ជនជាតិ​ដើម​ភាគតិច​ពីរ​ភូមិ​ថ្មី​ទៀត​ទទួល​បាន​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ដី​សមូហភាព​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2016.07.27
ជនជាតិ​ដើម​ភាគតិច រតនគិរី ២០១៦ ៨៥៥ ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​វិញ្ញាបនបត្រ​ដី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍​នៅ​ភូមិ​ក្រឡា ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal
RFA/Ratha Visal

ជនជាតិ​ដើម​ភាគតិច​ចំនួន​ពីរ​ភូមិ​ថ្មី​ទៀត​នៅ​ខេត្ត​រតនគិរី បាន​ទទួល​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​ដី​សមូហភាព​ផ្លូវ​ការ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ មន្ត្រី​អាជ្ញាធរ និង​តំណាង​សហគមន៍ ចាត់​ទុក​ការ​ចុះ​បញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព​នេះ នឹង​ជួយ​ការពារ​ដីធ្លី​សហគមន៍​ជៀស​ផុត​ពី​ការ​ទន្ទ្រាន​កាន់​កាប់​ពី​មជ្ឈដ្ឋាន​ក្រៅ​សហគមន៍​ត​ទៅ​ទៀត។

ដី​ជាង ៦០០​ហិកតារ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​ទំពួន ភូមិ​ល្អឺនជង ក្នុង​ឃុំ​អូរជុំ និង​ដី​ជា ១.៧០០​ហិកតារ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​ក្រឡា ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្ត​រតនគិរី ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​សមូហភាព​សហគមន៍ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ បាន​កំណត់​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ភាគតិច និង​ចុះ​បញ្ជី​ជា​សហគមន៍​នីតិបុគ្គល​ទទួល​ស្គាល់​ផ្លូវ​ការ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​មហាផ្ទៃ។

អ្នក​ភូមិ​ប្រមាណ ១០០​នាក់ រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​ក្រសួង​ពាក់ព័ន្ធ បាន​ចូលរួម​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ដីធ្លី​សហគមន៍​ទាំង​ពីរ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា នៅ​ភូមិ​ក្រឡា ឃុំ​ប៉ូយ ស្រុក​អូរជុំ។

ពិធី​សែនព្រេន​បែប​ប្រពៃណី និង​ការ​ប្រគំ​តន្ត្រី​គង រួម​ជាមួយ​របាំ​ចម្រៀង​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​សហគមន៍​រៀបចំ​ធ្វើ​ដើម្បី​អបអរ​ពិធី​ទទួល​បាន​វិញ្ញាបនបត្រ​ដី​សមូហភាព ដែល​អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​ការ​កំណត់​ផ្លូវ​ច្បាប់ ដើម្បី​អភិរក្ស​ដីធ្លី​អ្នក​ភូមិ កុំ​ឲ្យ​មាន​ការ​ទន្ទ្រាន​យក​ត​ទៅ​ទៀត។

ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ល្អឺនជង លោក លាក់ សូត បញ្ជាក់​ថា សុវត្ថិភាព​ដីធ្លី​មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ដី​កាន់​តែ​ច្រើន។ លោក​អំពាវនាវ​សមាជិក​សហគមន៍​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​ចំណែក​ការពារ​ដីធ្លី​ដែល​បាន​ចុះ​បញ្ជី​នេះ​នៅ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៖ «យើង​ការពារ​ដី​ឲ្យ​មាន​សុវត្ថិភាព កុំ​ឲ្យ​អ្នក​ជិត​ខាង​ទន្ទ្រាន​ចូល កុំ​ឲ្យ​អ្នក​ក្នុង​សហគមន៍​លក់​ឲ្យ​អ្នក​ខិលខូច។ ធានា​ការពារ​បាន​សហគមន៍​ខ្ញុំ ក្រោយ​ចុះ​បញ្ជី​ហើយ អ្នក​លក់​ត្រូវ​ផាក​ពិន័យ​ដក​ចេញ​ពី​សហគមន៍»

រីឯ​ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ក្រឡា លោក យឿន តាង កត់​សម្គាល់​ដែរ​ថា កន្លង​ទៅ សមាជិក​សហគមន៍​ខ្លះ​បាន​លក់​ដូរ​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​អស់​ស្ទើរ​គ្មាន​ដី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន ក៏​បាន​ឈូស​ឆាយ​មក​លើ​ដី​ព្រៃ​អភិរក្ស និង​ដី​ចម្ការ​វិល​ជុំ​សហគមន៍ ធ្វើ​ឲ្យ​ប៉ះពាល់​ជំនឿ​ប្រពៃណី និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច ដែល​អាស្រ័យ​ផល​លើ​ដីធ្លី​នេះ។ លោក​ថា ជម្លោះ​ដីធ្លី​នឹង​កាត់​បន្ថយ​កាន់​តែ​តិច នៅ​ពេល​ដី​សហគមន៍​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​កម្មសិទ្ធិ​សមូហភាព​កាន់​តែ​ច្រើន៖ «ពី​ដើម​មាន​បញ្ហា គេ​ចង់​លក់​ដូរ នាយ​ទុន​ចង់​យក​ដីធ្លី​ពួក​ខ្ញុំ​ហ្នឹង។ ក្រៅ​ពី​ហ្នឹង ពួក​ខ្ញុំ​ធ្វើ​សហគមន៍​តវ៉ា​ហ្នឹង មិន​ហ៊ាន​ទេ។ ចង់​បាន​កម្មសិទ្ធិ​សមូហភាព ដើម្បី​ទប់ទល់​គេ​លក់​ដូរ​គេ ម្យ៉ាង​ក្រុមហ៊ុន​គេ​ឈូស​ឆាយ»

ជនជាតិ​ដើម​ភាគតិច​សម្ដែង​របាំ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍​នៅ​ភូមិ​ក្រឡា ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal
ជនជាតិ​ដើម​ភាគតិច​សម្ដែង​របាំ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ដី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍​នៅ​ភូមិ​ក្រឡា ឃុំ​ប៉ូយ ស្រុក​អូរជុំ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Ratha Visal
RFA/Ratha Visal

នៅ​ខេត្ត​រតនគិរី មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន ៦៥​សហគមន៍​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​សហគមន៍​ចំនួន ២៥ បាន​ដាក់​ពាក្យ​ស្នើសុំ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត ដើម្បី​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន ថ្លែង​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​អនុវត្ត​សម្រេច​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ចំនួន​ពីរ​ជា​កម្មសិទ្ធិ​សមូហភាព​នៅ​ស្រុក​អូរជុំ និង​ស្រុក​កូនមុំ កាល​ពី​ឆ្នាំ​២០១១។ លោក​ថា ការងារ​ប្រឈម​សំខាន់​ដែល​ធ្វើ​ឲ្យ​ការងារ​ចុះ​បញ្ជី​ដី​នេះ​យឺតយ៉ាវ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​តំបន់​ខ្ពង់​រាប​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ចូលរួម។ ការ​វាស់វែង​កំណត់​ព្រំ​ដី​តំបន់​ខ្លះ ជាប់​ពាក់ព័ន្ធ​ក្បាល​ដី​ឯកជន ឬ​ដី​ក្រុមហ៊ុន​ដែល​មាន​ទំនាស់​ជាមួយ​ផ្ទៃដី​សហគមន៍។ លើស​ពី​នេះ​ទៀត ការ​ជួយ​អន្តរាគមន៍​ឲ្យ​សហគមន៍​យល់​ដឹង​ពី​ច្បាប់ វិធីសាស្ត្រ និង​ការ​អនុវត្ត​លក្ខន្តិកៈ​បទបញ្ជា​ផ្ទៃ​ក្នុង​សហគមន៍ រួម​ទាំង​ផែនការ​ប្រើប្រាស់​ដី សុទ្ធសឹងតែ​ត្រូវ​ការ​ពេលវេលា និង​ថវិកា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ពិសេស​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់ ដូច​ផែនការ​ថវិកា​ខេត្ត-ក្រុង​ផង​ដែរ»

រហូត​បច្ចុប្បន្ន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​រតនគិរី ចេញ​វិញ្ញាបនបត្រ​សម្គាល់​ដី​សមូហភាព​សហគមន៍​បាន ៤​សហគមន៍ កំពុង​ស្នើសុំ​ចំនួន ៥​សហគមន៍ បញ្ចប់​ការ​វាស់វែង ៤​សហគមន៍ កំពុង​វាស់វែង ២​សហគមន៍ ចេញ​លិខិត​បង្កក​រួច ៩​សហគមន៍ និង​មិន​ទាន់​បាន​ចេញ​លិខិត​បង្កក​ចំនួន ១​សហគមន៍។

ប្រធាន​កម្មវិធី​ធនធាន​ធម្មជាតិ និង​ដីធ្លី​អង្គការ​អនុផល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ហេង សុខា ទទួល​ស្គាល់​ថា គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ ពិត​ជា​មាន​ភាព​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​សុវត្ថិភាព​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ជួប​ហានិភ័យ​ខ្ពស់។ លោក​ថា ការ​ចុះ​បញ្ជី​ដី​សហគមន៍​នេះ ជា​លក្ខណៈ​ពិសេស​ដែល​មិន​ទាន់​មាន​បទពិសោធន៍​ទាំង​បញ្ហា​បច្ចេកទេស និង​ជំនាញ។ ម្យ៉ាង​វិញ​ទៀត ការ​ផ្តល់​អំណាច​ពី​ក្រសួង​ពាក់ព័ន្ធ​មក​ថ្នាក់​មូលដ្ឋាន​នៅ​យឺតយ៉ាវ ទើប​ការងារ​នេះ​ធ្វើ​ឲ្យ​គម្រោង​ចុះ​បញ្ជី​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ៖ «ខ្ញុំ​ពិនិត្យ​ឃើញ​ការ​គិតគូរ​ខាង​រាជ​រដ្ឋាភិបាល គឺ​ត្រូវ​កំពុង​តែ​រៀបចំ​នីតិវិធី។ ប្រសិន​រៀបចំ​នីតិវិធី​ហ្នឹង​គ្រប់គ្រាន់​ហើយ ធ្វើ​ប្រតិភូកម្ម​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​គាត់​អាច​សម្រេច​ធ្វើ​បាន អា​ហ្នឹង​លឿន»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក លឹម វាន់ សម្ដែង​មោទនភាព ខណៈ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ជា​បន្តបន្ទាប់ ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ផ្លូវ​ការ។ លោក​ថ្លែង​ថា គោល​នយោបាយ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព ធានា​ផ្លូវ​ច្បាប់​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន ឬ​ការ​ទិញ​លក់​ដី​សហគមន៍​កើត​មាន​ត​ទៅ​ទៀត៖ «អ៊ីចឹង​អ្នក​លក់​ម៉េច​ហ៊ាន​ទិញ ពិបាក​លក់​ដែរ ព្រោះ​ច្បាប់​លក្ខន្តិកៈ​បទបញ្ជា​ផ្ទៃ​ក្នុង​មាន​ចែង។ ច្បាប់​ភូមិបាល​មាត្រា​២៨ បាន​ចែង​ហើយ»

នៅ​ប្រទេស​កម្ពុជា សហគមន៍​ជនជាតិ​ដើម​ភាគតិច​មាន​ចំនួន​សរុប ៤៥៥​សហគមន៍។ ចាប់​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន គោល​នយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព ធ្វើ​បាន​ចំនួន ១៣​សហគមន៍​ក្នុង​ចំណោម ៥១​សហគមន៍ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។