ប្រធាន​សហគមន៍​និង​អាជ្ញាធរ​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ឃុបឃិត​លក់​ដី​សហគមន៍

ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ថា​បាន​ឃុបឃិត​គ្នា​កាត់​ដី​ព្រៃ​សហគមន៍​ទំហំ ៤២​ហិកតារ ទៅ​លក់​ឲ្យ​ឈ្មួញ​ដោយ​មិន​ប្រាប់​ប្រជាពលរដ្ឋ។

0:00 / 0:00

ពួក​គាត់​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​ភូមិ​ចម្ការជ្រៃ​ខាង​ជើង ដែល​មាន​ទំហំ​សរុប ៤៤៥​ហិកតារ ស្ថិត​នៅ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មន្ត្រី​ជំនាញ​បរិស្ថាន និង​ក្រសួង​កសិកម្ម នៅ​ក្នុង​ឆ្នាំ​២០០៧ ក៏ប៉ុន្តែ​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​នៅ​តែ​ធ្វើ​បំពាន​ច្បាប់។

ប្រជា​សហគមន៍​ភូមិ​ចម្ការជ្រៃ​ខាង​ជើង ចំនួន ១២០​នាក់ នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​សកម្មភាព​ទិញ​លក់​ដី​ព្រៃ​សហគមន៍​របស់​ខ្លួន និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ស៊ើប​អង្កេត និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាត់​ដី​ព្រៃ​សហគមន៍​លក់។

ប្រធាន​សហគមន៍​ឃុំ​អន្លង់រាប លោក ជុំ សារ៉ាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ថា ដី​ព្រៃ​ទំហំ​ជាង ៤០​ហិកតារ ស្ថិត​នៅ​ក្នុង​ដី​ព្រៃ​សហគមន៍​ភូមិ​ចម្ការជ្រៃ​ខាង​ជើង ត្រូវ​បាន​ក្រុម​ឈ្មួញ​ជួល​កម្មករ​ឲ្យ​កាប់​ឆ្ការ​ស្ទើរ​វាល​អស់​ហើយ ចាប់​តាំង​ពី​អំឡុង​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៣ មក។ ក្រុម​អ្នក​ភូមិ​បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​នេះ និង​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ឈ្មួញ​ទិញ​ដី​សហគមន៍​នោះ​មាន​ឈ្មោះ​អ្វី និង​មាន​ប្រភព​ចេញ​មក​ពី​ណា​នោះ​ទេ៖ «បញ្ហា​ដី​ហ្នឹង គឺ​ទាក់ទង​លើ​ប្រធាន​សហគមន៍ ហើយ​ប្រធាន​ភូមិ​គាត់​លក់។ អ៊ីចឹង ដី​ហ្នឹង គឺ​សម្រាប់​ឧបត្ថម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជំនាន់ៗ​ក្រោយ​ដែល​មាន​ការ​ខ្វះ​ខាត​ដី»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១២០​នាក់ ដែល​បាន​ផ្ដិត​មេដៃ​ជំទាស់​ទៅ​នឹង​ការ​លក់​ដី​ព្រៃ​សហគមន៍​នេះ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​បាន​ទៅ​សួរ​នាំ​អ្នក​ស៊ី​ឈ្នួល​កាប់​ឆ្ការ​ព្រៃ​ឲ្យ​ឈ្មួញ​នោះ ហើយ​គេ​ប្រាប់​ថា មេ​ភូមិ និង​ប្រធាន​សហគមន៍ បាន​លក់​ដី​ព្រៃ​នេះ​ទៅ​ឲ្យ​មេ​ទាហាន​ពាក់​ផ្កាយ​ម្នាក់ ក៏ប៉ុន្តែ​គេ​មិន​បាន​បង្ហើប​ថា មេ​ទាហាន​នោះ​នៅ​បម្រើ​ការ​ក្នុង​អង្គភាព​ណា​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ទាំង​មេ​ភូមិ​ចម្ការជ្រៃ​ខាង​ជើង លោក ខៀវ ថា និង​ប្រធាន​សហគមន៍ លោក សៅ ចំរើន សុទ្ធ​តែ​បាន​បដិសេធ​ថា លោក​ទាំង​ពីរ​មិន​បាន​លក់​ដូរ​ដី​ព្រៃ​សហគមន៍​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ឡើយ។ យ៉ាង​ណា លោក សៅ ចំរើន បាន​បញ្ជាក់​បន្ថែម​ថា លោក​កំពុង​តែ​ធ្វើ​សំណើ​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​នោះ ដើម្បី​សុំ​កាត់​ដី​ព្រៃ​របោះ​ទំហំ​ជាង ៤០​ហិកតារ ស្ថិត​នៅ​ក្នុង​ផ្ទៃ​ដី​របស់​សហគមន៍​នោះ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​កាប់ និង​អាស្រ័យ​ផល ចាប់​តាំង​ពី​មុន​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ដី​ព្រៃ​សហគមន៍​នោះ​មក៖ «ដី​សហគមន៍​ហ្នឹង​មាន​ដី​ប្រជាជន​នៅ​ហ្នឹង មុន​នឹង​សហគមន៍​បង្កើត។ ដល់​ពេល​អ៊ីចឹង​ទៅ គាត់​កាប់​ទៅ ព្រោះ​សហគមន៍​យើង​កើត​ពី​ឆ្នាំ​២០០៧ ហើយ​ដី​គាត់​មាន​តាំង​ពី​សមាហរណកម្ម»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ខាង​លោក​នឹង​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ មុន​នឹង​គិត​ថា​ត្រូវ​ធ្វើ​អន្តរាគមន៍​យ៉ាង​ណា​បន្ត​ទៀត​នោះ៖ «គេ​អត់​អាច​ធ្វើ​អ្វី​បាន​ទេ លុះត្រា​តែ​គាត់​ស្នើសុំ​ខាង​គណៈកម្មការ​សុរិយោដី ហើយ​សាលា​ខេត្ត​ថា​ដី​ទាំងអស់​ហ្នឹង គឺ​ជា​ដី​ព្រៃ​រេចរឹល​ទេ អា​ហ្នឹង​គេ​អាច​ចាត់​ជា​គោលការណ៍​បាន ប៉ុន្តែ​បើ​សិន​ជា​ទី​ទាំងអស់​ហ្នឹង​មិន​មែន​ជា​ដី​រេចរឹល​របស់​រដ្ឋ​ទេ ឬ​មួយ​ក៏​ស្ថិត​នៅ​ក្នុង​ដី​អភិរក្ស គេ​អត់​អាច​ទទួល​យក​បាន​ទេ»

ក្រុម​ប្រជា​សហគមន៍​បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់​បង់​ដី និង​ព្រៃ​ឈើ​សម្រាប់​ប្រើប្រាស់​ដល់​កូន​ចៅ​របស់​ពួក​គាត់​ជំនាន់​ក្រោយ។ អ្នក​ភូមិ​ត្រូវ​បង់​ប្រាក់​ចំនួន ៦​ពាន់​រៀល​ក្នុង​១​ឆ្នាំ ដើម្បី​ថែ​រក្សា​ដី និង​ព្រៃ​ឈើ​ក្នុង​សហគមន៍​ឲ្យ​បាន​គង់វង្ស ក៏ប៉ុន្តែ​បច្ចុប្បន្ន កូន​ចៅ​របស់​ពួក​គាត់​រក​ឈើ​សម្រាប់​ធ្វើ​ផ្ទះ​ក្រោយ​ពេល​រៀប​ការ​រួច​ស្ទើរ​លែង​បាន​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។