ជនជាតិ​ដើម​ភាគ​តិច​ព័រ​នៅ​បាត់ដំបង​ស្ទាក់​ចាប់​គ្រឿងចក្រ​របស់​អាជ្ញាធរ​ឈូស​ឆាយ​ដី​សហគមន៍

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ប្រមាណ ១០​នាក់ នាំ​គ្នា​ស្ទាក់​ចាប់​គ្រឿងចក្រ​មួយ​គ្រឿង ដែល​អាជ្ញាធរ​ភូមិ​ដឹក​នាំ​ទៅ​ឈូស​ឆាយ​នៅ​តំបន់​ដី​ព្រៃ​សហគមន៍ កាល​ពី​រសៀល​ថ្ងៃ​ទី​១ ធ្នូ។

អ្នក​ភូមិ​បញ្ជាក់​ថា ហេតុ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​នេះ ដោយសារ​ដី​នៅ​តំបន់​នោះ​ជា​ដី​ព្រៃ​របស់​សហគមន៍ ហើយ​ថែ​រក្សា​ទុក​បែង​ចែក​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​គូស្រករ​ថ្មី។

ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ដែល​មិន​គិតគូរ​ដោះស្រាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទី​ដាច់​ស្រយាល​នោះ​ទេ បែរ​ជា​នាំ​គ្នា​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​សហគមន៍​ជនជាតិ​ដើម​ទៅ​វិញ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ នៅ​ស្រុក​សំឡូត លោក ឆឺត ឈន ថ្លែង​នៅ​ថ្ងៃ​ទី​២ ធ្នូ ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ១០​នាក់ នាំ​គ្នា​ចេញ​ទៅ​ស្ទាក់​ចាប់​គ្រឿងចក្រ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ដី​ព្រៃ​របស់​សហគមន៍ ដែល​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩២ រហូត​មក។ លោក​បន្ត​ថា គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​នោះ ដឹក​នាំ​ដោយ​អាជ្ញាធរ​ភូមិ ទៅ​ឈូស​ឆាយ​ធ្វើ​ឲ្យ​ហិនហោច​ដី​ព្រៃ​សហគមន៍ ក្នុង​គោល​បំណង​យក​ដី​នោះ​ទៅ​ឲ្យ​បុគ្គល​ណា​មួយ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់៖ «ការ​ហាម​ឃាត់​នេះ ដោយសារ​គាត់​ទៅ​គាស់​កកាយ​ធ្វើ​ជា​លំនៅឋាន ហើយ​ប៉ះពាល់​ដី​ដែល​គេ​ពុំ​ទាន់​បែង​ចែក​ទៅ​ឲ្យ​សមាជិក​ក្នុង​សហគមន៍​នៅ​ឡើយ។ ហើយ​ដី​នោះ​កន្លង​មក អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​ហាម​ឃាត់​មិន​ឲ្យ​ភាគី​ណា​មួយ​ធ្វើ​សកម្មភាព​អ្វី​នៅ​លើ​ដី​នោះ​ទេ»

ដី​ព្រៃ​ដែល​អាជ្ញាធរ​ភូមិ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​នោះ ទំហំ​ទទឹង​ប្រមាណ ៣៥​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១០០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​រៃ ឃុំ​តតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

អ្នក​ភូមិ​អះអាង​ថា ដី​ចំនួន​នេះ​ជា​ដី​របស់​សហគមន៍​ថែ​រក្សា​ទុក ដើម្បី​បែង​ចែក​ទៅ​ឲ្យ​គ្រួសារ​ជនជាតិ​ដើម​ភាគ​តិច​ជំនាន់​ក្រោយ​ដែល​មាន​គូស្រករ​ហើយ តែ​គ្មាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​អាស្រ័យ​ផល​នៅ​លើ​ដី​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​តតោក អ្នកស្រី គឹម លី មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​ពិត​ជា​ឋិត​នៅ​ក្នុង​ហេតុការណ៍​នោះ​មែន ប៉ុន្តែ​ដី​ដែល​ឈូស​ឆាយ​នោះ​ពុំ​មែន​ជា​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ គឺ​ជា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​ភូមិ​គ្រាន់​តែ​ទៅ​ឃ្លាំ​មើល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឈូស​ឆាយ​ដោយ​ស្រួល​ប៉ុណ្ណោះ៖ «អត់​មាន​បញ្ហា​អី​ទេ ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​គាត់​តែ​ម្ដង។ ម្យ៉ាង​ទៀត ពាក់ព័ន្ធ​សហគមន៍​ហ្នឹង​នៅ​រៀបចំ​មិន​ទាន់​ស្រួលបួល​នៅ​ឡើយ​ទេ ហើយ​ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​រៀបចំ​សាជាថ្មី​ម្ដង​ទៀត ព្រោះ​កាល​ដែល​យើង​វាស់​ហ្នឹង​ប៉ះ​លើ​ដី​ខ្មែរ​ក៏​ច្រើន​ដែរ។ អ៊ីចឹង​ដើម្បី​ងាយ​ស្រួល គឺ​ត្រូវ​ដក​ដី​ដែល​មិន​មែន​ជនជាតិ​ភាគ​តិច​ដាច់​ដោយ​ឡែក​តែ​ម្ដង បាន​អាច​ទៅ​រួច»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ដី​ព្រៃ​ដែល​ឈូស​ឆាយ​នោះ​ជា​ដី​មាន​ជម្លោះ​ឋិត​នៅ​ភាព​ចម្រូងចម្រាស ពុំ​ទាន់​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ​ទេ។ យ៉ាង​ណា​លោក​ថា ល្គឹកណា​ពុំ​មាន​ការ​ដោះស្រាយ​នៅ​ឡើយ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​កុំ​ធ្វើ​សកម្មភាព​អ្វី​នៅ​លើ​ដី​នោះ​ជា​ការ​ប្រសើរ៖ «ធ្វើ​យ៉ាង​ម៉េច​ថែ​រក្សា​កុំ​ឲ្យ​បាត់​បង់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព័រ របស់​ពួក​គាត់ កាល​ណា​បាត់​ដី​ធ្វើ​ឲ្យ​មាន​តែ​សហគមន៍ តែ​អត់​មាន​ដី គឺ​គ្មាន​ប្រយោជន៍​ទេ។ បើ​អ៊ីចឹង​ទេ សុំ​ឲ្យ​ការពារ​ដី​នោះ​ឲ្យ​នៅ​ជា​ដដែល​សិន»

ទោះ​យ៉ាង​នេះ​ក្ដី ជនជាតិ​ដើម​ភាគ​តិច​ព័រ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ពន្លឿន​ដោះស្រាយ​ដី​ដែល​មាន​ជម្លោះ​នៅ​តំបន់​សំឡូត​ឲ្យ​បាន​ឆាប់ ដើម្បី​យក​ដី​នោះ​ទៅ​ដាំ​ដុះ​អាស្រ័យ​ផល និង​សម្រាប់​ធ្វើ​ជា​ទីកន្លែង​រក្សា​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​ដោយ​ស្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។