សហគមន៍​នៅ​ព្រៃវែង​ចោទ​អាជ្ញាធរ​ឃុំ​ថា​មិន​ដោះស្រាយ​ទំនាស់​ដី​សហគមន៍

0:00 / 0:00

ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដីធ្លី​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​អើពើ​រឿង​ទំនាស់​ដី​ស្រះ​ក្នុង​សហគមន៍ បណ្ដោយ​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដី​ម្ខាង​ទៀត​កាន់​កាប់ និង​ប្រើប្រាស់​ដី​ដោយ​ខុស​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍។ ប៉ុន្តែ មេ​ឃុំ​បញ្ជាក់​ថា បញ្ហា​ទំនាស់​នេះ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​ជាច្រើន​លើក​មក​ហើយ តែ​ជា​រឿង​សាំញ៉ាំ​ពិបាក​ដោះស្រាយ។

ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដីធ្លី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​ទំនាស់​ដី​ស្រះ​នេះ ដោះស្រាយ​យក​ដី​ដែល​មាន​ទំនាស់​រក្សា​ទុក ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ព្រោះ​ដី​ស្រះ​នោះ​ជា​ប្រយោជន៍​សំខាន់​ក្នុង​សហគមន៍ ដើម្បី​យក​ទឹក​មក​ស្រោចស្រព​ផល​ដំណាំ និង​ប្រើប្រាស់​ទឹក​សម្រាប់​គោ​ក្របី​ផឹក​នៅ​រដូវ​ប្រាំង។

ដី​ស្រះ​ដែល​មាន​ទំនាស់​ទំហំ​ទទឹង​ប្រមាណ ៣៥​ម៉ែត្រ បណ្ដោយ ៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តាព្រុយ ឃុំ​ព្រៃពោន ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ដី​នេះ​អ្នក​ភូមិ​ក្នុង​សហគមន៍​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​ក្បែរ​ខាង​មួយ​គ្រួសារ សព្វថ្ងៃ​រស់​នៅ​រាជធានី​ភ្នំពេញ។

អ្នក​ភូមិ​ក្នុង​សហគមន៍ លោក សុន លី រស់​នៅ​ភូមិ​តាព្រុយ ថ្លែង​នៅ​ថ្ងៃ​ទី​២០ ឧសភា ថា អ្នក​ភូមិ​បាន​កាន់​កាប់​លើ​ដី​ដែល​មាន​ទំនាស់​នោះ តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក។ ក្រោយ​មក​នៅ​ឆ្នាំ​២០១២ ចាប់​ផ្ដើម​មាន​ទំនាស់​នៅ​ពេល​សុរិយោដី​ចុះ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ លោក សុន លី បន្ថែម​ថា តាំង​ពី​មាន​ទំនាស់​មក ប្រជាពលរដ្ឋ​យក​ទឹក​ក្នុង​ស្រះ​មក​ប្រើប្រាស់​មិន​បាន​ដូច​ពេល​មុន​ឡើយ៖ «ម្ចាស់​គេ​នោះ​គេ​ថា​កេរ​បស់​គេ តែ​ដី​ហ្នឹង​អត់​មាន​ប្លង់​ទេ ព្រោះ​ដី​សម្រាប់​ជា​សហគមន៍ គេ​បាច​ចោល​គេ​បាច​យក​ត្រី គេ​បាយ​បំផ្លាញ​ទឹក​ចោល​ទៅ។ ទៅ​ប្រាប់​មេ​ឃុំៗ​ថា​ធ្វើ​ទៅ មាន​តែ​ប៉ូលិស​មក ប៉ូលិស​ថា​គេ​មិន​ហ៊ាន​អន្តរាគមន៍​ទេ បើ​លោក​មេ​ឃុំ​មិន​បញ្ជា​ផង»

រីឯ​អ្នក​ភូមិ​តាព្រុយ ម្នាក់​ទៀត លោក ស៊ិន ហៀប ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ព្យាយាម​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ជួយ​អន្តរាគមន៍ រក្សា​ដី​ស្រះ​ដែល​មាន​ទំនាស់​នោះ ទុក​ប្រើប្រាស់​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​ជាច្រើន​លើក​មក​ហើយ។ ប៉ុន្តែ អាជ្ញាធរ​ហាក់​ធ្វើ​ព្រងើយ​ពុំ​បាន​ដោះស្រាយ​ទំនាស់​ដី​នោះ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ដាច់​ជើង​អត់​ឥឡូវ​អត់​មាន​ទឹក​គោ​ផឹក​ផង។ ស្រុក​អី​ឃុំ​អី​គេ​ដោះស្រាយ​ប្រជាជន​ហ្នឹង ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ក៏​ថា​ឲ្យ​ចេញ​ប្លង់​ឲ្យ​ខាង​ខ្ញុំ​អី​ប្រជាជន​អស់​ចិត្ត ហើយ​ឲ្យ​ប្រជាជន​មាន​កម្មសិទ្ធិ​ប្រើប្រាស់​ក៏​ប្រជាជន​អស់​ចិត្ត​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ភាគី​ទំនាស់ អ្នកស្រី ឡាយ ស្រីពៅ មាន​ប្រសាសន៍​ថា ដី​ស្រះ​ដែល​មាន​ទំនាស់​ជា​ដី​កេរ​អាករ​កម្មសិទ្ធិ​ដូនតា​ស្រប​ច្បាប់ ដែល​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ស្រុក មិន​អាច​ប្រគល់​ដី​ដែល​មាន​នោះ​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ​ឡើយ។ អ្នកស្រី​ចាត់​ទុក​ការ​ទាមទារ​របស់​អ្នក​ភូមិ​ថា ជា​រឿង​ខុស​ច្បាប់ ដោយ​ពុំ​មាន​កម្មសិទ្ធិ​ច្បាស់​លាស់​ឡើយ៖ «បើ​ខ្ញុំ​អត់​មាន​ចុង​សន្លឹក​កាន់​កាប់ គឺ​ខ្ញុំ​មិន​ចង់​បាន​បស់​ពី​ណា​ដាច់​ខាត​លោក​ពូ! ព្រោះ​អី​ខាង​បង​ប្អូន​ខ្ញុំ​សុទ្ធ​តែ​អ្នក​ធ្វើ​ការ គ្មាន​ពេល​ឯណា​ទៅ​ឈ្លោះ​ចង់​បាន​របស់​ទ្រព្យ​បស់​គេ​ទេ។ តែ​អា​នេះ​កេរ​បស់​ដូនតា​លោក​ពូ! ត្រូវ​តែ​មិន​ឲ្យ​បាត់​បង់​ទេ ព្រោះ​អី​កេរ​ដូនតា​មិន​អាច​បាត់​បង់​បាន​ទេ ដី​ហ្នឹង។ ហើយ​បាច​បូម​យក​ត្រី​វា​គ្មាន​អី​អស្ចារ្យ​អី​ទេ លោក​ពូ! ម៉ា​អា​ត្រី​មួយ​គីឡូ​មួយ​ម៉ឺន ស៊ី ពីរ​បី​ថ្ងៃ​មិន​អស់​ផង ខ្ញុំ​ទៅ​ចង់​បាន​ធ្វើ​ស្អី»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ព្រៃពោន អ្នកស្រី កែវ សុវណ្ណដ្ឋា មាន​ប្រសាសន៍​ថា ដី​ដែល​មាន​ទំនាស់​នោះ​ពុំ​មាន​ប្លង់​កាន់​កាប់​នៅ​ឡើយ​ទេ។ ហើយ​អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​ដោះស្រាយ​ដី​ទំនាស់​នោះ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព។ អ្នកស្រី​ថា បញ្ហា​នេះ​ដោយសារ​ដី​ដែល​មាន​ទំនាស់​នោះ​សាំញ៉ាំ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រក​ដំណោះស្រាយ៖ «ដោះ​ខ្ញុំ​ខាង​នេះ​ក៏​ថា​ខ្ញុំ​ត្រូវ​ខាង​នោះ ក៏​ថា​ខ្ញុំ​ត្រូវ មិន​ដឹង​ថា​ម៉េច​ទេ។ ខ្ញុំ​ប្រាប់​ម្សិលមិញ ខ្ញុំ​ប្រជុំ​អាណត្តិ​ក្នុង​សាលា​ឃុំ​ណាស់! ខ្ញុំ​ថា​រឿង​ណា​ក៏ដោយ យើង​អ្នក​ដោះស្រាយ គឺ​ត្រូវ​តែ​ខុស​ទាំង​សង្ខាង​ហើយ។ អ្នក​ខ្លះ​ថា​ឱ! យើង​ចាំ​ខាង​ណោះ​អ្នក​ខាង​ណេះ​ចាំ​ខាង​នេះ។ អ៊ីចឹង​បាន​យើង​ប្រាប់​គេ​ថា​ម៉េច​ថា​ទៅ ចេញ​ពី​យើង​មិន​រួច​យើង​ទៅ​ស្រុក ចាំ​តើ​ខាង​ភូមិបាល​គេ​កាត់​ទៅ​លើ​ពី​ណា សហគមន៍ ឬ​ក៏​ម្ចាស់​ហ្នឹង​ក៏​ជា​រឿង​របស់​ក្រុម​ការងារ​ទេ»

តែ​យ៉ាង​ណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា អាជ្ញាធរ​គ្មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​រក​ដំណោះស្រាយ​ទេ ហើយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រមាណ ៧៦​គ្រួសារ គ្មាន​ទឹក​ប្រើប្រាស់​សម្រាប់​គោ​ក្របី និង​ស្រោចស្រព​ផល​ដំណាំ មិន​អាច​ទទួល​យក​នីតិវិធី​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។