មេ​ភូមិ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​លក់​ដី​សាធារណៈ

0:00 / 0:00

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ បាន​ទាមទារ​យក​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​មួយ​កន្លែង ឋិត​ក្នុង​ភូមិ​ផ្កាស្លា សង្កាត់​ចម្ការសំរោង មក​រក្សា​ទុក​ជា​ទ្រព្យ​សម្បត្តិ​រួម​វិញ។ ដី​ទំហំ​ជាង ១០០​ម៉ែត្រ​ការ៉េ​នោះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​លក់ និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ផ្សេង​ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ក្រុម​អ្នក​ភូមិ​នោះ​ឡើយ។

អ្នក​ភូមិ​ចំនួន ៦៦​នាក់ បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​រួម​គ្នា​ដាក់​ទៅ​អភិបាល​ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​មេ​ភូមិ​ផ្កាស្លា ដែល​បាន​យក​ដី​ទីស្នាក់ការ​ភូមិ​លក់ និង​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​បុគ្គល​ម្នាក់ រស់​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ញត្តិ​ចុះ​កាល​បរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៤ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​១៥ មីនា នេះ​បញ្ជាក់​ថា អ្នក​ភូមិ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​មេ​ភូមិ​ផ្កាស្លា ឈ្មោះ សួន សោភ័ណ្ឌ ដែល​បាន​យក​ដី​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​ទៅ​លក់។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សុំ​យក​ដី​នោះ​មក​ទុក​ធ្វើ​ជា​ទីស្នាក់ការ​ភូមិ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ និង​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន។

តំណាង​អ្នក​ភូមិ​ផ្កាស្លា លោក តី អាន បញ្ជាក់​ថា ទង្វើ​របស់​លោក​មេ​ភូមិ​នេះ ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ កន្លង​ទៅ មេ​ភូមិ​រូប​នេះ​ធ្លាប់​បាន​កាត់​ដី​ជា​ទ្រព្យ​សម្បត្តិ​របស់​ទីស្នាក់ការ​ភូមិ លក់​ម្ដង​រួច​ទៅ​ហើយ៖ «មេ​ភូមិ​ហ្នឹង​កាត់ ៦​ម៉ែត្រ​គុណ ១៧,៧០​ម៉ែត្រ ដើម្បី​បញ្ជូន​ទៅ​ឈ្មោះ បុល នៅ​ភូមិ​អូរចារ។ ប្រជាពលរដ្ឋ​ដែល​គេ​បាន​ដឹង​មក គឺ​វា​មាន​ជាង ៣០០​ម៉ែត្រ​ការ៉េ ទាំង​ចាស់​ទាំង​ថ្មី។ ដី​ថ្មី​វា ២១២​ម៉ែត្រ​ការ៉េ ដែល​នៅ​សល់​ពី​ការ​លក់​លើក​ទី​១។ អ៊ីចឹង គាត់​ថត​ទៅ​ទាំងអស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​អត់​ដឹង​ថា​លោក​មេ​ឃុំ​ឃុបឃិត​គ្នា​យ៉ាង​ណា កាត់​ចំនួន​ពាក់​កណ្ដាល​ទៅ​ឲ្យ​ឈ្មោះ បុល នោះ​ទេ ប្រជាពលរដ្ឋ​អត់​បាន​ដឹង​ទេ»

ការ​លក់​ដី​ដែល​ជា​ទ្រព្យ​សម្បត្តិ​ទីស្នាក់ការ​ភូមិ និង​ការ​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​មន្ត្រី​សុរិយោដី​នេះ បាន​កើត​មាន​ឡើង​កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៤។ ក្រោយ​មក បុគ្គល​ឈ្មោះ បុល រស់​នៅ​សង្កាត់​អូរចារ ក៏​បាន​ដឹក​គ្រឿង​សំណង់​បញ្ជូន​មនុស្ស​ចុះ​ទៅ​រៀប​ចំ​ធ្វើ​របង​ព័ទ្ធ​ហ៊ុម​ដី​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ប៉ុន្តែ​សកម្មភាព​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ហាម​ឃាត់។

លោក សួន សោភ័ណ្ឌ ជា​មេ​ភូមិ​ផ្កាស្លា បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​លក់​ដូរ​ដី​នេះ​ទៅ លោក ឃិន ផាត ជា​ចៅ​សង្កាត់​ចម្ការសំរោង។ លោក​បន្ត​ថា ដី​ទុក​សម្រាប់​ធ្វើ​ទីស្នាក់ការ​ភូមិ​ផ្កាស្លា គឺ​ខាង​រដ្ឋបាល​សង្កាត់​ចម្ការសំរោង រក្សា​ទុក​ទំហំ​ដី​តែ ១០០​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ៖ «ដី​ហ្នឹង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ទេ ហើយ​ក៏​មិន​មែន​ខ្ញុំ​ជា​អ្នក​លក់​ដែរ។ ដី​នោះ​ជា​ដី​ទីស្នាក់ការ​ភូមិ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចៅ​សង្កាត់។ ដី​ហ្នឹង​ដែល​ត្រូវ​ធ្វើ​អាំងវង់ទ័រ​ភូមិ​ហ្នឹង​វា ១០០​ម៉ែត្រ​ការ៉េ។ រឿង​លក់​ដី​យ៉ាង​ម៉េច ចៅ​សង្កាត់​បាន​ដឹង ខ្ញុំ​អត់​ដឹង​រឿង​ទាំងអស់»

ទោះ​យ៉ាង​ណា លោក សួន សោភ័ណ្ឌ ទទួល​ស្គាល់​ថា នៅ​ពេល​ក្រុម​មន្ត្រី​សុរិយោដី​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាល​ពី​ខែ​មករា កន្លង​មក​នេះ គឺ​រូប​លោក​ជា​អ្នក​សរសេរ​បំពេញ​សំណុំ​ឯកសារ​ដីធ្លី​ឲ្យ​ឈ្មោះ បុល ដែល​គេ​ដឹង​ថា បាន​ទិញ​ដី​ទីស្នាក់ការ​ភូមិ​នោះ​ដោយ​ស្ងាត់​ជា​មួយ​រដ្ឋ​អំណាច​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី លោក ឃិន ផាត ជា​ចៅ​សង្កាត់​ចម្ការសំរោង ជុំវិញ​បញ្ហា​លក់​ដី​ទីស្នាក់ការ​ភូមិ​នៅ​ភូមិ​ផ្កាស្លា នេះ​បាន​ទេ ប៉ុន្តែ លោក ច័ន្ទ សុផល ជា​អភិបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា ការ​លក់​ដី​ទីស្នាក់ការ​ភូមិ​ដោយ​រដ្ឋ​អំណាច​មូលដ្ឋាន​ស្ងាត់ៗ​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។ លោក​នឹង​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ។ ក្នុង​រយៈពេល​កន្លង​មក លោក​ពុំ​បាន​ដឹង និង​ពុំ​ទាន់​បាន​ឃើញ​ញត្តិ​ស្នាម​មេដៃ​របស់​អ្នក​ភូមិ ដែល​បញ្ជូន​ទៅ​សាលា​ខេត្ត​នោះ​ឡើយ៖ «មិន​ទាន់​បាន​ឃើញ​លិខិត បើ​ឃើញ​នឹង​ដោះស្រាយ​ជូន​គាត់​បួន​ដប់​ម្ភៃ​ថ្ងៃ​ហើយ។ ខ្ញុំ​អត់​ដឹង មិន​ដឹង​គាត់​ដាក់​កន្លែង​ណា អ្នក​ណា​ទទួល​អី ចាំ​មើល​ខ្ញុំ​សួរ​នាំ​មើល​សិន ដី​តូច​ធំ​អី​គាត់​ធ្វើ​ការងារ​មិន​ត្រូវ ក៏​ខុស​ច្បាប់ មិន​ត្រូវ​ទៅ​ធ្វើ​អ៊ីចឹង»

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង ថ្លែង​ថា ករណី​មេ​ភូមិ​ផ្កាស្លា យក​ដី​ទីស្នាក់ការ​ភូមិ​លក់​ដូរ​នេះ ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ដោះស្រាយ​ឡើង​វិញ ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​បន្ត​ថា ការ​លក់​ដូរ​ទ្រព្យ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ផ្កាស្លា នេះ មេ​ភូមិ​គួរ​ធ្វើ​ឡើង​ដោយ​មាន​ការ​វាយ​តម្លៃ​ជា​សាធារណៈ និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​ក្រុង៖ «ថា​តើ​យើង​លក់​របរ​យក​ទៅ​សាងសង់​អី​ធ្វើ​អី ជា​ប្រយោជន៍ ត្រូវ​បង្កើត​គណៈកម្មការ​មួយ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា យើង​ធ្វើ​នេះ គឺ​យើង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​យល់​ផង»

លោក​បន្ត​ថា ករណី​មេ​ភូមិ​ផ្កាស្លា យក​ដី​ទីស្នាក់ការ​ភូមិ​លក់​នេះ ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ។ ពី​មុន​មក មេ​ភូមិ​ធ្លាប់​បាន​លក់​ដី​ទីស្នាក់ការ​ភូមិ​អស់​មួយ​ចំនួន​រួច​ហើយ ប៉ុន្តែ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​ដី​នោះ ពុំ​បាន​ដាក់​ចូក​ក្នុង​ផល​ប្រយោជន៍​ក្នុង​មូលដ្ឋាន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។