ក្រុមគ្រូបង្រៀនមួយចំនួនក្នុងចំណោមគ្រូបង្រៀន ១៩០នាក់ នៃវិទ្យាល័យបឹងត្របែក ក្នុងរាជធានីភ្នំពេញ បាននាំគ្នាផ្ដិតមេដៃជំទាស់គោលការណ៍ដោះដូរចំណែកដីសាលាមួយចំនួនឲ្យមជ្ឈមណ្ឌលវប្បធម៌ស្លឹករឹត។ ប៉ុន្តែនាយកវិទ្យាល័យបឹងត្របែក វិញអះអាងថា បើទោះជាគោលការណ៍ដោះដូររបស់រដ្ឋាភិបាលនេះពុំមានសំណងណាមួយ ក៏រូបលោកផ្ទាល់ព្រមប្រគល់ឲ្យដែរ។
ដីចំនួន ៨ពាន់ម៉ែត្រការ៉េក្នុងចំណោមផ្ទៃដីសរុបប្រមាណ ១២ហិកតារ នៃវិទ្យាល័យបឹងត្របែក នោះ បានក្លាយជាជម្លោះខ្វែងគំនិតគ្នាលើសំណងនៃការអភិវឌ្ឍ បន្ទាប់ពីវិទ្យាស្ថានស្លឹករឹត របស់ លោក ឆាំង យុ ស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីរៀបចំជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងបរិវេណនៃដីវិទ្យាល័យបឹងត្របែក នេះ។
ក្រុមគ្រូបង្រៀនដែលបានផ្ដិតមេដៃជំទាស់គោលការណ៍អភិវឌ្ឍន៍នេះ ឲ្យដឹងនៅថ្ងៃទី៩ ធ្នូ ថា មូលហេតុដែលពួកគាត់មិនពេញចិត្តចំពោះគម្រោងនេះ ដោយសារតែសំណងនៃការដោះដូរមានចំនួន ៦០០ដុល្លារ គឺតិចជាងការចង់បានរបស់ពួកគេ ដែលស្នើសុំសម្រាប់គ្រូបង្រៀនម្នាក់ដែលបានមើលថែរក្សាដីសាលានេះ តាំងពីឆ្នាំ១៩៧៩ មក។ ពួកគាត់ទាមទារ ៥ពាន់ដុល្លារក្នុងម្នាក់។ ក្រុមគ្រូបង្រៀនដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងទៀតថា ហេតុផលដែលពួកគាត់តវ៉ាក្នុងតម្លៃមួយដ៏ខ្ពស់នេះ គឺមិនចង់ឲ្យបាត់បង់ដីសាលាតែប៉ុណ្ណោះ។ ពួកគាត់បន្តថា «គាត់ឲ្យជាគោលនយោបាយឲ្យគ្រូម្នាក់ ៦០០ដុល្លារ។ ដូច្នេះគ្រូឥឡូវគេបដិសេធមិនព្រមយកប៉ុណ្ណឹងទេ ព្រោះគេថែរក្សាយូរហើយតាំងឆ្នាំ១៩៧៩ មក។ គោលបំណងរបស់ខ្ញុំធ្វើអ្វីមិនចង់ឲ្យបាត់បង់ទ្រង់ទ្រាយដើម ទុកទីធ្លាឲ្យធំ ដើម្បីឲ្យក្មេងៗបានលេង»។
ក្រុមគ្រូបង្រៀនដែលគ្រោងថាប្រមូលផ្ដុំគ្នានៅរសៀលថ្ងៃទី៩ ធ្នូ នៅទីតាំងវិទ្យាល័យបឹងត្របែក ដើម្បីសម្ដែងមតិប្រឆាំងគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែត្រូវរំសាយទៅវិញ បន្ទាប់ពីមន្ត្រីនៃក្រសួងអប់រំ លើកពេលពិភាក្សាទៅថ្ងៃទី១៥ ខែធ្នូ វិញ។ បើទោះជាពុំបានជួបជុំដូចការគ្រោងទុក ក៏ក្រុមគ្រូបង្រៀនបានផ្ដិតមេដៃជំទាស់នឹងគោលការណ៍នេះដែរ នៅរសៀលថ្ងៃទី៩ ខែធ្នូ។
នាយកវិទ្យាល័យបឹងត្របែក លោក ផេង សុវណ្ណារ៉ា ថ្លែងថា បើទោះជាគោលការណ៍របស់រដ្ឋាភិបាលដែលរៀបចំគម្រោងនេះពុំមានសំណងណាមួយក៏ដោយ ក៏លោកអះអាងថា លោកក៏នឹងមិនជំទាស់គោលការណ៍នេះដែរ។ លោកបន្តថា «ក្នុងនាមខ្ញុំជាបុគ្គលិករបស់មន្ត្រីរាជការរដ្ឋហ្នឹង គឺសម្រាប់រាជរដ្ឋាភិបាលគាត់ត្រូវការហើយ ខ្ញុំឥតមានជំទាស់ទេ»។
ពាក់ព័ន្ធរឿងនេះ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ឲ្យដឹងថា ការពិតក្រុមគ្រូបង្រៀនគួរសប្បាយចិត្តទៅវិញ ជាជាងជំទាស់គម្រោងសាងសង់វិទ្យាស្ថានស្លឹករឹត នេះ។ បើទោះជាបែបណា លោកពុំបានឆ្លើយនឹងសំណួរ ថាតើគួរផ្អាកគម្រោង ឬបន្តទៅទៀត ក្រោយពីមានការមិនពេញចិត្តនៅពេលនេះ។ ដោយលោកគ្រាន់តែបញ្ជាក់ថា ប្រសិនបើអគារនេះកើតមាន គឺពុំមែនជាកម្មសិទ្ធិរបស់លោក ឬជារបស់រដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញ វិទ្យាស្ថាននេះ គឺជាសម្បត្តិមនុស្សជាតិនៅទូទាំងប្រទេសកម្ពុជា ជាពិសេស មុននឹងបង្កើតគំនិតផ្ដួចផ្ដើមឲ្យមានវិទ្យាស្ថានស្លឹករឹត នេះ គឺមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្នុងចំណោមជាង ៣ពាន់ភូមិ ដែលគាំទ្រឲ្យមានវិទ្យាស្ថាននេះលេចជារូបរាងឡើង។ លោកបន្តថា «មិនមែនជារឿងដីធ្លី។ ប៉ុន្តែជារឿងដែលយើងបង្កើតវិទ្យាស្ថានមួយសម្រាប់ជាតិ។ ធ្វើនេះមិនមែនជាការដោះដូរទេ។ ដីនៅតែជារបស់រដ្ឋ»។
ទាក់ទិនការដោះដូរគោលនយោបាយនេះ គឺជាបន្ទុករបស់រដ្ឋាភិបាល។ ដោយឡែកវិទ្យាស្ថានស្លឹករឹត មានភារៈក្នុងការសាងសង់អគារ និងរកថវិកាប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោក ឆាំង យុ និយាយថា ហេតុផលដែលវិទ្យាស្ថានស្លឹករឹត គ្រោងនឹងបង្កើតនៅចំណុចវិទ្យាល័យបឹងត្របែក គឺដោយសារទីតាំងនេះជាអតីតការិយាល័យមន្ទីរស២១ នៃរបបខ្មែរក្រហមផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។