចុះ​ទៅ​ដល់​ទីនោះ ឃើញ​សុទ្ធតែ​ពលរដ្ឋ​ខ្មែរ ហើយ​ត្រាក់ទ័រ​ដែល​នៅ​ទីនោះ​ក៏​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ដែរ « ក្នុង​ឯកសារ​នោះ​គាត់​លើក​ឡើង​ថា មាន​អ្នក​ធំ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ជួល​ដី​ឲ្យ​យួន ១ . ០៤៧​ហិកតារ តែ​ខ្ញុំ​ទៅ​មើល​ជាក់ស្តែង​វា​រឿង​ផ្សេង គឺ​ប្រជាពលរដ្ឋ​យើង​ធ្វើ​ស្រែ​ប្រហាក់ប្រហែល​ជា​ក្នុង​រង្វង់ ៣០០​ហិកតារ​ប៉ុណ្ណឹង​ទេ ហើយ​គេ​ហ្នឹង​ចោល​ទាំងអស់។ អ៊ីចឹង​ខ្ញុំ​អរគុណ​អ្នក​ដែល​បាន​ប្ដឹង ហើយ​ហៅ​គាត់​មក​បញ្ជាក់​បន្ថែម​កន្លែង​ណា​ទៀត ក្រែង​ខ្ញុំ​ដើរ​មើល​វា​មិន​អស់ »

ការ​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នេះ គឺ​បន្ទាប់​ពី​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ស្នើសុំ​អភិបាល​ខេត្ត​ស្វាយរៀង ចុះ​អន្តរាគមន៍​លើ​ករណី​ប្រជាពលរដ្ឋ​វៀតណាម បាន​ដាំ​ដំណាំ​ស្រូវ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ដូនទៃ ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់ និង​តម្រូវ​ឲ្យ​ដាំ​ស្រូវ​ឃ្លាត​ពី​បង្គោល​ចម្ងាយ ៥០​ម៉ែត្រ។ ពាក្យ​បណ្ដឹង​ដដែល​នោះ​បង្ហាញ​ទៀត​ថា អ្នក​មាន​អំណាច​ខេត្ត​ស្វាយរៀង បាន​ជួល​ដី​ឲ្យ​វៀតណាម សរុប​ប្រមាណ ១.០៤៧​ហិកតារ ក្នុង​នោះ​នៅ​ភូមិ​កោះឫស្សី ឃុំ​ទួលស្ដី ចំនួន ៥៦០​ហិកតារ។ រីឯ​ភូមិ​គោកតែក ចំនួន ២៤៧​ហិកតារ និង​ភូមិ​តែងម៉ៅ ២៤០​ហិកតារ ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ លោក​បញ្ជាក់​ដែរ​ថា ចំពោះ​ករណី​វៀតណាម ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន​បាន រីឯ​ខ្មែរ​ធ្វើ​មិន​បាន​នោះ គឺ​យោង​ទៅ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ដែល​ត្រូវ​រក្សា​ស្ថានភាព​ដើម មាន​ន័យ​ថា អ្នក​ណា​ធ្វើ​នៅ​កន្លែង​ណា​តាំង​ពី​មុន​ឆ្នាំ​១៩៩៥ ត្រូវ​ធ្វើ​កន្លែង​នោះ​សិន ដើម្បី​រង់ចាំ​បោះ​បង្គោល​ព្រំដែន និង​ប្រគល់​ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ « ការ​បោះ​បង្គោល​ទើប​ចាប់​ដំណើរ​ការ​ហើយ រីឯ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ប្រគល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គ្រាន់​តែ​បាន​បោះ​បង្គោល។ លុះត្រា​តែ​បោះ​បង្គោល​ហើយ រដ្ឋាភិបាល​ទាំង​ពីរ​ប្រគល់​ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ដី​នៅ​ខាង​យើង គឺ​យើង​ធ្វើ​នៅ​ខាង​គេ​គឺ​គេ​ធ្វើ »

ឆ្លើយតប​បញ្ហា​នេះ សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ នៅ​តែ​មិន​ទាន់​ជឿ​លើ​របាយការណ៍​បឋម​របស់​អភិបាល​រង​ខេត្ត​ឡើយ។ លោក​បញ្ជាក់​ថា យោង​តាម​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សា​ឃុំ ព្រម​ទាំង​ខ្លួន​លោក​ដែល​ចុះ​ទៅ​ដល់​ទីនោះ​ផ្ទាល់ គឺ​រក​ឃើញ​ថា វៀតណាម ពិត​ជា​ជួល​ដី​ខ្មែរ​ពិត​ប្រាកដ « ភាព​ជាក់ស្តែង​យើង​ទៅ​មើល​ឃើញ​យួន ទាំងអស់ អត់​មាន​ឃើញ​ខ្មែរ​មួយ​ទេ។ បើ​ឃើញ​ខ្មែរ គឺ​យើង​អត់​ពិបាក​ចិត្ត​ទេ »

លោក គង់ ម៉ាស់ បញ្ជាក់​ដែរ​ថា ក្រុម​ការងារ​របស់​លោក​យល់ព្រម​ចូលរួម​ប្រជុំ​ជជែក​ពិភាក្សា​គ្នា​បន្ថែម​ជាមួយ​អភិបាល​រង​ខេត្ត​នៅ​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៤ ខែ​មករា តាម​ការ​អញ្ជើញ​នោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ដែល​ឧស្សាហ៍​ចុះ​ស្រាវជ្រាវ​តាម​ព្រំដែន​នោះ មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រាយការណ៍​ប្រាប់​លោក​អំពី​ករណី​ជួល​ដី​នេះ ថា​មាន​ការ​កើន​ឡើង។ លោក​ជឿ​ថា ការ​រក​ឃើញ ឬ​មិន​ឃើញ​អំពី​ករណី​ជួល​ដី​នោះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ « ប្រសិន​បើ​អាជ្ញាធរ​នៅ​ទីនោះ​ចង់​ដឹង​រឿង​នេះ​ឲ្យ​ច្បាស់​នោះ ខ្ញុំ​គិត​ថា មិន​ពិបាក​រក​ទេ។ ខ្ញុំ​គិត​ថា មិន​មែន​មន្ត្រី​មូលដ្ឋាន​នោះ​មិន​ដឹង​ទេ គឺ​គេ​ដឹង ប៉ុន្តែ​ដោយសារ​នយោបាយ។ អ៊ីចឹង​ទៅ​ទោះ​បី​ជា​រក​ឃើញ ក៏​ឆ្លើយ​ថា​អត់​ឃើញ​សិន​ទៅ ដើម្បី​យក​ឱកាស​ការ​ឆ្លើយតប​ធ្វើ​ម៉េច​ឲ្យ​វា​សមស្រប​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ យ៉ាង​ណា ខ្ញុំ​ឮ​ប្រជាពលរដ្ឋ​និយាយ​ច្រើន​គ្នា​ដែរ​ថា​ការ​ជួល​ដី​នេះ គឺ​មាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ »

ចំពោះ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ នោះ ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​លោក​បណ្ឌិត មាស នី យល់​ថា កម្ពុជា ចាញ់​ប្រៀប​វៀតណាម ដែល​វៀតណាម អាច​ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន​បាន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន។ ចំណែក​ពលរដ្ឋ​ខ្មែរ មិន​អាច​ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន ឬ​តំបន់​ស​ដូច​វៀតណាម បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។