ប្រជាពលរដ្ឋនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា សកម្មភាពឈូសឆាយព្រៃលិចទឹកនៅក្នុងឃុំ ចាប់ផ្ដើមកម្រើកជាថ្មីពីសំណាក់ឈ្មួញអ្នកមានប្រាក់ ដោយមិនមានអាជ្ញាធរទប់ស្កាត់ឡើយ។
យ៉ាងណា អាជ្ញាធរបញ្ជាក់ថា អ្នកកាប់ទន្ទ្រានទាំងនោះជាប្រជាពលរដ្ឋ ហើយអាជ្ញាធរនឹងរកវិធានការណែនាំពួកគាត់មិនឲ្យបំផ្លាញព្រៃលិចទឹកទាំងនោះតទៅទៀតទេ។
ពលរដ្ឋឲ្យដឹងថា សកម្មភាពដាក់គ្រឿងចក្រពីរគ្រឿងនៅប្រចាំការនៅក្នុងតំបន់ព្រៃលិចទឹក ក្នុងឃុំទួលស្នួល គឺចាប់ផ្ដើមជាថ្មីទៀតតាំងពីខែមករា មក ដោយមិនឃើញអាជ្ញាធរចេញមុខហាមឃាត់ពួកគេនោះទេ។ ពលរដ្ឋថា ដីព្រៃលិចទឹកនៅតំបន់ហូតអន្ទង់ប្រមាណ ៥០ហិកតារ ត្រូវបានអ្នកមានប្រាក់យកគ្រឿងចក្រទៅឈូសឆាយ ដែលធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រីពងកូននាពេលខាងមុខ។
ពលរដ្ឋម្នាក់នៅឃុំទួលស្នួល សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា លោកព្រួយបារម្ភនៅពេលឃើញសកម្មភាពឈូសឆាយតំបន់ព្រៃលិចទឹកចាប់ផ្ដើម ពីព្រោះព្រៃលិចទឹកទាំងនោះវាជាជម្រកដ៏សំខាន់សម្រាប់ត្រីពងកូន ហើយធ្វើឲ្យបឹងមួយចំនួនបាត់បង់ និងមួយផ្នែកទៀត ធ្វើឲ្យប៉ះពាល់ដល់ដីរបស់ពលរដ្ឋ ដែលបានកាន់កាប់តាំងពីមិនទាន់មានការហាមឃាត់ជាដើម៖ «ព្រោះកន្លងមកគ្រាន់តែប្រជាពលរដ្ឋទៅកាប់យកឧសយកអីហ្នឹងមិនបានផង ហើយដល់ឥឡូវមានអ្នកមានប្រាក់យកអាត្រាក់ទៅរុញ គឺមិនឮថាម៉េចសោះ»។
ដំបូងឡើយ ព្រៃលិចទឹកនៅតំបន់នោះខ្លះត្រូវបានពលរដ្ឋនាំគ្នាកាប់រុករាន ដើម្បីអាស្រ័យផលបានមួយរយៈ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលហាមឃាត់សកម្មភាពបំផ្លាញព្រៃលិចទឹកនោះ ពលរដ្ឋក៏នាំគ្នាផ្អាកសកម្មភាពរបស់ខ្លួន។ ក្រោយមកនៅឆ្នាំ២០១២ សកម្មភាពឈូសឆាយព្រៃលិចទឹកបានចាប់ផ្ដើមឡើងនៅក្នុងតំបន់មួយចំនួន គឺតំបន់ពន្លិចសណ្ដាន់ ក្នុងឃុំការពរប្រាំ អស់ផ្ទៃដីព្រៃលិចទឹករាប់រយហិកតារ ពីសំណាក់អ្នកគ្រប់គ្រងក្រុមហ៊ុនចម្ការកៅស៊ូនៅក្បែរនោះ។ រហូតដល់ដើមឆ្នាំ២០១៥ ក៏មានសកម្មភាពឈូសឆាយពីសំណាក់អ្នកមានប្រាក់ជាថ្មីទៀតនៅតំបន់ហូតអន្ទង់ នៅក្នុងឃុំទួលស្នួល អស់ដីរាប់សិបហិកតារទៀត។ ចំណែកពលរដ្ឋបានដាក់ពាក្យបណ្ដឹងរបស់ខ្លួនទៅមន្ត្រីមូលដ្ឋាន រហូតដល់រដ្ឋសភា ប៉ុន្តែមិនទាន់មានលទ្ធផលវិជ្ជមាននៅឡើយទេ។
ទាក់ទងបញ្ហានេះ មេឃុំទួលស្នួល លោក ធី សម្បត្តិ មានប្រសាសន៍ថា អ្នកចូលកាប់រុករានដីព្រៃលិចទឹកថ្មីៗនេះ គឺជាប្រជាពលរដ្ឋនៅទីនោះ ហើយក៏មិនដែលមានក្រុមហ៊ុនណាទៅប៉ះពាល់ដីតំបន់នោះដែរ។ ចំណែកអាជ្ញាធរ បានហាមឃាត់ពលរដ្ឋជារឿយៗ ប៉ុន្តែពួកគាត់នៅតែមិនព្រមស្តាប់។ លោកថា ទំហំឈូសឆាយដីព្រៃលិចទឹកថ្មីៗនេះ គឺមិនដល់ ១០ហិកតារទេ៖ «ខ្ញុំបានឃាត់ប្រជាពលរដ្ឋហើយ ថាព្រៃនេះគេមិនឲ្យរុករានទេ តែបើបងប្អូនទៅធ្វើខ្លួនឯង គឺទទួលខុសត្រូវខ្លួនឯងទៅ»។
លោកបន្ថែមថា សកម្មភាពឈូសឆាយនាប៉ុន្មានថ្ងៃមកនេះ ហាក់ស្ងប់ស្ងាត់ទៅវិញហើយ។ យ៉ាងណា លោកថានឹងបន្តណែនាំពលរដ្ឋមិនឲ្យរុករានយកដីព្រៃលិចទឹកទៀតទេ ពីព្រោះជាជម្រកយ៉ាងសំខាន់សម្រាប់ត្រីពងកូន និងសម្រាប់ស្ថិរភាពបរិស្ថាននៅពេលខាងមុខ។
ដោយឡែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការឈូសឆាយដីព្រៃលិចទឹក គឺជារឿងខុសច្បាប់។ លោកបន្តថា ពលរដ្ឋដែលអាជ្ញាធរអះអាងថាជាអ្នកទៅកាប់រុករានដីព្រៃលិចទឹក គឺមានខ្លះមែន ប៉ុន្តែអ្នកដែលទៅឈូសឆាយពិតប្រាកដ គឺក្រុមអ្នកមានប្រាក់ប៉ុណ្ណោះ។ លោកថា ពេលឈ្មួញឈូសឆាយបាន ហើយក៏បង្វិលដីនោះទៅជួលឲ្យប្រជាពលរដ្ឋវិញ ដើម្បីងាយស្រួលឆ្លើយដាក់ប្រជាពលរដ្ឋនៅពេលមានបញ្ហាកើតឡើង៖ «ប្រជាពលរដ្ឋគាត់ទៅជាមួយគេ គាត់ទៅអែបៗគេទេ។ ហើយរឿងហ្នឹងទាក់ទងរឿងពុករលួយហ្មង»។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរនៅតែមិនអាចចាត់វិធានការលើបញ្ហានេះឲ្យមានប្រសិទ្ធភាពទេ គឺបណ្ដាលឲ្យពលរដ្ឋលែងមានជំនឿលើប្រព័ន្ធច្បាប់ ហើយនឹងអាចឈប់គោរពច្បាប់ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។