គ្រួសារ​ទាហាន​ខ្មែរ​នៅ​ព្រំដែន​ខេត្ត​ពោធិ៍សាត់​ថា​ទាហាន​ថៃ​ហាម​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​ធ្លាប់​ដាំ

0:00 / 0:00

គ្រួសារ​នាយ​ទាហាន​ឈរ​ជើង​នៅ​ព្រំដែន​ខ្មែរ​ថៃ ត្រង់​ច្រក​ច​១ នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាង​ថា ទាហាន​ថៃ បាន​ចូល​មក​បាញ់​ថ្នាំ​ក្រហម និង​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​នៅ​ចំណុច​ច​១ ដែល​ខ្លួន​ធ្លាប់​ធ្វើ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ពួក​គាត់​យល់​ថា ចេតនា​បំពារបំពាន​របស់​ភាគី​ថៃ នេះ គឺ​អាច​បណ្ដាល​មក​ពី​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​លេខ​១៤៥ ឈ្មោះ សួន សារ៉ុម ប្រកាស​ដល់​ក្រុម​គ្រួសារ​នាយ​ទាហាន​ខ្មែរ​ទាំងអស់ ឲ្យ​បញ្ឈប់​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ទីតាំង​នោះ​ទៀត ដោយ​បញ្ជាក់​ថា គឺ​ជា​ទឹក​ដី​របស់​ថៃ។

ពលរដ្ឋ​រស់នៅ​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ថា អ្នក​ភូមិ​រស់នៅ​ចំណុច​ច​១ ប្រមាណ​ជា ៣០​គ្រួសារ កំពុង​តែ​រស់នៅ​ក្រោម​ការ​គាប​សង្កត់ និង​ហាម​ឃាត់​មិន​ឲ្យ​បង្កបង្កើនផល​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព និង​ទាហាន​ថៃ។

ភរិយា​នាយ​ទាហាន​ប្រចាំ​ការ​ព្រំដែន​ច្រក​ច​១ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន ក្រុម​ទាហាន​ថៃ បាន​លួច​យក​ថ្នាំ​គីមី​មក​ចាក់​លើ​ដើម​កៅស៊ូ​ពលរដ្ឋ​ជាច្រើន​ដើម បណ្ដាល​ឲ្យ​ងាប់ និង​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ក្រុម​នេះ​បាន​ចូល​មក​ថត​សកម្មភាព​អ្នកស្រី​កំពុង​ឆ្ការ​ព្រៃ​របោះ​ទៀត។

អ្នកស្រី​បន្ត​ថា លោក សួន សារ៉ុម បាន​ព្រមាន​ប្រជាពលរដ្ឋ​ថា ប្រសិន​បើ​ហ៊ាន​តវ៉ា ឬ​នៅ​តែ​ចចេស​ដាំ​ដុះ​ទៀត​នោះ គឺ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា និង​ផ្ដិត​មេដៃ​បញ្ឈប់​សកម្មភាព​ដាំ​ដុះ​នៅ​លើ​ដី​ដែល​លោក​ចាត់​ទុក​ថា​ជា​ដី​របស់​ថៃ នោះ ប៉ុន្តែ​ដី​នេះ​ត្រូវ​បាន​មេ​ទាហាន​មុន​ចែក​ជូន​ក្រុម​គ្រួសារ​នាយ​ទាហាន​រួច​អស់​ហើយ៖ «ប៉ែន ប៉ាន់ គាត់​ធ្វើ​មេ​ដី​អស់​ហ្នឹង គាត់​មើល​គាត់​គ្រប់គ្រង គាត់​ចែក​កងទ័ព​ក៏​មិន​ដែល​នរណា​មក​ហាម​ឃាត់ ហើយ​សូម្បី​តែ​ថៃ ក៏​គេ​មិន​ដែល​ដើរ​បាញ់​ថ្នាំ​បាញ់​អី​អ៊ីចឹង​ដែរ។ ខ្ញុំ​ធ្វើ​ធ្លាយ​ដល់​អូរ​ឯណោះ។ ដាំ​ស្រូវ​ដាំ​អី​មិន​ដែល​ឃើញ​មាន​ថៃ ណា​មក​ទេ ឥឡូវ​វា​ឡើង​មក​ដល់​ក្រោយ​ផ្ទះ​ខ្ញុំ​ហើយ ប្រហែល ៣០​ម៉ែត្រ​ចុះ​ពី​ផ្ទះ​ខ្ញុំ​ទៅ​ហ្នឹង។ នៅ​ខាង​ចំណុច​ដី​ខ្មែរ​គេ​បាន​មក​រុករាន​ទន្ទ្រាន គេ​មក​ព្រមាន​យើង​ព្រមាន​ប្រជាជន​មិន​ឲ្យ​យើង​ទៅ​កាប់​ទៅ​ឆ្ការ មិន​ឲ្យ​ដាំ​បន្ត​ទៅ​ទៀត»

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១៤ លោក សួន សារ៉ុម នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ឧសភា។ លោក​ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា សម្រាប់​លោក​ផ្ទាល់​មិន​ដែល​ទៅ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​កៅស៊ូ ឬ​ព្រមាន​ឲ្យ​ធ្វើ​កិច្ច​សន្យា​អ្វី​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​កង​ទាហាន​ថៃ ចូល​មក​ហាម​ឃាត់​ពិត​មែន ពីព្រោះ​ដំណាំ​កៅស៊ូ​របស់​ពលរដ្ឋ ដាំ​ចូល​ក្នុង​តំបន់​មិន​ច្បាស់​លាស់ ដែល​គេ​ទុក​ជា​តំបន់​ស មាន​ចម្ងាយ​ពី​ព្រំដែន ៥០០​ម៉ែត្រ។

ចំណែក​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ទើប​តែ​ត្រឡប់​មក​ពី​ប្រជុំ​នៅ​ប្រទេស​វៀតណាម។ ដូច្នេះ ការងារ​នេះ​លោក​មិន​បាន​ដឹង​នោះ​ទេ ប៉ុន្តែ​លោក​ថា​ការ​បាញ់​ថ្នាំ ឬ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​បង្កបង្កើនផល​អ្វី​នោះ គឺ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែន​ដី និង​ប៉ុស្តិ៍​ប៉ូលិស ឈរ​ជើង​នៅ​តំបន់​ទាំង​នោះ៖ «ខ្ញុំ​ទើប​មក​ពី​ប្រជុំ​នៅ​វៀតណាម ទេ ខ្ញុំ​បាទ​ទើប​ចុះ​ពី​កប៉ាល់​ហោះ (យន្តហោះ) មិន​ទាន់​ដឹង​ផង។ ការ​ដែល​ហាម​ឃាត់ ឬ​អី មាន​តែ​អាជ្ញាធរ មិន​មែន​មក​នៅ​ខាង​គណៈកម្មការ​ព្រំដែន​ត្រូវ​ដោះស្រាយ​ទេ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ មាន​ប្រសាសន៍​ទីតាំង​ដែល​ពលរដ្ឋ​រស់នៅ និង​បង្កបង្កើនផល​នោះ គឺ​ជា​តំបន់​ស​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ លោក​បន្ត​ថា អ្នក​រស់នៅ​លើ​ដី​តំបន់​នោះ គឺ​គ្មាន​គ្រួសារ​ណា​មួយ​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ​ទេ៖ «អ៊ីចេះ​នែក​កន្លែង​ច​១​ហ្នឹង វា​មាន​តំបន់ ៥០០​ម៉ែត្រ​ពី​ព្រំដែន​នោះ​ណា តំបន់​ស នៅ​ក្នុង​អន្តរ​ក្រសួង ឯកឧត្ដម វ៉ា គឹមហុង និយាយ​រួម គឺ​មិន​អនុញ្ញាត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​អ្នក​ណា​ទាំងអស់»

លោក​បញ្ជាក់​ថា បញ្ហា​នេះ គឺ​ទាក់ទង​នឹង​មន្ត្រី​ព្រំដែន និង​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​នោះ ប៉ុន្តែ​ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​នោះ​អាច​បង្កបង្កើនផល​តាម​ធម្មតា ប៉ុន្តែ​មិន​អាច​កាប់​រាន​ដី​ថ្មី​បាន​នោះ​ទេ។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឯកភាព ភូមិ​សង្គមថ្មី និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា មួយ​ចំនួន កំពុង​តែ​មាន​បញ្ហា​ដីធ្លី​យ៉ាង​ចម្រូងចម្រាស​ជាមួយ​ដី​របស់​ក្រុមហ៊ុន អិម.ឌី.អែស ដី​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស និង​ដី​តំបន់​ស នៃ​ព្រំដែន​ខ្មែរ​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។