ប្រជាពលរដ្ឋចំនួន ១៩សហគមន៍នាខេត្តព្រះសីហនុ ប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅពីមុខបរិវេណសាលាខេត្ត និងតុលាការខេត្តព្រះសីហនុ ដើម្បីស្នើសុំចូលជួបលោកអភិបាលខេត្ត និងមន្ត្រីតុលាការខេត្តនេះ ឲ្យជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយទំនាស់ដីធ្លី និងសំណូមពរឲ្យអាជ្ញាធរខេត្តនេះពន្លឿនសកម្មភាពចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ស្របច្បាប់ឲ្យបានឆាប់។
មនុស្សរាប់រយនាក់មកពីសហគមន៍ចំនួន ១៩ នាមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា បានមកប្រមូលផ្តុំគ្នាដោយលើកបដា និងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ព្រមទាំងព្រះឆាយាល័ក្ខណ៍សម្ដេចយាយ មុនីនាថ សីហនុ និងព្រះមហាក្សត្រ ព្រះករុណា នរោត្តម សីហមុនី ដើម្បីស្នើជួបអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យជួយអន្តរាគមន៍លើបញ្ហាដីធ្លី។ ជាងនេះ ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងនោះ ក៏បានបន្តទៅប្រមូលផ្តុំគ្នាមុខតុលាការខេត្តព្រះសីហនុ នៅរសៀលថ្ងៃដដែល ដើម្បីស្នើឲ្យមន្ត្រីតុលាការខេត្តនេះ កាត់ក្តីឲ្យឯករាជ្យ និងមានយុត្តិធម៌ ហើយបានសំណូមពរឲ្យមន្ត្រីតុលាការ ត្រូវចុះស៊ើបអង្កេតដល់ទីតាំងដីមានទំនាស់ជាក់ស្តែង មុននឹងសម្រេចក្តីទៅលើសំណុំរឿងដីធ្លីនីមួយៗ។
តំណាងសហគមន៍នីមួយៗបានឲ្យដឹងថា ការប្រមូលផ្តុំគ្នានៅពីមុខសាលាខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា គឺមានគោលបំណងស្នើឲ្យលោក យន្ត មីន ជួយពន្លឿនវាស់ដីចេញប្លង់កម្មសិទ្ធិឲ្យបានឆាប់ និងជួយសម្របសម្រួលទៅលើសំណុំរឿងដីធ្លីអយុត្តិធម៌មួយចំនួននៅប្រព័ន្ធតុលាការ ដែលកើតចេញពីការឃុបឃិតប្រព្រឹត្តអំពើពុករលួយរវាងមន្ត្រីពាក់ព័ន្ធខ្លះក្នុងខេត្តនេះនាពេលកន្លងមក ជាមួយមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យរំលោភយកដីធ្លីពលរដ្ឋ។
តំណាងប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ១៦គ្រួសារ លោកស្រី ឡុច ទូច មានប្រសាសន៍ថា ពលរដ្ឋសហគមន៍នេះកំពុងទន្ទឹងរង់ចាំយុត្តិធម៌ពីប្រព័ន្ធតុលាការ ព្រោះទំនាស់ដីធ្លីនៅសហគមន៍នេះបានកើតមានតាំងពីឆ្នាំ២០០៨ មក។ តំណាងរូបនេះ បានស្នើឲ្យអភិបាលខេត្តព្រះសីហនុ និងមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចុះពិនិត្យមើលដល់ទីតាំងដីទំនាស់ដែលមានវិវាទជាមួយភាគីលោក ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឃុបឃិតក្លែងបន្លំឯកសាររំលោភយកដីពលរដ្ឋពួកគាត់ទាំង ១៦គ្រួសារ ហើយបានប្ដឹងពលរដ្ឋនៅតុលាការ៖ « លោក ប៉ុន សារឿន គាត់បានឃុបឃិតលួចដីប្រជាពលរដ្ឋពួកខ្ញុំ ដោយបន្លំឯកសារផ្សេងៗ ហើយបានឃុបឃិតធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីខុសទីតាំង រំលោភយកដីរបស់ប្រជាពលរដ្ឋពួកខ្ញុំ។ សូមឲ្យតុលាការ អភិបាលខេត្ត និងអភិបាលស្រុក ជាដើម ចុះពិនិត្យមើលដល់ទីតាំងដីជាក់ស្តែង ដើម្បីឈានដល់ផ្តល់យុត្តិធម៌ជូនពួកខ្ញុំ »។
ចំណែកលោកស្រី ហង្ស ចិន្តា តំណាងពលរដ្ឋ ២៤គ្រួសារនៅសហគមន៍កំពេញចាស់ សង្កាត់៣ ក្រុងព្រះសីហនុ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ២០ឆ្នាំ ទាមទារឲ្យលោក យន្ត មីន ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយរកយុត្តិធម៌ដោយអះអាងថា ដីធ្លីពួកគាត់ត្រូវឈ្មួញឃុបឃិតធ្វើប្លង់រំលោភយក ហើយប្រើប្រព័ន្ធតុលាការ និងកម្លាំងសមត្ថកិច្ចចាប់ពលរដ្ឋមួយចំនួនដាក់គុកកន្លងមក៖ « ពលរដ្ឋពួកខ្ញុំហ្នឹងស្នើសុំឲ្យតុលាការ និងអភិបាលខេត្តមានការសហការគ្នា អនុវត្តឲ្យស្របតាមការកែទម្រង់ដីធ្លីរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តនៅក្នុងអាណត្តិនេះ ហើយត្រូវជួយដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ឲ្យទទួលបានយុត្តិធម៌ »។
តំណាងរូបនេះ ក៏ស្នើដល់ប្រមុខដឹកនាំ ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេតលើទំនាស់ដីធ្លីជាមួយឈ្មួញមានអំណាច ដោយមានការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋរងគ្រោះទាំង ២៤គ្រួសារ ហើយដែលកំពុងសង់ខ្ទមជ្រកនៅជាប់របងដីជម្លោះ។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC)ខេត្តព្រះសីហនុ ដែលតាមឃ្លាំមើលការប្រមូលផ្តុំ សំណូមពរឲ្យអភិបាលខេត្តព្រះសីហនុ ជួយពន្លឿន និងសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗចប់ឲ្យបានឆាប់។ ជាងនេះ ក៏ត្រូវជួយជំរុញសកម្មភាពចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតាមសហគមន៍ទាំង ១៩សហគមន៍ដែលប្រមូលផ្តុំគ្នានៅមុខសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ដោយការទទួលខុសត្រូវខ្ពស់ ព្រោះទំនាស់ដីធ្លីនៅតាមសហគមន៍ខ្លះបានអូសបន្លាយចាប់ពី ៥ឆ្នាំទៅជាង ២០ឆ្នាំទៅហើយ នៅមិនទាន់មានដំណោះស្រាយទៀត។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានចេញមកជួបពលរដ្ឋដែលប្រមូលផ្តុំគ្នាលើកបដារង់ចាំជួបរូបលោកដល់មុខសាលាខេត្ត ហើយបានអនុញ្ញាតឲ្យតំណាងពលរដ្ឋទាំង ១៩សហគមន៍ចូលជួប និងលើកឡើងពីកង្វល់ផ្សេងៗ។ នាឱកាសនោះ លោក យន្ត មីន បានថ្លែងក្នុងជំនួបនៅចំពោះមុខតំណាងពលរដ្ឋទាំងនោះថា នឹងបន្តដោះស្រាយកង្វល់ពលរដ្ឋដែលសំណូមពរចុះវាស់ដីកាត់ឆ្វៀលចេញពីគម្រោងក្រុមហ៊ុន ឈានដល់ផ្តល់ប្លង់កម្មសិទ្ធិទៅតាមដំណាក់កាលៗ។ លោក យន្ត មីន បានអះអាងថា រដ្ឋបាលខេត្តនេះកំពុងយកចិត្តទុកដាក់ការងារផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗ មិនព្រងើយកន្តើយទេ ប៉ុន្តែទំនាស់ដែលធ្លាក់ដល់ដៃតុលាការ អាជ្ញាធរខេត្តនេះមិនអាចលូកដៃធ្វើអន្តរាគមន៍បាន៖ « រឿងក្តីទំនាស់ដីធ្លីទាំងឡាយណាដែលបានទៅដល់ដៃតុលាការកំពុងចាត់ការ ខាងរដ្ឋបាលខេត្តមិនអាចលូកដៃចូលអន្តរាគមន៍បានទេ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋស្វែងរកមេធាវី ដើម្បីឲ្យជួយតតាំងក្នុងរឿងក្តីរបស់ខ្លួនចុះ »។
ត្រង់ចំណុចនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ស្នើឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ សូមមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងសកម្មភាពចុះវាស់កាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិរបស់មន្ត្រីជំនាញក្រោមឱវាទខេត្ត ព្រោះការងារមានច្រើន ហើយមន្ត្រីជំនាញដែលចុះធ្វើការងារជាក់ស្តែងមានគ្នាតិច។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលតាមអង្កេតការប្រមូលផ្តុំគ្នាលើកបដាតវ៉ារបស់ពលរដ្ឋនេះដែរ ទទូចឲ្យរដ្ឋបាលខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាល ត្រូវមានយន្តការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃឲ្យច្បាស់លាស់ និងជួយវែកមុខមន្ត្រីពុករលួយដែលឃុបឃិតបង្កើតឲ្យមានទំនាស់ដីធ្លីនាមូលដ្ឋាននេះយកមកផ្ដន្ទាទោស។
របាយការណ៍អង្គការលីកាដូ ឆមាសទី១ ឆ្នាំ២០១៦ បង្ហាញថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋជាង ២០សហគមន៍មានវិវាទដីធ្លី ហើយអាជ្ញាធរខេត្តនេះមិនទាន់មានដំណោះស្រាយទេ។ ទំនាស់ខ្លះបានអូសបន្លាយពេលចន្លោះពី ៥ឆ្នាំទៅដល់ជាង ២០ឆ្នាំ នៅមិនទាន់មានដំណោះស្រាយជូនពលរដ្ឋឲ្យទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
