ក្រុមពលរដ្ឋមកពីខេត្តកោះកុង ប្រមាណ ១០០នាក់ តំណាងឲ្យពលរដ្ឋចំនួន ១៧៥គ្រួសារ គ្រោងជួបជុំគ្នាជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនស្ករអំពៅ។
ក្រុមពលរដ្ឋអះអាងថា ផ្ទះសម្បែង និងដីធ្លីដែលធ្លាប់អាស្រ័យផល ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ ឈូសឆាយបំផ្លាញនៅក្នុងឆ្នាំ២០០៦។
តំណាងពលរដ្ឋមានទំនាស់ដីធ្លី លោកស្រី ផាវ ញ៉ឺង ឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ថា ក្រុមពលរដ្ឋចង់ឲ្យក្រសួងពន្លឿនការដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋសរុបចំនួន ១៧៥គ្រួសារជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងបន្តដោះស្រាយទំនាស់ដីផ្ទះរបស់ពលរដ្ឋ ១៥គ្រួសារ ដែលខូចខាតដោយសារក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ៖ « ប្រជាពលរដ្ឋហ្នឹងប៉ះពាល់យូរហើយ ហើយខ្ញុំឃើញថា ការដោះស្រាយហ្នឹងនីតិវិធីយឺតបន្តិច។ សំណូមពររបស់ពលរដ្ឋសុំដីពីរហត្ថ និងលុយប្រាំពាន់ដុល្លារក្នុងមួយគ្រួសារនេះ គឺតាំងពីថ្ងៃប្រាំ ខែមួយឯណោះ ហើយចឹងថ្ងៃស្អែកនេះថ្ងៃ២ ខែពីរ វាជិតមួយខែដែរហើយ វាល្មមនឹងក្រុមហ៊ុន និងក្រសួងធ្វើការបានហើយ »។
ក្រុមពលរដ្ឋប្រមាណ ១០០នាក់នេះ បច្ចុប្បន្នកំពុងស្នាក់អាស្រ័យនៅវត្តសាមគ្គីរង្សី ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
