តុលាការ​ខេត្ត​តាកែវ​សាកសួរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ពាក់ព័ន្ធ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក

តុលាការ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា បាន​សាកសួរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ស្រុក​បូរីជលសារ ដែល​ពាក់ព័ន្ធ​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ខុស​ច្បាប់។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក វី ម៉ាយ រស់​នៅ​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ក្រសាំង ដែល​ត្រូវ​ចូល​ខ្លួន​តាម​ដីកា​កោះ បាន​ថ្លែង​ថា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​តាកែវ លោក វ៉ាន់ សែនវិសុទ្ធ បាន​សាកសួរ​រូប​លោក​ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ឡូ​លេខ​១ ហៅ​បឹង​ព្រៃ​ល្ពៅ ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៦៨​គ្រួសារ បាន​ចូល​ទៅ​ចែក​គ្នា​ធ្វើ​ស្រែ​ប្រាំង​លើ​ដី​ដែល លោក​ឧកញ៉ា ម៉ៅ ញ៉ន បាន​កាប់​រាន និង​បោះ​បង្គោល​ស្រាប់ តាំង​ពី​ឆ្នាំ​២០១២។

លោក​ថា បន្ទាប់​ពី​ពលរដ្ឋ​បាន​ធ្វើ​ស្រែ​បាន​មួយ​រដូវ​នោះ ពួក​គេ​ចំនួន ៣​នាក់ ក៏​ត្រូវ​មន្ត្រី​ជលផល​ប្ដឹង​ទៅ​តុលាការ​តែ​ម្ដង។ លោក វី ម៉ាយ អះអាង​ថា បន្ទាប់​ពី​សាកសួរ​ជិត ៣​ម៉ោង ជុំវិញ​បញ្ហា​នេះ ចៅក្រម​បាន​ឲ្យ​គាត់​ធ្វើ​កិច្ច​សន្យា​ឈប់​កាន់​កាប់​ដី​តំបន់​នោះ​ទេ៖ «សួរ​ថា ហេតុ​ម៉េច​បាន​យើង​ទៅ​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ ហើយ​ខ្ញុំ​ក៏​លើក​ហេតុផល​ប្រាប់​គេ។ ហើយ​ក៏​គាត់​សួរ​ខ្ញុំ​ថា កូន​ចៅ​ប៉ុន្មានៗ ហើយ​ខ្ញុំ​ថា​ខ្ញុំ​ក្រ​អ៊ីចឹង​ទៅ ហើយ​ក្រឡាបញ្ជី​គេ​ថា បើ​សិន​ណា​យើង​នៅ​ជាប់​ទាក់ទិន​ទៀត គេ​ឃាត់​ខ្លួន​ទុក គេ​រក​ដំណោះស្រាយ ហើយ​បាន​គេ​ឲ្យ​យើង​ចេញ។ ហើយ​ខ្ញុំ​ខ្លាច​ពេក ខ្ញុំ​ថា​ឥឡូវ​ខ្ញុំ​ឈប់​ធ្វើ​ហើយ ខ្ញុំ​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ហើយ»

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៦៨​គ្រួសារ ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្ត​តាកែវ ប្ដឹង​នោះ ឈ្មោះ វី ម៉ាយ លោក សុន រុំ និង​លោក វី ចាន់ ពួក​គេ​នឹង​ត្រូវ​តុលាការ​កោះ​ហៅ​សាកសួរ​នៅ​ថ្ងៃ​បន្ទាប់។ ចំណែក​មន្ត្រី​ជលផល​ខេត្ត​ជា​ដើម​បណ្ដឹង គឺ​ឈ្មោះ ឃិន វ៉េង និង​ឈ្មោះ ប៉ៃ លិន។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ទាំង ៣​នាក់ នៅ​ពុំ​ទាន់​មាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ពួក​គេ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។