ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យជួយសង្គ្រោះបឹងកង្កែប និងព្រៃកោងកាងរាប់រយពាន់ហិកតារ ដែលត្រូវមន្ត្រីមានអំណាច និងបុគ្គលមួយចំនួនឃុបឃិតជាមួយមន្ត្រីមន្ទីរសុរិយោដីខេត្តនេះ ធ្វើប្លង់រំលោភធ្វើកម្មសិទ្ធិឯកជន។ បញ្ហានេះ មន្ត្រីជំនាញពាក់ព័ន្ធខេត្តនេះអះអាងថា កំពុងប្រមូលរបាយការណ៍ផ្សេងៗទាក់ទងការចេញប្លង់កម្មសិទ្ធិទៅលើដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែប ដែលមានដុះព្រៃកោងកាងរាប់រយពាន់ហិកតារនេះ ដោយយកចិត្តទុកដាក់។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខេត្តព្រះសីហនុ ពិសេសពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រជាថ្មីម្តងទៀត សំណូមពរឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះបឹងធម្មជាតិ គឺបឹងកង្កែប។
អ្នកនេសាទសមុទ្ររស់នៅឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្ននេះ ដីចំណីមាត់បឹងកង្កែប និងផ្ទៃបឹងទាំងមូល ត្រូវបុគ្គលមានអំណាចក្នុងជួរកងទ័ពជើងទឹក និងឈ្មួញមានទ្រព្យមានងារជាឧកញ៉ា និងមន្ត្រីរាជការក្រោមឱវាទរាជរដ្ឋាភិបាលមួយចំនួន បានឃុបឃិតជាមួយមន្ត្រីសុរិយោដីខេត្តនេះ ធ្វើប្លង់កម្មសិទ្ធិរំលោភយក និងបានចាក់ដីលុបព្រៃកោងកាង និងលុបផ្ទៃបឹងជាបន្តបន្ទាប់ ដើម្បីដាំដូងជាដើម៖ « ផ្ទៃបឹងកង្កែបពេលនេះបានរួមតូចទៅៗ ដោយសារមានគេចាក់ដីលុបចូលក្នុងផ្ទៃបឹង និងចាក់លុបព្រៃកោងកាងដែលដុះនៅជុំវិញបរិវេណបឹងធម្មជាតិមួយនេះ រំលោភយករាប់រយហិកតារ។ ដើមឡើយ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះបានប្រកបរបរធ្វើនេសាទសមុទ្រ ដោយដាក់មង និងសន្ទូចជាដើម ដើម្បីរកធនធានសមុទ្រពីក្នុងបឹងកង្កែបនេះ ដើម្បីលក់នៅលើទីផ្សារចិញ្ចឹមជីវិត ប៉ុន្តែពេលនេះ ផ្ទៃបឹងកង្កែប និងដីចំណីមាត់បឹងធម្មជាតិទាំងមូល ត្រូវគេឃុបឃិតរំលោភយកស្ទើរគ្មានសល់ទេ តាំងពីដីគោករហូតបោះបង្គោលថ្មដល់ក្នុងទឹកបឹងទាំងមូល »។
សារអំពាវនាវរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូច្នេះ កើតឡើងនៅគ្រាពួកគេទទួលបានព័ត៌មានមកថា ពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ពិនិត្យសើរើឡើងវិញចំពោះការចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ដើម្បីឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។

ចំណាត់ការក្តៅមិនធ្លាប់មានពីមុនមករបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលពេលនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋមានទីលំនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
អ្នកនេសាទសមុទ្រនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពឃុបឃិតរំលោភយកដីមានដុះព្រៃកោងកាងនៅជុំវិញបរិវេណបឹង និងសកម្មភាពចាក់ដីរំលោភផ្ទៃបឹងកង្កែបទាំងមូល ហើយគ្មានមន្ត្រីជំនាញទប់ស្កាត់។ ក្រុមប្រជាពលរដ្ឋអះអាងថា សព្វថ្ងៃនេះ ផ្ទៃបឹងកង្កែប និងដីនៅជុំវិញបឹងកង្កែបដែលដុះព្រៃកោងកាងរាប់រយពាន់ហិកតារ ជាជម្រកត្រីសមុទ្របន្តពូជត្រូវកាន់កាប់ដោយឯកជនស្ទើរទាំងស្រុង ព្រោះបច្ចុប្បន្ននេះ ដីចំណីមាត់បឹងកង្កែប និងផ្ទៃបឹងទាំងមូលត្រូវបានគេបោះបង្គោលថ្មកំណត់សម្គាល់ក្បាលដីតាមម្ចាស់នីមួយៗ និងមានបុគ្គលខ្លះទៀតបានចាក់ដីលុបព្រៃកោងកាង និងដាំចម្ការដើមដូងនៅលើទីតាំងបឹងកង្កែប ហើយមានភស្តុតាងជាក់ស្តែងនៅលើទីតាំងនោះ៖ « ឥឡូវនៅជុំវិញបរិវេណបឹងកង្កែប និងផ្ទៃបឹងទាំងមូល គឺមានគេចាក់ដីលុបចូលក្នុងបឹង និងលុបព្រៃកោងកាង និងប៉ះពាល់ដល់ការធ្វើរបរនេសាទសមុទ្ររបស់ប្រជាពលរដ្ឋនាមូលដ្ឋាននេះ។ សូមស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយទប់ស្កាត់ការរំលោភបឹងកង្កែប ឬជួយសង្គ្រោះបឹងធម្មជាតិមួយនេះឲ្យបានគង់វង្ស និងដាក់ជូនពលរដ្ឋបានធ្វើរបរនេសាទដូចដើម ព្រមទាំងទុកសម្រាប់ផ្តល់ជូនក្មេងៗជំនាន់ក្រោយបានរស់អាស្រ័យធនធានធម្មជាតិសមុទ្រនៅក្នុងបឹងកង្កែបនៅថ្ងៃអនាគត »។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួននាខេត្តព្រះសីហនុ បានឲ្យដឹងដែរថា សកម្មភាពទន្ទ្រានកាន់កាប់ដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែបរបស់មន្ត្រីមានអំណាច និងឯកជនមួយចំនួន បានកើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ គ្មានសកម្មភាពទប់ស្កាត់ទេ។ មន្ត្រីសង្គមស៊ីវិលរកឃើញថា បុគ្គលមួយចំនួនដែលមានឈ្មោះកាន់កាប់ដីចំណីមាត់បឹងកង្កែប ទោះតាមរយៈការទិញបន្តពីប្រជាពលរដ្ឋ ឬបុគ្គលផ្សេងៗក្តី ក្នុងនោះមានឈ្មោះ លោក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាដើម ហើយក៏មានមន្ត្រីរាជការខ្លះកំពុងបម្រើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ ក៏មានជាប់ពាក់ព័ន្ធ ឬមានឈ្មោះកាន់កាប់ដីព្រៃកោងកាងនៅភូមិអុង ជុំវិញបរិវេណបឹងកង្កែប និងមានប្លង់កម្មសិទ្ធិស្របច្បាប់។
បុគ្គលមានឈ្មោះកាន់កាប់ដីចំណីមាត់បឹងកង្កែប និងបានចាក់ដីលុបព្រៃកោងកាងដែលដុះនៅជុំវិញបឹងធម្មជាតិមួយនេះ បានយកទីតាំងនៅជុំវិញបឹងនេះទៅដាំដូង និងបុគ្គលខ្លះទៀតបានចាក់ដី ឬបោះបង្គោលថ្មកំណត់ទីតាំងដីរៀងៗខ្លួនចាប់ពីដីគោក រហូតដល់ក្នុងផ្ទៃទឹកបឹងកង្កែបថែមទៀត។
ទាក់ទិនការចេញប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីព្រៃលិចទឹក ឬដីព្រៃកោងកាងនេះដែរ នាយកខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក នេន ចំរើន មានប្រសាសន៍ថា ស្ថាប័ននេះបានធ្វើរបាយការណ៍ដាក់ជូនអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន រួចហើយ ហើយករណីនេះកំពុងស្ថិតក្នុងថ្នាក់ដឹកនាំខេត្ត និងមន្ទីររៀបចំដែនដី មាននីតិវិធីបន្តតាមច្បាប់៖ « រាល់ប័ណ្ណកម្មសិទ្ធិទាំងអស់ដែលចេញដោយមន្ត្រីមន្ទីរជំនាញនាខេត្តព្រះសីហនុ ទាំងឡាយណាដែលទាក់ទងនឹងដីព្រៃកោងកាង គឺខ្ញុំបានដាក់របាយការណ៍ជូនថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំនៅតាមក្រសួងមន្ទីររៀបចំដែនដីរួចហើយ ហើយករណីនេះរង់ចាំការសម្រេចរបស់ថ្នាក់ដឹកនាំស្ថាប័នថ្នាក់លើ ឬថ្នាក់ខេត្តជាអ្នកសម្រេចលើការចេញប្លង់កម្មសិទ្ធិទាំងនេះ »។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មិនធ្វើអត្ថាធិប្បាយបែបណាទេទៅលើការចេញប្លង់កម្មសិទ្ធិ ដែលអាណត្តិកន្លងមកត្រូវមន្ត្រីមន្ទីរសុរិយោដី និងថ្នាក់ដឹកនាំខេត្តនេះ ចេញប្លង់ជូនឯកជននៅលើដីព្រៃកោងកាងនៅជុំវិញចំណីមាត់បឹង និងផ្ទៃបឹងកង្កែបនេះទេ។ លោកនិយាយខ្លីថា នឹងជូនរបាយការណ៍ដែលទទួលបានពីរដ្ឋបាលខណ្ឌជលផលខេត្តនេះ អំពីចំនួនប័ណ្ណកម្មសិទ្ធិទាំងឡាយដែលចេញទៅលើដីព្រៃលិចទឹក ឬដីព្រៃកោងកាង មានការចេញប្លង់ទៅលើដីចំណី និងផ្ទៃបឹងកង្កែបជាដើម ដាក់ជូនថ្នាក់លើមានវិធានការបន្ត។
ផ្ដើមពីបញ្ហានេះ ក្រុមមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ពិសេសពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រ រស់នៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចេញកណ្ដាប់ដៃដែក ដើម្បីសង្គ្រោះព្រៃកោងកាងដែលដុះនៅជុំវិញមាត់បឹងកង្កែប និងផ្ទៃបឹងធម្មជាតិនេះទាំងមូល ទុកសម្រាប់ជាជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស និងឲ្យមកសភាពដើមវិញ។ ជាងនេះទៀត ក៏ត្រូវវែកមុខអ្នកឃុបឃិតប្រព្រឹត្តបទល្មើសឈានដល់ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន ទៅលើដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែប ដែលមានដុះព្រៃកោងកាងរាប់រយហិកតារ ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ឬដកឋានៈបុណ្យស័ក្តិដើម្បីជាការព្រមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
