អ្នកស្រុកអង្គរជ័យ ខេត្តកំពត ព្រួយបារម្ភខ្លាចបាត់បង់បឹងធម្មជាតិ ដែលអ្នកភូមិធ្លាប់ប្រើប្រាស់សម្រាប់របរកសិកម្មជាច្រើនជំនាន់មកហើយនោះ ត្រូវធ្លាក់ទៅលើដៃឯកជនកាន់កាប់អាស្រ័យផលទៅវិញ។ ក្រុមអ្នកភូមិ ស្នើសុំឲ្យអាជ្ញាធររក្សាទុកដីជុំវិញផ្ទៃបឹងត្នោតកាចាន ស្ថិតក្នុងឃុំតានី ស្រុកអង្គរជ័យ នោះជាសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ពលរដ្ឋរួមជារៀងរហូត។
ពលរដ្ឋភូមិឫស្សី ឲ្យដឹងថា ដីបឹងត្នោតកាចាន កំពុងត្រូវគំរាមកំហែងដោយអាជីវកម្មឡឥដ្ឋ ដែលជីកកាយយកអាចម៍ដីជុំវិញបឹងសាធារណៈហួសព្រំដែនកំណត់ ដោយមិនពិគ្រោះយោបល់ជាមួយនឹងអ្នកភូមិ ដែលកំពុងអាស្រ័យផលនោះទេ។
លោកតា យ៉ាន់ អាយុ ៨៣ឆ្នាំ នៅភូមិឫស្សី ឲ្យដឹងថា បុរសផលិតឥដ្ឋមួយរូបចូលមកបង្កើតឡនៅក្បែរបឹងត្នោតកាចាន។ បុរសនោះចេះតែជីកយកអាចម៍ដីពីបឹង ទៅប្រើប្រាស់ក្នុងឡឥដ្ឋ ហើយបង្ខិតព្រំដីនោះចូលមកក្នុងបឹងពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែជ្រៅទៅៗ ទើបគាត់ និងអ្នកភូមិ បារម្ភខ្លាចដីបឹងជាដីសាធារណៈរបស់រដ្ឋ នឹងក្លាយជាដីរបស់បុគ្គលនោះនៅពេលខាងមុខ៖ «ទុកស្រណុកប្រជាពលរដ្ឋរកស៊ីពីជើងពីត្បូងពីលិចពីកើត នេសាទសព្វមុខ តាំងពីស្រែភ្លឺស្រូវ ស្រូវព្រោះអី គ្រប់បែបគ្រប់យ៉ាង នៅហ្នឹងទាំងអស់»។
អ្នកភូមិម្នាក់ទៀតឈ្មោះ សួស ឆែ ឲ្យដឹងដែរថា បឹងសាធារណៈរបស់រដ្ឋនេះមានទទឹងជាង ៥០ម៉ែត្រ បណ្តោយទៅដល់ព្រំដែនវៀតណាម។ បឹងនោះ អ្នកភូមិប្រកបរបរនេសាទប្រើប្រាស់ទឹកបឹងស្រោចដំណាំ និងបូមទឹកដាក់ស្រែ ហើយបេះបន្លែដុះក្នុងបឹងលក់ និងទទួលទាន។ ប៉ុន្តែថ្មីៗនេះ លោក សេង ថុង អ្នកធ្វើឡឥដ្ឋនៅជិតនោះ បានយកគ្រឿងចក្រទៅជីកយកអាចម៍ដី និងត្រៀមព័ទ្ធដីនោះ បម្រុងទុកជាឯកជន ទើបអ្នកភូមិផ្អើលដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំ ឲ្យជួយរក្សាដី និងទំហំបឹងនៅដដែល ហើយរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ បង្ការកុំឲ្យដីបឹងត្នោតកាចាន ក្លាយទៅជាដីឯកជន៖ «កាលមុនជីកគន្លុកតិចតួចយកដីហ្នឹងធ្វើឥដ្ឋ ធ្វើក្បឿង ធ្វើតាំងពីមុនទៅវាមិនអី ដល់ឥឡូវគ្មានអ្នកណាឮមាត់ឮក ហើយប្រជាជនអីអត់មានតវ៉ា ឥឡូវក្លាយមកដល់ពោះបឹង ហើយឥឡូវហ្នឹង កាយពោះបឹងយកទុកទៅកើតទំនប់ ប៉ុណ្ណាណីឯណោះ ហើយនៅតែថ្ងៃក្រោយទៅចាក់ដីបំពេញត្រង់ហ្នឹងទៅ ដីលក់រាប់ម៉ឺនដុល្លារទៅហើយ»។
មេឃុំតានី លោក អ៊ីវ ស្ងួន ថ្លែងថា គ្មាននរណាហ៊ានយកដីបឹងជាសម្បត្តិរបស់រដ្ឋនោះទៅជាសម្បត្តិឯកជនទេ។ លោកថា អ្នកជីកអាចម៍ដីនោះ ក៏មិនបានបង់ពន្ធថ្លៃដីជូនសាលាឃុំដែរ។ សកម្មភាពជីដីនោះ គឺជួយស្ដារដីពីក្នុងបឹង ឲ្យបានទឹកជ្រៅមានទឹកប្រើទាំងប្រាំង និងវស្សាក្នុងភូមិឃុំ៖ «មិនបាត់ទេបឹង តែខែវស្សាឡើងទឹកវាហៀរហូរ មកពន្លិចទាំងអស់កន្លែងហ្នឹង។ ដីមានកម្មសិទ្ធិឯណាកន្លែងហ្នឹង ដីអត់ប្លង់ទេ គេកាយដីយកទៅធ្វើឥដ្ឋ គេចេះតែកាយទៅ»។
បំភ្លឺតបនឹងការចោទប្រកាន់ពីសំណាក់ពលរដ្ឋក្នុងភូមិឫស្សី ម្ចាស់អាជីវកម្មឡឥដ្ឋ លោក សេង ថុង អះអាងថា គាត់គ្មានបំណងយកដីបឹងរបស់រដ្ឋជាដីផ្ទាល់ខ្លួនទេ។ ប៉ុន្តែបើអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឲ្យអ្នកដទៃដែលអាស្រ័យផលពីក្នុងបឹងត្នោតកាចាន នេះ គាត់ក៏ចង់បានកម្មសិទ្ធិដែរ ព្រោះដីនោះគាត់បានទិញគេច្រើនឆ្នាំហើយ ប្រកបរបរផលិតឥដ្ឋ៖ «ហើយសព្វថ្ងៃនេះ ខ្ញុំកាយពោះបឹងពង្រីកឲ្យធំឲ្យជ្រៅ ហើយមួយដៃអេស្កា ប្រហែលជា ៤ម៉ែត្រ នៅពេលខ្ញុំពង្រីកអាហ្នឹង បើធម្មតាទេមិនយកដីមកដាក់មួយចំហៀង អ៊ីចឹងម្ខាងតូចម្ខាងធំអ៊ីចឹង នៅពេលនោះ គឺដើម្បីឲ្យស្តុកទឹកបានធ្វើស្រែប្រាំងប្រជាពលរដ្ឋនៅក្នុងហ្នឹង»។
អាជ្ញាធរស្រុកអង្គរជ័យ លោក នួន តាល់ ឲ្យដឹងថា លោកទើបចូលកាន់តំណែងកាលពីខែមិថុនា លោកនឹងពិនិត្យបញ្ហាកើតឡើងនៅក្នុងឃុំតានី នេះ។
ជំទប់ទី២ឃុំតានី លោក ពេជ្រ ទឹក ឲ្យដឹងថា បឹងត្នោតកាចាន មានព្រំប្រទល់ជាប់ឃុំភ្នំកុ និងឃុំតានី។ ដីបឹងនោះជាដីសាធារណៈរបស់ឃុំតានី ដែលតភ្ជាប់ដីអតីតព្រលានយន្តហោះជប៉ុន មក។ លោកថា ក្រោយពីពលរដ្ឋផ្អើលឈូឆរពីការជីកដីបឹងនោះ លោកបានចុះទៅអង្កេតឃើញថា ការជីកយកអាចម៍ដីពីបឹងនោះ ច្រៀកយកដីបឹងជា ២ចំណែក ម្ខាងសម្រាប់អ្នកផលិតឥដ្ឋ និងម្ខាងជាសម្បត្តិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
