សមត្ថកិច្ច​ខេត្ត​ឧត្ដរមានជ័យ​រារាំង​អង្គការ​សមធម៌​អាមេរិកាំង​ចុះ​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដី

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​ឧត្តរមានជ័យ ចោទ​ប្រកាន់​ថា មន្ត្រី​ប៉ូលិស និង​អាជ្ញាធរ​មួយ​ចំនួន ថា​បាន​តាម​រារាំង និង​រំខាន​ក្រុម​ការងារ​របស់​អង្គការ​សមធម៌​អាមេរិកាំង មិន​ឱ្យ​ចុះ​ជួប​ក្រុម​អ្នក​ភូមិ​អូរបាត់មាន់ ដែល​បាត់​បង់​ដីធ្លី​ដោយសារ​តែ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គើ (Angkor Sugar)។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​តុលា ថា ក្រុម​ប៉ូលិស​ដែល​ដឹក​នាំ​ដោយ លោក ញ៉ុល វុធ ស្នងការ​រង​នគរបាល​ទទួល​បន្ទុក​ចរាចរណ៍ បាន​កាក់​ទុក​រថយន្ត​របស់​អង្គការ​សមធម៌ ១​គ្រឿង ក្រោម​លេស​ត្រួត​ពិនិត្យ​ឯកសារ​ផ្សេងៗ​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​តុលា។

លោក ស្រី ណារ៉េន បញ្ជាក់​ថា អង្គការ​សមធម៌ បាន​ចុះ​ទៅ​ខេត្ត​ឧត្តរមានជ័យ ក្នុង​បំណង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​អូរបាត់មាន់ ជាច្រើន​គ្រួសារ ដែល​បាត់​បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គើ យក​ទៅ​ដាំ​អំពៅ។ ក៏ប៉ុន្តែ ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​រារាំង​មិន​ឱ្យ​អង្គការ​នោះ​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ទេ។ ដោយសារ​បញ្ហា​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ហៅ​អ្នក​ភូមិ​ឱ្យ​មក​ជួប​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ លុះ​ដល់​ពេល​ប្រជុំ​ចប់ រថយន្ត​របស់​អង្គការ​សមធម៌ បាន​ដឹក​អ្នក​ភូមិ​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏ប៉ុន្តែ​ត្រូវ​ក្រុម​ប៉ូលិស​កាក់​កណ្ដាល​ផ្លូវ។

លោក ស្រី ណារ៉េន៖ «ដល់​ពេល​ត្រូវ​ចេញ​ទៅ​វិញ ឥឡូវ​មក​ដល់​ដី​ថ្មី​ជិត​កន្លែង​កង​រាជ​អាវុធហត្ថ​ក្រុង​សំរោង ត្រូវ​បាន​ប៉ូលិស​គេ​កាក់​គេ​ឆែក​រក​ឯកសារ​ឡាន ហើយ​មាន​ទូរទស្សន៍​អី​ចាំ​ថត ហើយ​ឡាន​មាន​ស្លាក​លេខ អ៊ិនជីអូ (NGO) អី​ត្រឹមត្រូវ ប៉ុន្តែ​គេ​កាក់​តែ​ឡាន​អង្គការ​សមធម៌​ហ្នឹង​តែ​១​ទេ។ មើល​ទៅ​ហាក់​ដូចជា​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ដែល​គាត់​ឡើង​មក​ស្នាក់​ការ​ខ្ញុំ​ហ្នឹង។ វា​ចេតនា​មែន​ទែន​រឿង​ដី​អូរបាត់មាន់​ហ្នឹង ខ្ញុំ​ឆ្ងល់​ហេតុ​អ្វី​គាត់​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ម្ល៉េះ?»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នង​ការ​រង​នគរបាល​ខេត្ត​ឧត្តរមានជ័យ លោក ញ៉ុល វុធ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ បាន​រារាំង​សកម្មភាព​របស់​អង្គការ​សមធម៌។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា កន្លង​ទៅ ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ ធ្លាប់​នាំ​ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ ជា​បុគ្គលិក​អង្គការ​នេះ ទៅ​សាកសួរ និង​ឆែក​លិខិត​ឆ្លង​ដែន ដោយ​បញ្ជូន​ទៅ​ទីក្រុង​ភ្នំពេញ​វិញ ឱ្យ​នាយកដ្ឋាន​ជន​បរទេស​នៃ​ក្រសួង​មហាផ្ទៃ ត្រួត​ពិនិត្យ​ម្ដង​រួច​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។