ពលរដ្ឋភូមិកណ្ដាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បារម្ភនឹងការបាក់ដីធ្លាក់ចូលទន្លេ ដែលបណ្ដាលមកពីសាឡង់បូមខ្សាច់កៀកច្រាំងទាំងយប់ទាំងថ្ងៃ។ ចំណែកអភិបាលរងខេត្តកណ្ដាល ទទួលស្គាល់ថា ពិតជាមានសាឡង់កំពុងបូមខ្សាច់នៅទីនោះមែន ប៉ុន្តែលោកបដិសេធថា ពុំមានការបូមទាំងយប់ថ្ងៃនោះទេ។
អ្នកភូមិសុំឲ្យអាជ្ញាធរចុះត្រួតពិនិត្យពីផលប៉ះពាល់ជាមុនសិន មុននឹងបដិសេធលើសេចក្តីរាយការណ៍របស់ពួកគាត់ និងត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់។
អនុប្រធានភូមិកណ្ដាល ឃុំកោះចូរ៉ាម លោក ផៃ ពៅ តំណាងពលរដ្ឋ ៦០គ្រួសារ ដែលមានដីបង្កបង្កើនផលដំណាំ មានប្រសាសន៍នៅថ្ងៃទី១០ មិថុនា ថា ដីកោះខ្សាច់អាចនឹងបាក់ធ្លាក់ចូលទឹកទន្លេអស់ បើអាជ្ញាធរពុំមានការទប់ស្កាត់សាឡង់នោះទេ ព្រោះបច្ចុប្បន្ននៅមានសាឡង់ធំៗបូមខ្សាច់ពីរគ្រឿង កំពុងធ្វើសកម្មភាពនៅទីនោះ។ លោកថា ពីមុនសាឡង់បូមខ្សាច់មានបីគ្រឿង ដែលបូមខ្សាច់កៀកៗកោះនោះ តែក្រោយពីបណ្ដាញសារព័ត៌មានផ្សព្វផ្សាយពីសកម្មភាពនៃសាឡង់បូមខ្សាច់នោះទៅ ក្រុមហ៊ុនក៏ដកសាឡង់ចេញមួយគ្រឿងវិញ៖ «បាក់! បាក់ៗបណ្ដើរៗ ព្រោះវាបូមនៅកៀកខាងហ្នឹង វាបូមហ្នឹងឆ្ងាយអស់ហើយម្ភៃម៉ែត្រ បង! បាទ! គាត់នៅព្រួយបារម្ភ ព្រោះដីហ្នឹងបាក់បណ្ដើរៗទៀតហើយ»។
លោកថ្លែងបន្តថា ពលរដ្ឋស្វែងរកស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើករណីនេះ។ ពួកគាត់ធ្លាប់សុំអន្តរាគមន៍ពីថ្នាក់មូលដ្ឋាន និងដល់រដ្ឋសភា តែការងារនេះពុំឃើញផ្ដល់ផ្លែផ្កាឡើយ។
ទាក់ទងករណីនេះ អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកណ្ដាល លោក ម៉ែន មករា យល់ថា ពលរដ្ឋមានសិទ្ធិប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ប៉ុន្តែមុខរបរណាដែលធ្វើហើយប៉ះពាល់ដល់ជីវភាព ឬការរស់នៅរបស់អ្នកដទៃ គេគួរឈប់ប្រកបមុខរបរនោះទៀត៖ «ព្រោះប្រជាពលរដ្ឋអាដែងនែ៎! រស់នៅត្រូវការសេចក្ដីសុខ ហើយអ្នកបូមខ្សាច់ក៏ចង់បានផលប្រយោជន៍។ កាលណាដែលបូមទៅធ្វើឲ្យប៉ះពាល់ដល់សេចក្ដីសុខ និងហា៎ជីវិត ប៉ះពាល់ដល់ជីវិត ប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងមុខរបររបស់ពួកគាត់ អាជ្ញាធរត្រូវចាត់វិធានការឲ្យបានត្រឹមត្រូវ ដើម្បីហាមឃាត់កុំឲ្យមានការប៉ះពាល់ដល់សេចក្ដីសុខ និងភាពរស់នៅ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតទៅទៀត»។
លោកបន្តថា អាជ្ញាធរគួរដោះស្រាយករណីនេះជូនពលរដ្ឋ ព្រោះវាអាចធ្វើឲ្យបាត់បង់ដីបង្កបង្កើនផលកសិកម្មរបស់ពួកគាត់ទៅអនាគត។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្ត លោក ជឹម សុខុន ប្រតិកម្មតបថា ការដែលពលរដ្ឋលើកឡើងនោះពុំត្រឹមត្រូវនោះទេ ព្រោះក្រុមហ៊ុនពុំបូមទាំងថ្ងៃទាំងយប់នោះដូចការអះអាងដូចការចោទនោះឡើយ៖ «សាឡង់បូមខ្សាច់ហ្នឹងអត់មានធ្វើសកម្មភាពផងបាទ! ធ្វើសកម្មភាព អត់ធ្វើនៅកោះចូរ៉ាមហ្នឹងផង! បាទ! មានរបស់ ឥឡូវសឹងមួយ! ហេ៎និយាយហ្នឹងខុសទទេ! បូមទាំងយប់ថ្ងៃឯណា! វាបូមមួយពេលៗដែលទៅមើល ខាងក្រុមហ៊ុន ខាងក្រសួងធនធានទឹក បានចុះទៅចាប់ថ្ងៃមុនអស់ពីរគ្រឿង អាហ្នឹងទាល់តែសួរខាងនេះ ខាងខ្ញុំហ្នឹងខ្ញុំអត់ដឹងទេ ទាល់តែសួរខាងក្រសួងធនធានទឹកហ៎»។
លោកបញ្ជាក់បន្តថា ក្រុមហ៊ុនដែលអាចធ្វើអាជីវកម្មបូមខ្សាច់បាន លុះណាតែក្រុមហ៊ុននោះទទួលអាជ្ញាប័ណ្ណពីក្រសួងធនធានទឹក និងឧតុនិយម។
ពលរដ្ឋដែលរស់នៅ និងមានក្បាលដីលើកោះខ្សាច់ក្រៅ មានប្រមាណ ៦០គ្រួសារ ហើយសាឡង់ចាប់ផ្ដើមបូមខ្សាច់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ មក។ ពលរដ្ឋអះអាងថា ក្រោយពីមានការបូមខ្សាច់នៅទីនោះមក ធ្វើឲ្យដីកោះបាក់ធ្លាក់ចូលទន្លេជារៀងរាល់ថ្ងៃ។ ការសុំអន្តរាគមន៍របស់ពលរដ្ឋពីអាជ្ញាធរមកទល់ពេលនេះ ពុំរកដំណោះស្រាយជូនពួកគាត់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
