ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី២៣ កក្កដា នាំគ្នាទៅរារាំងសមត្ថកិច្ច និងប្រជាពលរដ្ឋថៃ ដែលយកត្រាក់ទ័រចូលទៅភ្ជួរដីធ្វើស្រែក្នុងទឹកដីខ្មែរ នៅក្បែរបង្គោលឡាក់លេខ៤៣ នៅជាយដែនខេត្តបន្ទាយមានជ័យ។
ពលរដ្ឋទាំងនោះអះអាងថា មានសមត្ថកិច្ចខ្មែរប្រចាំការនៅតំបន់នោះដែរ ប៉ុន្តែសមត្ថកិច្ចពុំបានចេញមុខទៅបញ្ឈប់សកម្មភាពរបស់ជនជាតិថៃ ទាំងនោះឡើយ។
ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ កំពុងព្រួយបារម្ភខ្លាចបាត់បង់ទឹកដីនៅតំបន់បង្គោលឡាក់លេខ៤៣ នោះទៅជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋថៃ ពីព្រោះថា ជនជាតិថៃ បាននាំគ្នាចូលមកធ្វើស្រែក្នុងទឹកដីខ្មែរជាបន្តបន្ទាប់ ដោយពុំមានការហាមឃាត់ពីសំណាក់សមត្ថកិច្ចខ្មែរនោះទេ។
ក្រុមប្រជាពលរដ្ឋនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី២៣ កក្កដា ថា ប៉ូលិសការពារព្រំដែនថៃ ចំនួន ៥នាក់ ស្លៀកពាក់ឯកសណ្ឋាន ប៉ុន្តែពុំមានអាវុធជាប់នឹងខ្លួននោះទេ បានចូលក្នុងទឹកដីខ្មែរការពារប្រជាពលរដ្ឋថៃ ឲ្យភ្ជួរដីធ្វើស្រែនៅតំបន់បង្គោលឡាក់លេខ៤៣ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ អ្នកភូមិអះអាងទៀតថា ប្រជាពលរដ្ឋថៃ ប្រមាណ ៨នាក់ប្រដាប់ដោយឧបករណ៍ភ្ជួរដី មានត្រាក់ទ័រចំនួន ៣គ្រឿង និងគោយន្តមួយគ្រឿង ធ្វើសកម្មភាពភ្ជួរដីអស់ប្រមាណ ១ហិកតារក្នុងរយៈពេលប្រមាណជាងកន្លះម៉ោង ក៏វិញត្រឡប់ទៅប្រទេសថៃ វិញ។ អ្នកភូមិបញ្ជាក់ថា ពលរដ្ឋថៃ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនេះ ដោយសារពលរដ្ឋខ្មែរនាំគ្នាទៅរារាំងបញ្ឈប់សកម្មភាពរបស់ពលរដ្ឋថៃ ទាំងនោះ៖ «ចា៎! វាមកព្រោះស្រូវ ហើយគេភ្ជួរលុបតែម្ដងទៅ ដល់ពេលយើងនាំគ្នាទៅឃាត់ គេបម្រុងបើកត្រាក់ទ័របុកយើងទៀត។ ដោយឡែកជនជាតិថៃ ម្នាក់ទៀត គេនិយាយគំរាមទៅយកបាញ់ពួកយើងខ្ញុំនៅទីនោះ មិនឲ្យពួកខ្ញុំរារាំងសកម្មភាពរបស់គេឡើយ»។
ប្រជាពលរដ្ឋបន្តថា មានសមត្ថកិច្ចខ្មែរប្រចាំការនៅតំបន់នោះដែរ ប៉ុន្តែពុំមានសមត្ថកិច្ចណាម្នាក់ចេញមុខទៅរារាំងពលរដ្ឋថៃ ចូលមកធ្វើស្រែក្នុងទឹកដីខ្មែរនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកអូរជ្រៅ លោក សាន ស៊ានហូ មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងជុំវិញសមត្ថកិច្ច និងប្រជាពលរដ្ឋថៃ ចូលមកភ្ជួរដីធ្វើស្រែនោះនៅឡើយទេ។ ទោះយ៉ាងនេះក្ដី លោកអះអាងថា កាលពីចុងខែមិថុនា កន្លងទៅ អាជ្ញាធរស្រុកអូរជ្រៅ បានប្រជុំពិភាក្សានៅក្នុងទឹកដីថៃ ជាមួយអាជ្ញាធរស្រុកគោកធ្យូង របស់ថៃ បានឯកភាពគ្នាឲ្យបញ្ឈប់ប្រជាពលរដ្ឋប្រទេសទាំងពីរធ្វើស្រែនៅតំបន់ដីជម្លោះនោះបណ្ដោះអាសន្នរួចមកហើយ។ លោកបន្ថែមថា នឹងនាំរឿងនេះទៅជម្រាបលោកអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សាដោះស្រាយជាមួយអាជ្ញាធរខេត្តស្រះកែវ របស់ថៃ បន្តទៀត៖ «អាជ្ញាធរថៃ គេទទួលស្គាល់ថា ដីនៅតំបន់ជម្លោះនោះជាដីរបស់ខ្មែរ ប៉ុន្តែដោយសារប្រជាពលរដ្ឋថៃ គេចូលមកធ្វើស្រែជាយូរឆ្នាំមកហើយ។ ប៉ុន្តែយើងបានប្រាប់ទៅអាជ្ញាធរថៃ ថា ដីនៅតំបន់នោះវាក្លាយជាតំបន់អភិវឌ្ឍន៍ក្នុងពេលឆាប់ៗ ដែលក្រុមហ៊ុន សំ ផាន់ណារិទ្ធ ទទួលបានសិទ្ធិធ្វើការអភិវឌ្ឍនោះ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែក្នុងទឹកដីខ្មែរនេះជាករណីកើតឡើងដដែលៗ ហើយវាកាន់តែរីកធំឡើងជាបន្តបន្ទាប់។ លោកបញ្ជាក់ថា បញ្ហានេះប្រសិនបើសមត្ថកិច្ចប្រទេសទាំងពីរ គឺកម្ពុជា-ថៃ មិនប្រញាប់ដោះស្រាយទាន់ពេលទេ នោះវាអាចបង្កឲ្យកើតទៅជាជម្លោះកាន់តែធំរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលរស់នៅតំបន់នោះនៅពេលណាមួយជាពុំខាន៖ «ដោយហេតុថា ការដោះស្រាយកន្លងទៅបានត្រឹមតែការដោះស្រាយរវាងអាជ្ញាធរមូលដ្ឋានប្រទេសទាំងពីរនៅឡើយទេ។ ចំណែកឯការដោះស្រាយថ្នាក់ជាតិរវាងប្រទេសទាំងពីរ ពុំទាន់មាននៅឡើយ»។
សព្វថ្ងៃ ផ្ទៃដីដែលប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែក្នុងទឹកដីខ្មែរនៅតំបន់បង្គោលឡាក់លេខ៤៣ នោះ អស់ប្រមាណ ៥០ហិកតារ ដែលកន្លែងខ្លះចម្ងាយប្រមាណពី ៣០០ម៉ែត្រ ទៅ ១ពាន់ម៉ែត្រពីបង្គោលឡាក់ព្រំដែនខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
