ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង បានផ្ទុះការតវ៉ាជាថ្មីឡើងវិញ ក្នុងបំណងទាមទារកាន់កាប់ដីដែលរដ្ឋាភិបាលបានសម្បទានឲ្យក្រុមហ៊ុនរបស់ឥណ្ឌា ដាំអំពៅតាំងពីឆ្នាំ២០១០ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។ ការទាមទារនេះ ធ្វើឡើងខណៈដែលពួកគាត់នាំគ្នាទៅទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលទៅឈូសឆាយដីជម្លោះនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំអំពិល និងនៅឃុំគគីរ ប្រមាណ ៤៤០គ្រួសារ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ជាមួយក្រុមហ៊ុន អិន.ខេ.វី (NKV) ដែលទទួលសិទ្ធិវិនិយោគដាំអំពៅលើដីរបស់រដ្ឋទំហំប្រមាណជិត ៧០០ហិកតារ បានចាប់ផ្ដើមកក្រើកឡើងវិញ ខណៈដែលក្រុមហ៊ុនបានប្រើគ្រឿងចក្រចូលឈូសឆាយដីជម្លោះនោះ។
តំណាងប្រជាពលរដ្ឋ គឺលោកស្រី ម៉ន ស៊ីណា លើកឡើងថា ប្រជាពលរដ្ឋប្រមាណ ១០០នាក់បាននាំគ្នាទៅទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុននៅលើដីទំនាស់នោះ ប៉ុន្តែពុំមានអំពើហិង្សាកើតឡើងឡើយ ទោះបីជាមានប៉ូលិសបានឈរជើងការពារក្រុមហ៊ុនក្តី។
លោកស្រីបន្តថា ពលរដ្ឋស្នើឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយសិន ដើម្បីជជែកដោះស្រាយឲ្យចប់ចុងចប់ដើម ព្រោះថា ពលរដ្ឋមានជំហរចង់បានដីនោះយកមកកាន់កាប់សម្រាប់បង្កបង្កើនផលចិញ្ចឹម ព្រោះបច្ចុប្បន្ននេះ ជីវភាពពួកគាត់កាន់តែធ្លាក់ដុនដាប ហើយអ្នកខ្លះបង្ខំចិត្តចំណាកស្រុកទៅក្រៅប្រទេស៖ « ចង់ឲ្យថ្នាក់លើដោះស្រាយដីឲ្យពលរដ្ឋវិញ ព្រោះពលរដ្ឋក្រ គ្មានដីបង្កបង្កើនផល »។
អ្នកភូមិរៀបរាប់ថា ដីនោះពួកគាត់ធ្លាប់ដាំដុះអាស្រ័យផលពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៤ ក្រោយមកអាជ្ញាធរយកដីនោះទៅរក្សាទុកក្រោមហេតុផលថា ជាសម្បត្តិរបស់រដ្ឋ។ ក្រោយមកទៀត អ្នកភូមិបាននាំគ្នាតវ៉ាកាន់កាប់លើដីនោះវិញជាបន្តបន្ទាប់។ លុះដល់ចុងឆ្នាំ២០១០ អាជ្ញាធរបានសម្បទានដីនៅតំបន់នោះទៅឲ្យក្រុមហ៊ុន អិន.ខេ.វី របស់ឥណ្ឌា ក្នុងរូបភាពដាំអំពៅ ប៉ុន្តែក្រុមហ៊ុននោះបានបាត់ខ្លួនទៅវិញ និងទើបតែឃើញគ្រឿងចក្រចូលឈូសឆាយដីនៅតំបន់នោះវិញនៅក្នុងសប្ដាហ៍នេះ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងក្រុមហ៊ុនឥណ្ឌា ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែធ្នូ។ ចំណែកអភិបាលស្រុករមាសហែក និងអភិបាលខេត្តស្វាយរៀង អាស៊ីសេរី ក៏ពុំអាចទាក់ទងបានដែរ។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន ដែលតាមដានករណីនេះមានប្រសាសន៍ថា កន្លងមករឿងដីធ្លីនេះបានស្ងប់ស្ងាត់មួយរយៈហើយ ប៉ុន្តែបានផ្ទុះឡើងវិញក្រោយឮដំណឹងថា រដ្ឋចង់ដកយកដីនោះមកគ្រប់គ្រងវិញ បន្ទាប់ពីឃើញក្រុមហ៊ុនឥណ្ឌា ក្ស័យធន ពុំឃើញធ្វើអ្វីឡើយ។ លោក នុត ប៊ូពិនណារ័ត្ន បន្តទៀតថា បើតាមព័ត៌មានពីសាលាខេត្ត គឺក្រុមហ៊ុនឥណ្ឌា ដែលក្ស័យធន បានផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនឥណ្ឌា មួយទៀត ដើម្បីដាំដំឡូងមីម្តង ព្រោះថាកិច្ចសន្យាវិនិយោគរវាងក្រុមហ៊ុនឥណ្ឌា និងរដ្ឋាភិបាលកម្ពុជា មិនទាន់ផុតកុងត្រា ដូច្នេះហើយទើបឃើញមានគ្រឿងចក្រចូលឈូសឆាយក្នុងសប្ដាហ៍នេះ បណ្ដាលឲ្យពលរដ្ឋចេញតវ៉ាជាថ្មី។
លោក នុត ប៊ូពិនណារ័ត្ន ស្នើឲ្យអាជ្ញាធរខេត្ត គួរតែចុះដោះស្រាយជាមួយពលរដ្ឋឲ្យបានឆាប់៖ « ប្រសិនបើមានការផ្ទេរអីត្រឹមត្រូវមែន ខាងខេត្តត្រូវតែចុះទៅកន្លែងកើតហេតុ ដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យយល់ពីហេតុផលទាំងអស់នេះ ដើម្បីជ្រាបពីហេតុផលក្រុមហ៊ុនថ្មីមកធ្វើនេះ គេមានឯកសារ គេមានផ្លូវច្បាប់អីខ្លះ ដើម្បីឲ្យគាត់យល់ ហើយឈប់តវ៉ា »។
ផ្ទៃដីជិត ៧០០ហិកតារ ដែលអ្នកភូមិតវ៉ានោះ ជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន ៥ភូមិ គឺភូមិរមាសហែក ភូមិស្រែឫស្សី ភូមិអំពិល ភូមិស្រែពពេល ភូមិកំពង់ត្របែក ស្ថិតក្នុងឃុំគគីរ និងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ អ្នកភូមិកំពុងជ្រួលច្របល់ជាថ្មី ហើយស្នើឲ្យរដ្ឋាភិបាលដកដីសម្បទាននោះមកឲ្យប្រជាពលរដ្ឋដាំដុះចិញ្ចឹមជីវិតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។