ពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តបាត់ដំបង ខេត្តកំពត និងនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ សីហា ដាក់ញត្តិតវ៉ាទៅស្ថាប័នផ្សេងគ្នា ក្នុងនោះមានទាំងទៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីជំរុញដំណោះស្រាយបញ្ហាដីធ្លីពួកគាត់ឲ្យបានឆាប់។ ក្រុមពលរដ្ឋមានបញ្ហាដីធ្លីខ្លះបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ព្រមចេញមុខអន្តរាគមន៍ ហើយមិនបណ្ដោយឲ្យមន្ត្រីថ្នាក់ខេត្តដោះស្រាយជំនួសនោះ គឺបញ្ហាដីធ្លីរបស់ពួកគាត់នឹងដោះស្រាយចេញជាមិនខាន។
ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលចោទទាហានផ្កាយមួយម្នាក់ប្លន់ដីពួកគាត់ បានអះអាងថា ញត្តិដែលដាក់កន្លងទៅនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងដែនដី ហើយបញ្ជូនបន្តទៅមន្ត្រីខេត្តដោះស្រាយជំនួសនោះ មិនដែលមានប្រសិទ្ធភាពឡើយ និងដំណាក់កាលនេះមានតែលោក ហ៊ុន សែន ប៉ុណ្ណោះដែលអាចអន្តរាគមន៍ផ្ដល់យុត្តិធម៌ឲ្យពួកគាត់ ដែលជាពលរដ្ឋស្លូតត្រង់បាន។
ភរិយាយោធិនពិការ លោកស្រី សោម ចំរើន បានរៀបរាប់នៅពេលយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ថា ដីធ្លីរបស់ប្រជាពលរដ្ឋទីទ័លក្រ និងជនពិការចំនួនជាង ៥០គ្រួសារដែលត្រូវទាហានផ្កាយមួយឈ្មោះ ភ្លន់ សុផល្លា ប្រើកងទាហានរឹបអូសយកទាំងអយុត្តិធម៌នោះ នឹងត្រូវដោះស្រាយចេញដោយភាពយុត្តិធម៌ ប្រសិនបើលោក ហ៊ុន សែន ស្ម័គ្រចិត្តចេញមុខ៖ « ខាងស្រុកបវេល និងស្រុកបាណន់ ចុះទៅវាស់វែងឲ្យប្រជាពលរដ្ឋ ហើយគាត់សុំឲ្យទាហានវាស់លើដីប្រជាពលរដ្ឋ លោក មិល សុផល ( អភិបាលរងស្រុកបាណន់ ) គាត់និយាយអ៊ីចឹង ហើយខ្ញុំថាម៉េចក៏អ៊ីចឹង វាស់ឲ្យពួកខ្ញុំហើយ ទៅវាស់ឲ្យទាហានទៀត វាជាន់លើដីខ្ញុំ ប៉ុន្តែគាត់ថាអ៊ីចឹងបានរៀបរយកើត »។
លោកស្រីបន្ថែមថា ការបញ្ជូនញត្តិរបស់ពួកគាត់ពីខុទ្ទកាល័យលោក ហ៊ុន សែន និងក្រសួងដែនដី ជាបន្តបន្ទាប់ទៅឲ្យមន្ត្រីខេត្តបាត់ដំបង ដោះស្រាយនោះ គឺមិនទទួលបានលទ្ធផលអ្វីឡើយ ដោយសារមន្ត្រីខេត្តខ្លះបានឈរនៅខាងភាគីទាហានផ្កាយមួយឈ្មោះ ភ្លន់ សុផល្លា។
អ្នកភូមិអះអាងថា កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០១៧ ដីស្រែចម្ការរបស់ប្រជាពលរដ្ឋចំនួន ១៥២ហិកតារ ស្ថិតនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្ថិតនៅចន្លោះស្រុកបវេល និងស្រុកបាណន់ ត្រូវបានលោក ភ្លន់ សុផល្លា ប្រើទាហានមួយក្រុមចំនួន ២០នាក់ បោះជំរំរំលោភយក និងប្រើគ្រឿងចក្រឈូសឆាយលើដីដែលពួកគាត់កាន់កាប់ និងដាំដំណាំផ្សេងៗតាំងពីឆ្នាំ២០០០ មក បន្ទាប់ពីប្រធានសមាគមយោធាពិការ ស្រីមេម៉ាយ និងកុមារកំព្រាប្រចាំខេត្តបាត់ដំបង លោក ព្រំ កើត បានបែងចែកឲ្យពួកគាត់។
ពលរដ្ឋក៏បញ្ជាក់ថា តាមពិតចំណែកដីរបស់ទាហាន គឺស្ថិតនៅតំបន់ផ្សេងឯណោះទេ ប៉ុន្តែបែរជាមកដឹកនាំកងកម្លាំងមកអះអាងថា ដីចំនួន ១៥២ហិកតាររបស់ពួកគាត់ គឺជាដីរបស់ទាហានទៅវិញ ស្របពេលក្រុមនិស្សិតលោក ហ៊ុន សែន បានចុះវាស់ធ្វើប្លង់លើដីនោះ។ បន្ថែមពីនេះ មន្ត្រីខេត្តក៏ធ្លាប់ទទួលស្គាល់ដែរថា ដីកំពុងមានជម្លោះទាំង ១៥២ហិកតារនេះ គឺជាដីរបស់ពលរដ្ឋ ប៉ុន្តែក្រោយមក ទាំងអភិបាលរងខេត្ត លោក ងួន រតនៈ និងអភិបាលរងស្រុកបាណន់ លោក មិល សុផល បែរជាទៅកាន់ជើងទាហានឈ្មោះ ភ្លន់ សុផល្លា វិញ។
អំឡុងពេលការដាក់ញត្តិសុំឲ្យលោក ហ៊ុន សែន ចេញអន្តរាគមន៍ផ្ទាល់នេះ លោកស្រី សោម ចំរើន អះអាងថា អភិបាលរងស្រុកបាណន់ លោក មិល សុផល បានទូរស័ព្ទហៅក្រុមលោកស្រីត្រឡប់ទៅខេត្តបាត់ដំបង វិញ ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះនៅសាលាខេត្តនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ រីឯមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ក៏បានសន្យាថា បើការដោះស្រាយនៅថ្នាក់ខេត្តនោះមិនជោគជ័យ គឺស្នើពួកគាត់ឡើងមកដាក់សុំកិច្ចអន្តរាគមន៍ជាថ្មីទៀត។
ស្របគ្នានេះ ប្រជាពលរដ្ឋជាង ២០នាក់មកពីខេត្តកំពត ក៏បានលើកគ្នាទៅតវ៉ានៅខាងមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ម្ដងទៀតដែរ ដើម្បីរង់ចាំការឆ្លើយតបពីលោករដ្ឋមន្ត្រី ជា សុផារ៉ា ចេញសេចក្ដីសម្រេចបង្គាប់ឲ្យក្រុមហ៊ុនដែលប្រើកងកម្លាំងប្រដាប់អាវុធទៅឈូសឆាយដុតបំផ្លាញផ្ទះសម្បែង ផលដំណាំ ដីស្រែចម្ការ ដីលំនៅឋាន ហើយទុកដីទំនេរចោល ត្រូវផ្ដល់ដីនោះឲ្យពលរដ្ឋបានតាំងទីជ្រកកោនឡើងវិញ។
ពលរដ្ឋម្នាក់ឈ្មោះ បូ សារឹម ថ្លែងអំឡុងពេលស្រែកតវ៉ាថា ពលរដ្ឋមិនត្រឡប់ទៅស្រុកកំណើតវិញឡើយ ដរាបណាលោក ហ៊ុន សែន និងលោក ជា សុផារ៉ា មិនបានចេញសម្រេចឲ្យមានការផ្ដល់ដីឲ្យពលរដ្ឋវិញទេនោះ៖ « អត់ទៅវិញ ព្រោះមិនដឹងទៅណា ព្រោះដីធ្លីផ្ទះសម្បែងត្រូវបានគេរុះរើអស់ហើយ »។
នៅក្នុងញត្តិដែលពលរដ្ឋបានដាក់នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ បង្ហាញថា អ្នកភូមិចំនួន ៣០៨គ្រួសារមកពីឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ហ្វើស បាយអូថិច អាគ្រីខាល់ឈើរ៉ល កម្ពុជា (First Bio-Tech Agricultural (Cambodia) Co., Ltd) របស់អ្នកស្រី ចាន់ សុធា។ ពលរដ្ឋថាក្រុមហ៊ុនមិនបានអភិវឌ្ឍដំណាំលើដីពិតប្រាកដទេ និងមានតែធ្វើឲ្យពួកគាត់ត្រូវរងទុក្ខបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត។ រីឯនៅខាងមុខសាលារាជធានីភ្នំពេញ ពលរដ្ឋមកពីសហគមន៍បឹងឈូកអេ (A) ជាង ៣០នាក់ ក៏បានលើកគ្នាទៅស្នើសុំឲ្យសាលាក្រុង ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី បន្ទាប់ពីអាជ្ញាធរចម្រុះបានចុះវាស់វែងរួចរាល់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីយកដីនោះធ្វើការអភិវឌ្ឍនៅនឹងកន្លែង។
តំណាងពលរដ្ឋសហគមន៍បឹងឈូកអេ លោក សេង ស្នា បានថ្លែងថា នៅពេលបានជួបពិភាក្សាជាមួយមន្ត្រីសាលាក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២៤ សីហា គឺខាងសាលាក្រុងបានបង្ហាញឯកសារដែលជាគោលការណ៍រៀបចំបែងចែកជាដីឡូត៍រួចរាល់ហើយ ដើម្បីចែកឲ្យពលរដ្ឋទាំង ១៧៥គ្រួសារនៃសហគមន៍បឹងឈូកអេ និងបឹងឈូក១ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ៖ « គាត់ ( សាលាក្រុង ) គូសផែនដីចំនួន ២៣០ឡូត៍ទុកចែកប្រជាពលរដ្ឋហើយ »។
ពលរដ្ឋបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០០៩ កងកម្លាំងដឹកនាំដោយលោកអតីតអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ធ្លាប់ចុះបណ្ដេញ និងរុះរើផ្ទះសម្បែងពលរដ្ឋ ក្រោមហេតុផលចុះរៀបចំសំណង់មិនរៀបរយ ប៉ុន្តែក្រោមមក បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ ទើបមានអាជ្ញាធរចម្រុះចុះវាស់វែងដីនៅទីនោះដើម្បីចែកដីជូនពលរដ្ឋវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
