ទាហាន​ខេត្ត​ឧត្ដរមានជ័យ​រង​ការ​ចោទ​ប្រកាន់​ថា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​និង​បិទ​ផ្លូវ​ចេញចូល

0:00 / 0:00

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(Adhoc) ព្រួយបារម្ភ​ចំពោះ​បញ្ហា​ទាហាន ដែល​រំលោភ​ដីធ្លី និង​គំរាម​កំហែង​ប្រជាពលរដ្ឋ ខ្លះ​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ។

ការរំលោភ​ដីធ្លី និង​គំរាមកំហែង​មក​លើ​ប្រជាពលរដ្ឋ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទាហាន ទាំងនោះ ភាគច្រើន​គឺ​អាជ្ញាធរ​និង​តុលាការ ហាក់​មិន​សូវ​ហ៊ាន​ដោះស្រាយ​និង​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​រក​យុត្តិធម៌​ទេ។

ប្រជាពលរដ្ឋ​១១​គ្រួសារ នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ព្រមាន​ថា ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​តវ៉ា​ប្រឆាំង​និង​មេបញ្ជាការ​រង​យោធា នៃ​កងពល​លេខ៦ ម្នាក់ ពី​បទ​ប្រើ​អំណាច និង​គំរាមកំហែង​រំលោភ​យក​ដី​ចម្ការ​ជាច្រើន​ហិកតារ។

ការព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់​ក្រុម​អ្នកភូមិ​បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន​៤​លើក ទៅ​សាលាខេត្ត​ឧត្ដរមានជ័យ ព្រមទាំង​តុលាការ ជាច្រើន​ខែ​មក​ហើយ ក៏ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​មានការ​ដោះស្រាយ​យ៉ាងណា​នៅឡើយ។

តំណាង​អ្នកភូមិ​ថ្នល់កែង​១១​គ្រួសារ គឺ​លោក មាង លីហួ មានប្រសាសន៍ថា រូប​គាត់ និង​អ្នកភូមិ​១០​គ្រួសារ​ទៀត មាន​ទំនាស់​ដី​ចម្ការ​ជាង​៦០​ហិកតារ ជាមួយ​ទាហាន រយៈពេល​៥​ឆ្នាំ​មក​ហើយ។ បុរស​ដដែល​បញ្ជាក់​ថា កាលពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺ​ទាហាន​នៃ​កងពល​លេខ​៦ បាន​អះអាង​ថា ដី​ចម្ការ​របស់​ពួក​លោក បាន​ប៉ះពាល់​លើ​ដី​បន្ទាយ​យោធា ដោយសារ​ទាហាន​អះអាង​ដូច្នេះ​ប្រជាពលរដ្ឋ ក៏​សុខចិត្ត​ប្រគល់​ដី​មួយ​ផ្នែក​ទៅ​ឱ្យ​ទាហាន ឯ​មួយ​ផ្នែក​ទៀត​ដែល​នៅ​សេសសល់ គឺ​ត្រូវ​បាន​ក្រុម​និស្សិត​ចុះ​វាស់វែង ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​គេ​បិទ​ផ្សាយ​ទិន្នន័យ មុន​ពេល​ចេញ​ប្លង់​រឹង​ស្រាប់តែ​ប្រជាពលរដ្ឋ​ទាំងអស់​បាត់ឈ្មោះ ហើយ​ប្លង់ដី​របស់​គាត់​ត្រូវ​បាន​ឈ្មោះ ណាក់ សុខា ជា​ម្ចាស់​ទៅវិញ។

លោក មាង លីហួ បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ពេលនោះ​មក រូបលោក​និង​អ្នកភូមិ​១០​គ្រួសារ​ទៀត​ក៏​ធ្វើ​ការ​តវ៉ា ដោយ​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ជាច្រើន​កន្លែង រហូតដល់​ពេលខ្លះ​មេបញ្ជាការ​រង​នៃ​កងពល​លេខ​៦ គំរាមកំហែង គាបសង្កត់ ព្រមទាំង​ប្រើ​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ មិន​ឱ្យ​ចេញចូល​ដឹកជញ្ជូន​កសិផល​ទៀត​ផង៖ «ថ្មីៗ​ហ្នឹង​គេ​កាយ​បិទ​អា​ផ្លូវ​ចាស់ ហើយ​យើងខ្ញុំ​ក៏​ជិះ​តាម​ផ្លូវ​ថ្មី​កាត់​វរៈ​២៦១​ដែរ តែ​កាត់​នៅ​ខាងក្រោយ។ ដល់​ឥឡូវ​គេ​បិទ​អា​ផ្លូវ​ខាងក្រោយ​នោះ​ទៀត​មិន​ឱ្យ​ចេញ​ទេ ដោយ​គេ​ឱ្យ​វាង​ទៅ​ឆ្ងាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​អីចឹង ហើយ​បើ​ថា​ចង់​ស្រួល​គឺ​បរ​កាត់​បន្ទាយ ឱ្យ​លុយ​គេ​ៗ​ឱ្យ​ទៅ។ ឱ្យ​ទាហាន​ហ្នឹង​ម្នាក់​១០០០ - ២០០០​រៀល​ក៏​ឱ្យ​គេ​ទៅ។ ហើយ​មួយទៀត​ខ្ញុំ​ចង់​បញ្ជាក់​ថា ឥឡូវ​ដី​ហ្នឹង​ត្រូវ​បាន​លោក ណាក់ សុខា មក​គំរាមកំហែង​យើងខ្ញុំ​ទាំង​១៣​គ្រួសារ​ថា​ជា​ដី​របស់​ទាហាន ឥឡូវ​គាត់​យក​លក់​ឱ្យ​ឯកជន។ ហើយ​លោក សេង សាន ជា​ទាហាន​មក​កាង​ថា​ជា​ដី​របស់​កងពល»។

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​ឧត្ដរមានជ័យ លោក ស ថាវី និង​មេបញ្ជាការ​រង​នៃ​កងពល​លេខ​៦ ដើម្បី​សុំ​ការ​ពន្យល់ បាន​ថា​យ៉ាងណា​នៅឡើយ។

ចំណែក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ លោក នៅ សំដារារិទ្ធិ បាន​ឆ្លើយ​តប​ថា​លោក​មិន​អាច​អធិប្បាយ​រឿង​នេះ បាន​នៅឡើយ​ទេ ពីព្រោះ​លោក​មិន​ដឹង​ថា​វា​នៅ​តំបន់​ណា​ច្បាស់លាស់ ដោយសារ​ទំនាស់​ដីធ្លី ជាមួយ​ទាហាន ក្នុងស្រុក​ត្រពាំង​ប្រាសាទ​មាន​ច្រើន​ករណី៖ «ឥឡូវ​ខ្ញុំ​សុំ​សួរ​វិញ​តើ​វា​នៅ​ក្នុង​ចំណុច ក្នុង​វរៈលេខ​ប៉ុន្មាន​ ? នៅ​ចំណុច​ណា​ព្រោះ​កងពល​លេខ​៦ ខ្ញុំ​មាន​សំណុំរឿង​ច្រើន​ណាស់។ ខ្ញុំ​សុំ​ឱ្យ​គាត់​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​សាលាស្រុក​មក​ដើម្បី​សាលាស្រុក​គេ​ចុះទៅ​មើល ព្រោះ​អី​បើសិនជា​អត់​ដឹង​ចំណុច​ត្រង់ណា​អី​ត្រង់ណា ខ្ញុំ​អត់​ដឹង​ឆ្លើយ​ជាមួយ​ថា​យ៉ាងម៉េច​អី​យ៉ាងម៉េច​ទេ​។​អីចឹង​ចង់​ឱ្យ​គាត់​មក​ថ្ងៃ​ច័ន្ទ​ព្រឹកស្អែក»។

កាលពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​កន្លងទៅ ក្រុម​អ្នកភូមិ​ថ្នល់កែង ទាំង​១១​គ្រួសារ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ចម្ការ​៦២ហិកតារ។ ពួកគេ​ចោទប្រកាន់​បុរស​ឈ្មោះ ណាក់ សុខា ថា​បាន​ឃុបឃិត​ជាមួយ​មេបញ្ជាការ​រង​នៃ​កងពល​លេខ​៦ ព្រមទាំង​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​របស់​ខេត្ត​ឧត្តរមានជ័យ​ខ្លះ​ទៀត ដើម្បី​រំលោភ​យក​ដី​នោះ។

អ្នក​សម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា យោង​តាម​បណ្ដឹង​របស់​អ្នកភូមិ គឺ​ទាហាន​មិន​ត្រឹមតែ​រំលោភ​យក​ដី និង​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដាច់​ផ្លូវ​មិន​ឱ្យ​អ្នកភូមិ​ចេញចូល ទៅ​ចម្ការ​ទៀត​ផង។

លោក ស្រី ណា​រ៉េ​ន បញ្ជាក់​ថា កន្លងទៅ​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ លោក វ៉ាត ប៉ារ៉ានីន ក៏​ធ្លាប់​ចុះទៅ​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​ទាហាន មិនបាន​ស្ដាប់​តាម​អាជ្ញាធរ​ទេ៖ «វា​ដូចជា​មិន​មាន​អ្នកណា​គោរព​អ្នកណា​ទេ សូម្បីតែ​អភិបាលរង​ខេត្ត​លោក វ៉ាត ប៉ារ៉ានីន ចុះទៅ​សម្របសម្រួល​នៅ​សាលា​ស្រុក​ត្រពាំង​ប្រាសាទ​ហ្នឹង ហាម​ឱ្យ​ស្ងៀមស្ងាត់​សិន ប៉ុន្តែ​ខាង​ទាហាន​នៅតែ​ធ្វើ​សកម្មភាព​មក​លើ​ប្រជាពលរដ្ឋ​ដដែល។ ដី​ហ្នឹង​មួយ​ចំនួន​គាត់​បាន​ថត​ជាមួយ​និស្សិត​រួចហើយ​ក៏ប៉ុន្តែ​ពេល​ចេញ​ឈ្មោះ កម្មសិទ្ធិ គឺ​ឱ្យ​ទៅ​អ្នក​ផ្សេងទៀត​។​បញ្ហា​មែន​ទែន​ទៅ​វា​មកពី​ខាង​មន្ត្រី​សុរិយោដី​ខេត្ត​ហ្នឹង​ផង ដែល​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​ទៅ​ឱ្យ​អ្នក​ផ្សេងទៀត»។

កាលពី​ឆ្នាំមុន​ទំនាស់​ដី​ចម្ការ​រវាង​ប្រជាពលរដ្ឋ និង​ទាហាន​នោះ​គឺ​មាន​ការបំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ មានការ​រារាំង​អ្នកភូមិ​មិន​ឱ្យ​ចូល​ទៅ​ដាំ​ដុះ​ទៀត ព្រមទាំង​គំរាមកំហែង ដោយ​តាម​រក​ចាប់ខ្លួន​តំណាង​អ្នកភូមិ​ដែល​តវ៉ា​ផង។

ចាប់​តាំង​ពី​កើត​ទំនាស់​ដីធ្លី​ជាមួយ​មេបញ្ជាការ​រង នៃ​កងពល​លេខ​៦​មក អ្នកភូមិ​១១​គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាខេត្ត​ឧត្តរមានជ័យ ចំនួន​៤​លើក​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ហាក់​មិន​បង្ហាញ ឱ្យ​ប្រជាពលរដ្ឋ​មាន​ក្ដី​សង្ឃឹមលើ​ការ​ដោះស្រាយ​នោះ​ទេ។

ក្រុម​អ្នកភូមិ​ថ្នល់កែង ១១​គ្រួសារ ព្រមាន​ថា ពួកគេ​នឹង​ឡើង​ទៅ​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​និង​ទាហាន ដែល​រំលោភ​ដីធ្លី​នេះ ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​តែ​គេ​អស់​ជំនឿ លើ​មន្ត្រី​ខេត្ត​ឧត្ដរមានជ័យ​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។