បញ្ហា​ប្រឈម​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​សមូហភាព​យឺតយ៉ាវ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចេញ​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​ដល់​សហគមន៍​របស់​គេ ដើម្បី​ធានា​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច ចំពោះ​អចលនទ្រព្យ​ដែល​ត្រូវ​ការ​ចាំបាច់ ដីធ្លី​សម្រាប់​រក្សា​ប្រពៃណី ទំនៀមទម្លាប់ ភាសា សិល្បៈ ការ​បន់​ស្រន់​ជា​ទម្លាប់​ទាក់ទិន​នឹង​ធម្មជាតិ សម្លៀកបំពាក់ ទស្សនវិជ្ជា គុណ​តម្លៃ ជាដើម។

ការ​ទាមទារ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជនជាតិ​ដើម​បាន​រស់​នៅ​រាយប៉ាយ​ក្នុង​ខេត្ត​ចំនួន​១៥ នៅ​ប្រទេស​កម្ពុជា មិន​ទាន់​បាន​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​នៅ​ឡើយ ខណៈ​ដី​អាស្រ័យ​ផល​វិល​ជុំ​របស់​គេ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច ទន្ទ្រាន​យក​ដី និង​កាប់​បំផ្លាញ​ព្រៃ​ឈើ។

មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា ចំនួន ៣​ក្រសួង ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ដីធ្លី អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច និង​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ១០០​នាក់ បាន​ប្រជុំ​គ្នា ២​ថ្ងៃ ចែក​រំលែក​បញ្ហា​ប្រឈម​នៃ​ការ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ និង​បញ្ហា​ដី​ដែល​មាន​កម្មសិទ្ធិ​ហើយ ត្រូវ​បាន​គេ​រំលោភ​យក។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខេត្ត​មណ្ឌលគិរី លោក ខ្វើក ត្រែត បង្ហាញ​ថា សហគមន៍​អូរណា ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា បាន​ទទួល​កម្មសិទ្ធិ​ដី​សមូហភាព​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​មាន​ក្រសួង​៣​បាន​ជួយ​គាំទ្រ គឺ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។ លោក​បន្ត​ថា ក្រោយ​បាន​ប្លង់​ដី បែរ​ជា​មាន​អ្នក​ចូល​ទន្ទ្រាន​ដី និង​ចូល​កាប់​ដើម​ឈើ​ក្នុង​ព្រៃ​សហគមន៍​កំពុង​គ្រប់គ្រង ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ និង​ដី ដោយសារ​តែ​សហគមន៍​ខ្វះ​កម្លាំង និង​មិន​ចេះ​ច្បាប់​ការពារ​ដី​ដែល​មាន​កម្មសិទ្ធិ​នោះ៖ «ជាក់ស្តែង​នៅ​ក្នុង​ហ្នឹង ដី​របស់​ខ្ញុំ​ជាង ១.៥០០​ហិកតារ នៅ​សល់​តែ ៦០០​ហិកតារ។ ជាក់ស្តែង ការ​ឆ្លៀត​ឱកាស​ពី​អ្នក​ខាង​ក្រៅ យើង​ពិបាក​ទប់ទល់​ណាស់»

ការ​ពិភាក្សា​នោះ​ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌលគិរី លោក អ៊ុង ឃន ពន្យល់​ថា តាម​ការ​ចុះ​សម្រប​សម្រួល និង​សាកសួរ​ជនជាតិ​ភាគ​តិច​ក្នុង​សហគមន៍​អូរណា អាជ្ញាធរ​មិន​អាច​សម្រប​សម្រួល​បាន ព្រោះ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​យឺត​ពេក។ មូលហេតុ​នេះ ផ្ទៃ​ដី​សហគមន៍​អូរណា ចេះ​តែ​ត្រូវ​គេ​រំលោភ​យក​ដី​ពី ១.៥០០​ហិកតារ ដែល​បាន​ស្នើសុំ រួញ​មក​នៅ ៦០០​ហិកតារ ដោយសារ​តែ​សមាជិក​សហគមន៍​អូរណា បាន​លក់​ដី​ខ្លួន​ក្នុង​ប្លង់​កំពុង​ស្នើសុំ ទើប​អ្នក​ទិញ​ដី​គេ​ចូល​មក​កាន់​កាប់។ បញ្ហា​នេះ​ដែល​អាជ្ញាធរ​ខេត្ត មិន​អាច​សម្រប​សម្រួល​បាន៖ «យើង​មើល​ឃើញ​ទាំងអស់​គ្នា យើង​ថា​ត្រូវ ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​ថា បែរ​មក​វិញ​តែ​រឿង​បញ្ហា​នៅ​អូរណា និង​អូរអាម»

រួម​ចំណែក​បំភ្លឺ​អំពី​សិទ្ធិ​ជា​ម្ចាស់​ដី​កម្មសិទ្ធិ​សមូហភាព​អូរណា មេធាវី សេង សុភណ្ឌ បាន​ពន្យល់​អំពី​លក្ខខណ្ឌ​ច្បាប់​ដែល​សហគមន៍​អូរណា ត្រូវ​តែ​យក​មក​វិញ​ឲ្យ​បាន ហើយ​នៅ​តែ​អាច​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​របស់​ខ្លួន​ដដែល។ លោក​ថា អ្នក​ដែល​បំពាន​ដី​សហគមន៍​អូរណា មិន​ថា​អ្នក​ខាង​ក្រៅ ឬ​អ្នក​ខាង​ក្នុង​រំលោភ​យក​ទេ គឺ​អ្នក​បាន​រំលោភ ត្រូវ​តែ​មាន​ទោស​ព្រហ្មទណ្ឌ។

«សំឡេង»

របាយការណ៍​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ឲ្យ​ដឹង​ថា សហគមន៍​ចំនួន​៨ បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​ហើយ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ២៤​ក្រុម ប្រមាណ​ជា ១,៤% នៃ​ប្រជាជន​កម្ពុជា សរុប។ ពួក​គេ​បាន​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​១៥។ លោក​បន្ត​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​ទំនាក់​ទំនង​ជាមួយ​ដែន​ដី​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ចិញ្ចឹម​ជីវិត និង​សេចក្តី​ថ្លៃថ្នូរ​ខាង​វប្បធម៌​របស់​ពួក​គេ។ ទំនាក់​ទំនង​របស់​ជនជាតិ​ដើម​ភាគ​តិច​ចំពោះ​ដី មិន​មែន​គ្រាន់​តែ​ជា​រឿង​ភោគៈ និង​ផលិតកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​សម្ភារៈ និង​ស្មារតី ដែល​ពួក​គេ​ត្រូវ​តែ​ទទួល​បាន​យ៉ាង​ពេញ​លេញ ដើម្បី​រក្សា​កេរ​ដំណែល​វប្បធម៌ និង​ផ្ទេរ​បន្ត​ទៅ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ។ លោក​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​កង្វល់​ដោយសារ​តែ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ច្រើន​ទៀត មិន​ទាន់​បាន​ចាប់​ផ្ដើម​នីតិវិធី​ចុះ​បញ្ជី​ដី​សហគមន៍​នៅ​ឡើយ។ ជា​ផល​វិបាក ពួក​គេ​មិន​អាច​ទទួល​បាន​កិច្ច​ការពារ​ពី​សេចក្តី​ណែនាំ​របស់​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ដីធ្លី ពី​ការ​វាស់​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច​ទេ។ កត្តា​ទាំង​នេះ កំពុង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​ការ​អភិវឌ្ឍ​ប្រពៃណី​ពុទ្ធិ និង​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគ​តិច ដែល​នាំ​ឲ្យ​ពួក​គេ​បាត់​បង់​ប្រព័ន្ធ​ប្រពៃណី ដី​បញ្ចុះ​សព និង​ព្រៃ​អ្នក​តា ហើយ​មុខ​របរ​ប្រពៃណី​របស់​ពួក​គេ​កំពុង​រិចរិល អាច​ជា​ការ​គំរាម​ដ៏​ធំ​ចំពោះ​សន្តិសុខ​ស្បៀង​របស់​ពួក​គេ។

លោកស្រី យន់ ម៉ាណេ ជនជាតិ​ព្នង មក​ពី​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ច្រើន​សហគមន៍ និង​នៅ​ខេត្ត​ផ្សេង​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​ដី​សមូហភាព​មក​ពី​បញ្ហា​ប្រឈម​ជាច្រើន ដែល​មិន​អាច​ឲ្យ​ការ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព​បាន​លឿន ដូចជា​ការ​ចងក្រង​គ្នា​បង្កើត​ជា​សហគមន៍ ដោយ​រក្សា​អត្តសញ្ញាណ ប្រពៃណី វប្បធម៌ ការ​ធ្វើ​លក្ខន្តិកៈ​ផ្ទៃ​ក្នុង។ល។ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ដាក់​លិខិត​ស្នើសុំ​កម្មសិទ្ធិ​ដី​សមូហភាព ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។

«សំឡេង»

តំណាង​ជនជាតិ​សួយ ភូមិ​កោដូនតី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កញ្ញា វ៉ែន សាមីន បង្ហាញ​ថា ការ​រៀប​ចំ​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព គឺ​មុន​ដំបូង​ត្រូវ​បង្កើត​សហគមន៍ ហើយ​សហគមន៍​ជនជាតិ​សួយ បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០០៩ មក។ ប៉ុន្តែ សហគមន៍​នោះ​នៅ​ឆ្នាំ​២០១២ ទើប​រដ្ឋាភិបាល​ទទួល​ស្គាល់ បាន​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល​ច្រើន​ទៀត អាជ្ញាធរ​មូលដ្ឋាន​ចាប់​ពី​ថ្នាក់​ក្រោម​ជាតិ ទៅ​ថ្នាក់​ជាតិ រៀប​ឯកសារ​សុំ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទទួល​ស្គាល់​សហគមន៍ និង​បាន​ចុះ​បញ្ជី​សហគមន៍​នៅ​ក្រសួង​មហាផ្ទៃ ទើប​រៀប​ចំ​ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​ដី​សមូហភាព។ កញ្ញា​បន្ត​ថា ដោយសារ​តែ​ក្នុង​សមាជិក​សហគមន៍ មាន​ខ្លះ​ចង់​បាន​ដី​ជា​ឯកជន ខ្លះ​ចង់​បាន​ដី​ជា​សមូហភាព ក៏​មាន​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​សហគមន៍ ដោយសារ​តែ​មិន​ទាន់​យល់​ច្បាស់​ពី​ច្បាប់ ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគ​តិច។

«សំឡេង»

ប្រធាន​គណៈកម្មាធិការ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន មក​ពី​ភូមិ​សាមុត្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ទូយ ញ៉ែប ថ្លែង​ថា ដើម្បី​ឲ្យ​សមាជិក​សហគមន៍​មិន​អាច​យក​ដី​សមូហភាព​ទៅ​ជា​ដី​ឯកជន​បាន គាត់​បាន​បង្កើត​លក្ខន្តិកៈ​រៀប​ចំ​បទបញ្ជា​ផ្ទៃ​ក្នុង គូស​ផែនទី​ដី​កំណត់​ព្រំ​ដី​ដោយ​ដៃ ប្រជុំ​អ្នក​ភូមិ​ជិត​ខាង ដើម្បី​កំណត់​ព្រំ​ដី​សហគមន៍ ហើយ​ចុច ជី.ភី.អែស (GPS) ដើម្បី​ធ្វើ​ផែនទី​បណ្ដោះ​អាសន្ន ទើប​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​នៅ​ភូមិបាល​ស្រុក។

«សំឡេង»

សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​ថ្នាក់​ជាតិ​ស្ដីពី​ការ​កំណត់​អត្តសញ្ញាណ​នីតិបុគ្គល និង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ និង ៣០ ខែ​មេសា ដើម្បី​ស្វែង​រក​អនុសាសន៍​ពី​អង្គ​ប្រជុំ ដែល​ផ្តល់​យោបល់​ដោយ​ជនជាតិ​ដើម​ភាគ​តិច អង្គការ​ធ្វើ​ការ​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច ក្រសួង​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​អាជ្ញាធរ​ដែល​មាន​ជនជាតិ​ដើម​រស់​នៅ ដើម្បី​ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​ដល់​ជនជាតិ​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។