ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អះអាងថា ទាហានកងថ្មើរជើងលេខ៧០ បានប្រើគ្រឿងយន្តឈូសឆាយដីចូលតំបន់ព្រៃសហគមន៍ ក៏ប៉ុន្តែទាហានបដិសេធថាមិនបានឈូសរំលោភដីព្រៃសហគមន៍ទេ។
ជម្លោះដីធ្លីរវាងសហគមន៍អម្ពរស្រែពស់ និងក្រុមទាហានចំនួន ១២គ្រួសារលើដីព្រៃទំហំប្រមាណ ៧៨ហិកតារ (៧៧,៩៥ហិកតារ)ដែលសហគមន៍បានចោទទាហានថាបានរំលោភយកដីព្រៃសហគមន៍ បានឈានដល់ការទទួលយកដំណោះស្រាយដែលសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីសប្ដាហ៍មុន។
មន្ត្រីបរិស្ថាន បានវាស់វែងកំណត់ព្រំដីដើម្បីសម្គាល់ដីព្រៃសហគមន៍ និងដីព្រៃសម្បទានដែលទាហានទទួលបានក្នុងការទប់ស្កាត់ទាហានពីការឈូសឆាយដីព្រៃសហគមន៍។
ក៏ប៉ុន្តែនៅថ្ងៃទី២៧ មិថុនា អ្នកភូមិដែលតាមឃ្លាំមើលការឈូសដីព្រៃរបស់ទាហាន អះអាងថា ក្រុមទាហានបានឈូសចូលដីព្រៃសហគមន៍អស់ទំហំ ៥០ម៉ែត្រគុណ ២០០ម៉ែត្រនៅត្រង់ចំណុចអក្សរស៊ី (C) និង ឌី (D) ដៅដោយប្រព័ន្ធ ជី.ភី.អេស (GPS)។
លោក ឈន ធា ដែលជាពលរដ្ឋចុះល្បាតព្រៃ ចោទទាហានថាបំពានការកំណត់របស់មន្ទីរបរិស្ថាន៖ « កូនចៅ ទាហានប្រើអាអិច ( គ្រឿងយន្ត ឈូសឆាយ ដី ) ឈូសដីលើសពីលេខ ( ទីតាំង ) ដែលបានកំណត់ បណ្ដាល ឈូសដល់ដី សហគមន៍ »។
ក្រុមទាហានច្រានចោលការលើកឡើងនេះ។ លោក ឯម ម៉ៅ ដែលដឹកនាំក្រុមទាហានឈូសដីព្រៃ បញ្ជាក់ថា ពួកគេធ្វើត្រឹមត្រូវតាមការកំណត់៖ « អត់មានចូលដីសហគមន៍ទេ។ អត់មាន ចូល អត់ មានអីទេ »។
លោកឲ្យដឹងថា ក្រុមលោកបានឈូសដីជិត ៨០ហិកតារជិតរួចរាល់ហើយ៖ « ៥០ម៉ែត្រ ១០០ម៉ែត្រទៀតរួចហើយ »។
បើយោងតាមអនុប្រធានមន្ទីរបរិស្ថាន លោក នៅ ណាក់ ដែលចុះសម្របសម្រួលករណីនេះ ទាហានពិតជាបានឈូសព្រៃឆ្លងចូលដីសហគមន៍នៅត្រង់ចំណុចអក្សរអ៊ី (E)៖ « លើសប្រហែល ២០ ទៅ ៣០ ម៉ែត្រទេ។ តែយើងបានឲ្យទាហានថយអាត្រាក់ មកកាយត្រឹម ព្រំដែល យើងធ្វើ ថ្មី »។
នៅពេលសម្របសម្រួលដើរវាស់វែងព្រំដីហើយកាលពីសប្ដាហ៍មុន មន្ទីរបរិស្ថាន ធានាថា នឹងដាក់មន្ត្រីរបស់ខ្លួនឃ្លាំមើលក្រុមទាហានឈូសឆាយដី ដើម្បីបញ្ចៀសកុំឲ្យឈូសបំពានលើដីសហគមន៍។
លោក នៅ ណាក់ ពន្យល់ថា ការដែលឈូសដីចូលដីសហគមន៍ បានកើតឡើងដោយក្រុមលោកមិនបានចុះទៅតាមអង្កេត៖« ដោយសារតែគាត់ ( ទាហាន ) អត់បានហៅមន្ត្រីរបស់យើងចូលរួម។ យើងស្មានតែគាត់ដឹងព្រំហើយអស់ហើយ ក៏មិនបានបញ្ចូលមន្ត្រីរបស់យើងចូលរួម ទៅ »។
បច្ចុប្បន្ន មន្ទីរបរិស្ថាន កំពុងស្រង់ឈ្មោះពលរដ្ឋដើម្បីរៀបចំបង្កើតសហគមន៍អភិរក្សព្រៃឈើឡើងវិញ បន្ទាប់ពីសហគមន៍ចាស់អស់សុពលភាព ហើយពួកគេនឹងជួបជជែកគ្នានៅថ្ងៃទី៣ កក្កដា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។