ផ្ទះដែលសង់ចូលទៅក្នុងទន្លេផ្សារក្រោមជាង ២០០ខ្នងរបស់អ្នកភូមិចុងកោះ ខេត្តកំពង់ឆ្នាំង នឹងត្រូវរុះរើទៅកន្លែងថ្មី ដើម្បីយកដីចំណីច្រាំងទន្លេនោះទៅអភិវឌ្ឍសួនច្បារ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន បញ្ជាក់ជំហរថានឹងមិនរុះរើផ្ទះសម្បែងរបស់ខ្លួនទៅរស់នៅកន្លែងណាផ្សេងឡើយ បើគ្មានសំណងរុះរើផ្ទះ និងដីឡូត៍នៅកន្លែងថ្មីសម្រាប់សង់ផ្ទះរស់នៅសមរម្យនោះទេ។
អ្នកភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង កំពុងបារម្ភគ្មានជម្រករស់នៅ ក្រោយដឹងថាដីនៅកន្លែងថ្មីក្បែរផ្សារដែលត្រូវផ្ដល់អាទិភាពចំពោះពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍បង់រំលស់នោះ ត្រូវបានក្រុមឈ្មួញ និងអ្នកមានលុយកាក់ពីក្រៅតំបន់ មកទិញយកអស់។ ពលរដ្ឋខ្លះចង់បានដីបង់រំលស់ក្នុងតម្លៃថោក និងខ្លះទៀតចង់បានដីដោះដូរតាមទំហំជាក់ស្ដែងពីកន្លែងចាស់ ដោយសារជីវភាពក្រលំបាក។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋចំនួន ២១០គ្រួសារដែលនឹងរុះរើផ្ទះសម្បែងទៅកន្លែងថ្មី គឺលោកស្រី អុល ណារី មានប្រសាសន៍ថា រូបគាត់បានផ្ដិតមេដៃយល់ព្រមរុះរើផ្ទះចេញក្នុងតម្លៃ ៧០០ដុល្លារ ប៉ុន្តែចំពោះគោលនយោបាយដីធ្លីសម្រាប់តាំងទីលំនៅថ្មីនោះ លោកស្រីមិនទាន់ឯកភាពយ៉ាងណានៅឡើយទេ។ គ្រួសារគាត់ពុំមានលទ្ធភាពរកលុយជាង ១០០ដុល្លារក្នុងមួយខែទៅបង់រំលស់ដីនោះទេ៖ « សំណងគេសងឲ្យតម្លៃថា ៧០០ដុល្លារ ហើយខ្ញុំក៏ឯកភាពទទួលពីគាត់បានដែរ ( អាជ្ញាធរ ) ប៉ុន្តែរឿងដីដោះដូរនោះ អត់មានទេ គឺមានតែដីបង់រំលស់ ហើយដល់ពេលអ៊ីចឹងទៅ ដីហ្នឹងថាឲ្យអ្នករងគ្រោះត្រូវបង់រំលស់អត់បានទេ បែរទៅបានគេអ្នកក្រៅទៅវិញ។ អ៊ីចឹងខ្ញុំចង់សួរថា បើដេញពួកខ្ញុំទៅ តើឲ្យពួកខ្ញុំទៅនៅកន្លែងណា ?»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ និងផ្ទះទឹក លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា អាជ្ញាធរ និងក្រុមហ៊ុនវិនិយោគ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឲ្យពលរដ្ឋទៅរស់នៅទីតាំងសមរម្យ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោកពន្យល់ថា ភាគរយនៃពលរដ្ឋដែលពុំមានលទ្ធភាពទិញដីបង់រំលស់មានតិចតួច ប៉ុន្តែក្រុមការងារអនុគ្រោះ និងផ្ដល់ជម្រើសច្រើនសម្រាប់ពលរដ្ឋ គឺចន្លោះពី ២.៥០០ដុល្លារដល់ ៦ពាន់ដុល្លារ ហើយក្រុមហ៊ុនធានារកការងារជូនពលរដ្ឋធ្វើ ដើម្បីបានចំណូលដោះស្រាយជីវភាពគ្រួសារផង និងយកទៅបង់រំលស់ដីផង ប៉ុន្តែលោកថា បើពលរដ្ឋមានកម្លាំង ហើយខ្ជិលធ្វើការនោះ គឺជារឿងដែលលំបាកជួយ៖ « និយាយឲ្យចំ ឲ្យតែថាគាត់អត់មានលទ្ធភាព កត់ឈ្មោះមក ក្រុមការងារនឹងសុំ ហើយក្រុមហ៊ុនបានឯកភាពផ្លូវការទៀត ដើម្បីជួយគាត់នោះណា។អ៊ីចឹងមានលក្ខណៈត្រៀមបម្រុងហើយអស់ហើយ ព្រោះនៅក្នុងបញ្ជីថានរណាអត់មានលទ្ធភាព យើងត្រៀមការងារឲ្យគាត់ធ្វើ »។
គម្រោងអភិវឌ្ឍន៍ច្រាំងទន្លេ និងសួនច្បារផ្សារក្រោមខេត្តកំពង់ឆ្នាំង ជិត ៣គីឡូម៉ែត្រ ប៉ះពាល់ដល់ផ្ទះពលរដ្ឋប្រមាណ ២៦២ខ្នង និងតូបលក់ដូររបស់អាជីវករប្រមាណ ២៨៣តូប។ គម្រោងអភិវឌ្ឍន៍នេះ នឹងប្រើរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ គម្រោងសំដៅលើកកម្ពស់សោភ័ណភាព និងអនាម័យក្រុងកំពង់ឆ្នាំង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងរៀបចំបុណ្យទន្លេនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
