ការបិទផ្លូវរបស់ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ មិនឲ្យពលរដ្ឋធ្វើដំណើរទៅកាន់ដីស្រែចម្ការនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែធ្វើឲ្យអ្នកស្រុក២ឃុំ គឺឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ នាំគ្នាត្រៀមញត្តិប្ដឹងទៅអាជ្ញាធរស្រុក និងខេត្ត ជួយដោះស្រាយ។
អាជ្ញាធរ និងប្រជាពលរដ្ឋឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្ដិតមេដៃលើញត្តិសុំបើកផ្លូវលំក្នុងភូមិប្រវែង ៣គីឡូម៉ែត្រ ដែលក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ បិទផ្លូវមិនឲ្យពលរដ្ឋចូលទៅដាំដំណាំ។
ពលរដ្ឋឃុំតាំងសំរោង លោក ថោង បូរ៉ា ឲ្យដឹងថា ផ្លូវលំចាក់បេតុងមួយខ្សែប្រវែង ៣គីឡូម៉ែត្រ ពុះចែកព្រំដីរវាងឃុំក្រាំងដីវ៉ាយ និងឃុំតាំងសំរោង បានកសាងដោយក្រុមហ៊ុន ស្លាត សាណាន នៅឆ្នាំ២០១០។ ក្រោយពីក្រុមហ៊ុន ស្លាត សាណាន កសាងរួច ស្រាប់តែក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ចូលទៅគ្រប់គ្រង ហើយក៏បិទផ្លូវលំនោះមិនឲ្យអ្នកស្រុកចូលដាំដុះក្នុងដីរបស់ខ្លួន ដែលនៅក្នុងការហ៊ុមព័ទ្ធរបស់ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍។ លោកថា ប្រជាពលរដ្ឋកំពុងតែផ្ដិតមេដៃលើញត្តិសុំអាជ្ញាធរស្រុក និងខេត្ត បើកផ្លូវនោះវិញ៖ «ដល់អ៊ីចឹងអត់ឲ្យគាត់ចូល មានអ្នកខ្លះរហូតដល់ខូចដើមដំឡូងមីរបស់គាត់អស់ នៅឈប់ឡាន នៅឈប់គោយន្តអីជាមធ្យោបាយអីផ្សេងៗហ្នឹង គឺអត់បានចូល»។
ជំទប់ទី២ ឃុំតាំងសំរោង លោក មាស ហ៊ុំ ថ្លែងថា សាលាឃុំមិនមានពាក្យសុំវិនិយោគពីក្រុមហ៊ុន ស្លាត សាណាន ផ្ទេរទៅក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ទេ។ ស្រាប់តែក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ មកបិទផ្លូវយកតែម្តង សូម្បីតែដីគាត់ដែលជាអាជ្ញាធរឃុំនៅក្នុងការហ៊ុមព័ទ្ធនោះ ក៏ក្រុមហ៊ុនមិនឲ្យគាត់ចូលទៅដាំដំឡូងដែរ៖ «ខ្ញុំអត់មានសិទ្ធិធ្វើអីបានដែរ សូម្បីតែខ្ញុំអាជ្ញាធរឃុំនេះហ្នឹង ក៏ជួបប្រទះ ខ្ញុំដឹកដំឡូងមីដឹកអីយកមកដាំហ្នឹង វាមិនឲ្យចូល រហូតដល់ខូចដើមដំឡូងមី ខូចអស់រាប់លានរៀលលុយខ្មែរយើងទៅទៀត»។
មេឃុំតាំងសំរោង លោក គង់ សឿន ឲ្យដឹងថា ពលរដ្ឋដែលត្រូវការដាំដុះច្រើនក្នុងដីពាក់ព័ន្ធការបិទផ្លូវរបស់ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ភាគច្រើនមកពីឃុំក្រាំងដីវ៉ាយ។ លោកថា ក្នុងការប្រជុំរបស់សាលាស្រុកភ្នំស្រួច អាជ្ញាធរឃុំតាំងសំរោង បានសុំបើកផ្លូវនោះដែរ ប៉ុន្តែមិនមានប្រសិទ្ធភាព ព្រោះអ្នកចូលដាំដុះក្នុងដីហ៊ុមព័ទ្ធនោះ ភាគច្រើនមកពីតំបន់ក្រៅឃុំ៖ «ម្សិលមិញហ្នឹងខ្ញុំចូលទៅមើលហ្នឹង ប្រជាពលរដ្ឋមួយចំនួនដែលពាក់ព័ន្ធទៅនៅលើដីក្រុមហ៊ុនរបស់គេហ្នឹង តាមពិតប្រជាពលរដ្ឋគាត់មកពីចម្ងាយ ហើយមិនមែនពាក់ព័ន្ធក្នុងឃុំតាំងសំរោង យើងខ្ញុំទេ ខាងក្រាំងដីវ៉ាយ ទេ»។
ផ្ទុយពីនេះ មេឃុំក្រាំងដីវ៉ាយ លោក ម៉ាន់ ម៉េន ថ្លែងថា សាលាឃុំមិនបានទទួលពាក្យប្ដឹងពីប្រជាពលរដ្ឋថាមានក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ បានបិទផ្លូវលំមិនឲ្យអ្នកភូមិចូលដាំដុះនោះទេ៖ «បិទផ្លូវយ៉ាងម៉េច ចាំខ្ញុំចូលទៅមើលជាក់ស្តែង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ជម្រាបសួរព័ត៌មានបានទេ ប៉ុន្តែអភិបាលរងខេត្តកំពង់ស្ពឺ លោក ចាន់ ដារ៉ា មានប្រសាសន៍ថា អាជ្ញាធរស្រុកភ្នំស្រួច នឹងចុះពិនិត្យមើលករណីនោះ។
មន្ត្រីសមាគមអាដហុក (adhoc) ខេត្តកំពង់ស្ពឺ លោក រត្ថា វី ឲ្យដឹងថា ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ មិនបានទទួលសិទ្ធិកាន់កាប់ដីផ្ទេរពីក្រុមហ៊ុន ស្លាត សាណាន ដូចអាជ្ញាធរ និងប្រជាពលរដ្ឋលើកឡើងនោះទេ។ ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ បានសុំការអនុញ្ញាតឈូសដីដាំដំណាំកសិឧស្សាហកម្មពីអតីតអភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន ដើម្បីឈូសដីទំហំ ៩៥០ហិកតារ ដែលគ្របដណ្ដប់លើដីចំនួន ២ឃុំ គឺឃុំក្រាំងដីវ៉ាយ និងឃុំតាំងសំរោង។ លោកបន្តថា លោក កង ហ៊ាន អតីតអភិបាលខេត្ត អនុញ្ញាតឲ្យក្រុមហ៊ុនឈូសឆាយ និងដាំដំណាំ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ប៉ុន្តែសុំឲ្យដោះស្រាយទំនាស់ដីឲ្យបានចប់សព្វគ្រប់សិន។ លោក រត្ថា វី បន្តថា ក្រោយពីមានការអនុញ្ញាត ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ មិនមានដាំដំណាំលើដីវិនិយោគនោះទេ។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំតាំងសំរោង និងឃុំក្រាំងដីវ៉ាយ ឲ្យដឹងថា ពួកគាត់នឹងចុះរុះរើរបងដែលបិទផ្លូវលំនោះ ក្រោយពីដាក់ញត្តិទៅអាជ្ញាធរស្រុកភ្នំស្រួច រួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
