ពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកកំចាយមារ ខេត្តព្រៃវែង ចោទប្រកាន់អាជ្ញាធរស្រុកថា ដោះស្រាយទំនាស់ដីលម្អៀងទៅខាងអ្នកមានឲ្យឈ្នះក្ដី ដោយមិនបានពិនិត្យអង្គហេតុរបស់ភាគីទាំងសង្ខាងឲ្យបានគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែអភិបាលរងស្រុកបញ្ជាក់ថា ការដោះស្រាយទំនាស់ឈរលើគោលការណ៍ច្បាប់ត្រឹមត្រូវ ពុំលម្អៀងទៅភាគីណាមួយឡើយ។
ភាគីទំនាស់ដែលអាជ្ញាធរឲ្យចាញ់ក្ដី សម្ដែងការមិនពេញចិត្តទៅនឹងវិធីរកដំណោះស្រាយរបស់អាជ្ញាធរស្រុក ថាជារឿងអយុត្តិធម៌មកលើកអ្នកក្រីក្រ ដែលសម្រេចឲ្យចាញ់ក្ដីក្នុងរឿងទំនាស់នេះ។
ភាគីទំនាស់អោយដឹងថា ផ្ទៃដីមានទំនាស់នោះមានទំហំប្រមាណជាង ២ហិកតារ ស្ថិតនៅភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ដីនេះមានទំនាស់ជាមួយភាគីម្ខាងទៀតជាអ្នកមានទ្រព្យធន រស់នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានទំនាស់ដោះស្រាយមិនចេញ ប្ដឹងផ្ដល់គ្នារកដំណោះស្រាយនៅសាលាស្រុកកំចាយមារ។
អ្នកភូមិដែលអាជ្ញាធរឲ្យចាញ់ក្ដី លោក ជា ហៀន រស់នៅភូមិឡឥដ្ឋ ឃុំក្រញូង ថ្លែងនៅថ្ងៃទី៧ មិថុនា ថា ផ្ទៃដីដែលមានទំនាស់លោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ក្រោយមក ម្ដាយរបស់ខ្លួនបានលក់ទៅឲ្យភាគីទំនាស់ចំនួន ១ហិកតារ តែការលក់ដូរពេលនោះពុំមានបញ្ជាក់លិខិតស្នាមត្រឹមត្រូវពីអាជ្ញាធរភូមិឃុំនៅឡើយទេ។ លោកបន្តថា ក្រោយមកទៀត ភាគីទំនាស់បានធ្វើប្លង់កាន់កាប់លើផ្ទៃដីទាំងជាង ២ហិកតារនោះ ធ្វើកម្មសិទ្ធិរបស់ខ្លួនរហូតមក៖ «បាទ! អយុត្តិធម៌ដោយពិតប្រាកដ ហើយខ្ញុំហ្នឹងប្រឈមនឹងមុខច្បាប់បាទ! គាត់អត់ទទួលស្គាល់ថា ដីហ្នឹងថាដី សាក់ ឡាំ មួយហាត់ទេ គាត់អត់ទទួលស្គាល់ទេ គាត់ទទួលស្គាល់ថា ដីហ្នឹងថា សាក់ ឡាំង ទាំង ២ហាត់ទៀត។ ខ្ញុំទទួលយកមិនបានទេបង! បើគាត់ទុកឲ្យខ្ញុំម៉ាហាត់ទៀត ហើយគាត់យកតែមួយហាត់បាន»។
ឆ្លើយតបនឹងបញ្ហានេះ ភាគីទំនាស់ លោក សាក់ ឡាំ រស់នៅភូមិព្រាល ឃុំថ្មពួន ស្រុកកញ្ជ្រៀច ឲ្យដឹងថា ដីដែនមានទំនាស់នោះជាដីរបស់ខ្លួនកាន់កាប់ដោយស្របច្បាប់ បានជួលទៅឲ្យប្អូនរបស់ លោក ជា ហៀន ភាគីទំនាស់ធ្វើស្រែនៅលើដីនោះជាបន្តបន្ទាប់មក។ លោក សាក់ ឡាំ បន្តថា អ្នកភូមិរស់នៅក្បែរខាងទាំងអស់ សុទ្ធតែដឹងថាដីនោះជាដីរបស់ខ្លួនកាន់កាប់យូរមកហើយ ពុំមែនជាដីរបស់អ្នកចាញ់ក្ដីដូចការលើកឡើងនោះទេ៖ «អឺ! កុំសួរខ្ញុំ! ខ្ញុំហ្នឹងជាម្ចាស់ដីថាខ្ញុំហ្នឹងចង់បាន អាឡូវទៅសួរអ្នកបងប្អូនគាត់នៅជុំវិញដីហ្នឹង អ្នកជួលទាំងប៉ុន្មាន ទៅសួរឈ្មោះបងប្អូននៅកន្លែងទីតាំងដីហ្នឹងហើយ បើចង់សួរដឹងច្រើន សួរម៉ាភូមិពោ សិក្សាទៅ។ ដែលពីជំនាន់ហ្នឹងមិនទាន់មានម៉ាស៊ីនច្រូតទេ ទៅសួរទៅ ខ្ញុំក៏ជួលច្រូតអ្នកជួលតក៏ជួលច្រូត។ សួរជាអ្នកសាក្សីដែលដឹងឮធ្លាប់ជួលនុះ ពីប៉ុន្មាន៧ដំណមកហើយ បានដល់គាត់ណោះ»។
ផ្ទៃដីដែលមានទំនាស់នោះ ភាគីទាំងសង្ខាងអាងសិទ្ធិកាន់កាប់រៀងៗខ្លួន។ នៅឆ្នាំ២០១៣ អ្នកទាំង២បានប្ដឹងទៅសាលាស្រុកឲ្យជួយរកដំណោះស្រាយ។ ក្រោយមក នៅថ្ងៃទី៦ មិថុនា អភិបាលរងស្រុកកំចាយមារ សម្រេចឲ្យ លោក សាក់ ឡាំ ជាអ្នកឈ្នះក្ដីក្នុងរឿងនេះ។ ភាគីទំនាស់ដែលចាញ់ក្ដីហៅការកាត់ក្ដីរបស់អភិបាលរងស្រុក ថារឿងអយុត្តិធម៌កាត់ក្ដីលម្អៀង។
ទាក់ទងនឹងបញ្ហានេះ អភិបាលរងស្រុកកំចាយមារ លោក ទិន ភារម្យ មានប្រសាសន៍បញ្ជាក់ថា ដីដែលមានទំនាស់នោះ លោកបានចុះទៅស្រាវជ្រាវរកឃើញថា ដីនោះដើមឡើយជាដីរបស់ម្ដាយ លោក ជា ហៀន ដែលកាត់ឲ្យចាញ់ក្ដីប្រាកដមែន ប៉ុន្តែដីនោះបានលក់ទៅឲ្យភាគីទំនាស់ ហើយភាគីទំនាស់បានជួលដីនោះទៅឲ្យអ្នកភូមិក្បែរខាងបន្តបន្ទាប់ រហូតទៅដល់ប្អូនរបស់ លោក ជា ហៀន។
លោក ទិន ភារម្យ បញ្ជាក់ថា ការដោះស្រាយទំនាស់ពុំបានលម្អៀងទៅបុគ្គលណាម្នាក់ឡើយ ហើយភាគីចាញ់ក្ដីមិនសុខចិត្ត អាចប្ដឹងបន្តទៀតទៅតុលាការ៖ «គាត់ជួលឲ្យរៀងរាល់ឆ្នាំ ដើម្បីធ្វើស្រែហ្នឹងបន្ត។ ដល់ឆ្នាំ២០១៣ គាត់អត់ឲ្យលុយបាន សាក់ ឡាំ ហ្នឹងគេប្ដឹងមក ជា ហៀន ដើម្បីកុំរឿងគាត់អត់បង់លុយឲ្យគាត់។ គាត់យកដីវិញ ដល់ហើយបានជារឿងរ៉ាវហ្នឹង ហើយរឿងរ៉ាវដីនេះ ខ្ញុំបានប្រមូលព័ត៌មានមកថា ដីនៅភូមិហ្នឹង គឺប្រជាពលរដ្ឋណាក៏គេដឹងថា ដីរបស់បង ឡាំ ដែរ។ សូម្បីតែប្អូនគាត់ ហើយនឹងបងប្អូនគាត់ពីរបីនាក់របស់ ជា ហៀន ហ្នឹងក៏បានជួលដី សាក់ ឡាំ យកធ្វើការយកដាំស្រូវប្រមូលផល ហើយអ្នកជិតខាងក៏គេដឹងដែរ»។
ភាគីទំនាស់ដែលអាជ្ញាធរឲ្យចាញ់ក្ដីឲ្យដឹងថា ដំណោះស្រាយក្នុងទំនាស់ដែលអាជ្ញាធរសម្រេចឲ្យចាញ់ក្ដី កាលពីថ្ងៃទី៦ មិថុនា កន្លងទៅ ការកាត់ក្ដីនោះ អាជ្ញាធរភូមិឃុំពុំបានចុះហត្ថលេខាទទួលស្គាល់តាមសេចក្ដីសម្រេចរបស់អភិបាលរងស្រុកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
