កសិករ​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង​ត្អូញត្អែរ​ពី​ការ​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ទៅ​វៀតណាម​ប៉ះពាល់​ដី​ស្រែ

0:00 / 0:00

ប្រជា​កសិករ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​គគីសោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង អះអាង​ថា ស្រូវ​ស្រែ​របស់​ពួក​គាត់​ជាច្រើន​ហិកតារ កំពុង​រង​ផល​ប៉ះពាល់ បន្ទាប់​ពី​ក្រុមហ៊ុន​ដាំ​អំពៅ​មួយ​បាន​ជីក​ប្រឡាយ​ធ្វើ​ផ្លូវ ហើយ​បាន​បង្ហូរ​ទឹក​ចូល​ទៅ​ប្រទេស​វៀតណាម។ ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​ក្រុមហ៊ុន​អះអាង​ថា ពួក​គាត់​កំពុង​ធ្វើ​ទ្វារ​បិទ​ទឹក និង​ដោះស្រាយ​បញ្ហា​ប៉ះពាល់​ជូន​ពលរដ្ឋ​ចប់​សព្វគ្រប់​ហើយ។

ហាក់​ដូចជា​ទម្លាប់​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ប្រជាពលរដ្ឋ​តែងតែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ក្រោម​ឈ្មោះ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​សិទ្ធិ​រក​ស៊ី​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន។ ពលរដ្ឋ និង​សង្គម​ស៊ីវិល​កត់​សម្គាល់​ថា គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ហាក់​ពុំ​សូវ​បាន​គិតគូរ​ដល់​សិទ្ធិ​មនុស្ស ច្បាប់​ជាតិ និង​អន្តរជាតិ​នោះ​ទេ ពោល​គឺ​ឧស្សាហ៍​ឃើញ​មាន​ករណី​តវ៉ា​ដោយសារ​ដីធ្លី រួម​ទាំង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ត្រូវ​បាន​ខូចខាត បាត់បង់ និង​ទទួល​បាន​ប្រាក់​សំណង​តិចតួច ជាដើម។

ករណី​ថ្មី​នេះ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ត្បែង ភូមិ​កំពោតទូក និង​ភូមិ​សង្គម ស្ថិត​ក្នុង​ឃុំ​គគីសោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម នាំ​គ្នា​តវ៉ា​ដោយ​ចោទ​ថា ក្រុមហ៊ុន​ឈ្មោះ អ៊ីសធើន រ៉ាយស៍ ហ្វៀល ឌីវេឡុបមេន (Eastern Rice Field Development) សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ជីក​ប្រឡាយ​លើក​អាចម៍​ដី​ចាក់​ធ្វើ​ថ្នល់​រំលោភ​មក​លើ​ដី​ស្រែ និង​ចាក់​ដី​លុប​លើ​ស្រូវ​ពួក​គាត់ បណ្ដាល​ឲ្យ​ខូចខាត​ស្រូវ ជាពិសេស​ប្រឡាយ​នោះ​បាន​ស្រូប​យក​ទឹក​ពី​ស្រែ​ពួក​គាត់ បណ្ដាល​ឲ្យ​រីង​ស្ងួត​ខូច​ស្រូវ ហើយ​ហូរ​ទឹក​ចូល​ទៅ​ប្រទេស​វៀតណាម។

ប្រជា​កសិករ​ម្នាក់​ឈ្មោះ តួច ស៊ីនួន រស់នៅ​ភូមិ​សង្គម រៀបរាប់​ថា គាត់​អស់​ដី និង​ខូច​ស្រូវ​អស់ ១០០​ម៉ែត្រ​ដែល​នៅ​អែប​ប្រឡាយ​នោះ។ លោកស្រី​រៀបរាប់​ថា ថ្វីត្បិតតែ​ក្រុមហ៊ុន​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ប្រជុំ​និយាយ​ពី​គម្រោង​ជីក​ស្ដារ​ប្រឡាយ​ធ្វើ​ផ្លូវ​ថ្នល់​ក៏​ពិត​មែន តែ​គាត់​មិន​នឹក​ស្មាន​ថា ប្រឡាយ និង​ផ្លូវ​មាន​ទំហំ​ធំ​នោះ​ដែរ។ ពេល​ដែល​លោកស្រី​កំពុង​និយាយ​ជាមួយ​អាស៊ីសេរី ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​លូក​មាត់​និយាយ​កាត់​គាត់ ហើយ​ប្រកែក​គ្នា​ដែរ។ លោកស្រី​ថា កន្លង​មក​ក្រុមហ៊ុន​មិន​ចង់​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ៖ « ភ្ជួរ​ជួល​គេ រាស់​ជួល​គេ ពូជ​ទិញ​គេ ជី​ទិញ​គេ ដូច្នេះ​ខ្ញុំ​សំណូមពរ​ខ្លះ ( សំឡេង​ប្រកែក​គ្នា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ) ។ ពី​មុន​គាត់​មិន​ឲ្យ​ទេ ទើប​តែ​មាន​រឿង ទើប​គាត់​ព្រម​ឲ្យ​ចំនួន ២០០​ដុល្លារ »

ពលរដ្ឋ​អះអាង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ថា ការ​ជីក​ប្រឡាយ​នេះ គឺ​ជីក​ចាប់​ពី​ភូមិ​ព្រៃតាអី ឃុំ​ព្រៃតាអី កាត់​តាម​ភូមិ​ត្បែង ភូមិ​សង្គម និង​ភូមិ​កំពោតទូក ប្រវែង​ប្រមាណ ៣​គីឡូម៉ែត្រ​ដល់​ព្រំដែន​កម្ពុជា-វៀតណាម ចំណុច​បង្គោល​ព្រំដែន​លេខ​១៥៤ ដែល​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​សីហា មក។

លោកស្រី តួច ស៊ីនួន ឲ្យ​ដឹង​ដែរ​ថា ការ​ជីក​ប្រឡាយ​នេះ​បាន​ធ្វើ​ឲ្យ​ដី​ស្រែ​របស់​ពួក​គាត់​រីង​ទឹក​អស់ ពីព្រោះ​ទឹក​បាន​ហូរ​ចេញ​ពី​ស្រែ​ចូល​ប្រឡាយ ហើយ​ទឹក​ប្រឡាយ​នេះ​បាន​ហូរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម។ កន្លង​មក ពួក​គាត់​បាន​នាំ​គ្នា​បិទ​ទឹក​វិញ​ដែរ ប៉ុន្តែ​មាន​អ្នក​លួច​បើក​រហូត៖ « ពី​ដើម​មក គឺ​ខាង​ពលរដ្ឋ​ពួក​ខ្ញុំ​ទៅ​ទប់ តែ​ខាង​ជនជាតិ​វៀតណាម មក​បើក។ លុះ​ក្រោយ​មក​ទៀត ពួក​ខ្ញុំ​ទប់​ទៀត តែ​មេ​ភូមិ និង​ប៉ូលិស​បើក។ អ៊ីចឹង​ហើយ​បាន​ជា​កើត​រឿង។ រាស្ត្រ​គ្មាន​ពេល​ណា​មក​កកូរកកាយ​អ៊ីចឹង តែ​បាន​សុខ​គ្នា​ប្រឹង​ហើយ »

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ លក្ខណ៍ បាន​និយាយ​ថា គាត់​អស់​ដី​ដែល​នៅ​តាម​បណ្តោយ​ប្រឡាយ​ចំនួន ១៦០​ម៉ែត្រ។ លោកស្រី​បន្ត​ថា បើ​មិន​បាន​ដី​មក​វិញ​ទេ គឺ​គាត់​ទាមទារ​សំណង​ជាង ១​ពាន់​ដុល្លារ តែ​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​ថា​គ្មាន​លទ្ធភាព​ផ្តល់​ឲ្យ​នោះ​ទេ៖ « ចិត្ត​ខ្ញុំ​តែ​ម្តង គឺ​ខ្ញុំ​គ្មាន​ដី​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​គាត់​ដូរ​ដី​កន្លែង​ផ្សេង​ឲ្យ​ខ្ញុំ​វិញ »

ពលរដ្ឋ​ម្នាក់​ទៀត​និយាយ​ថា ប្រសិន​បើ​ប៉ះពាល់​ដី​គាត់​ត្រឹម ៤​ម៉ែត្រ​អី​នោះ គឺ​គាត់​មិន​តវ៉ា​នោះ​ទេ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ គឺ​ប៉ះពាល់​រហូត ១០​ម៉ែត្រ ឬ ៨​ម៉ែត្រ ទើប​គាត់​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ខ្លះ។ លោកស្រី​បន្ថែម​ថា ការ​ជីក​ប្រឡាយ និង​ធ្វើ​ផ្លូវ​នេះ ពួក​គាត់​ក៏​មិន​ជំទាស់​នោះ​ទេ ព្រោះ​វា​ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ប្រសិន​បើ​ក្រុមហ៊ុន​ធ្វើ​ទ្វារ​បិទ​ទុក​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់។

ប្រជាពលរដ្ឋ និង​មេ​ឃុំ​លើក​ឡើង​ថា មូលហេតុ​ក្រុមហ៊ុន អ៊ីសធើន រ៉ាយស៍ ហ្វៀល ឌីវេឡុបមេន សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ជីក​ប្រឡាយ​នេះ គឺ​ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ចម្ការ​អំពៅ និង​ចាក់​ដី​ធ្វើ​ថ្នល់​ដឹក​កសិផល​អំពៅ​ទៅ​ប្រទេស​វៀតណាម។

ប្រធាន​ក្រុមហ៊ុន អ៊ីសធើន រ៉ាយស៍ ហ្វៀល ឌីវេឡុបមេន (Eastern Rice Field Development) លោក កុយ សារ៉េន រៀបរាប់​អំពី​ការ​ជីក​ស្ដារ​ប្រឡាយ​ក្នុង​ឃុំ​គគីសោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ប្រធាន​ក្រុមហ៊ុន អ៊ីសធើន រ៉ាយស៍ ហ្វៀល ឌីវេឡុបមេន (Eastern Rice Field Development) លោក កុយ សារ៉េន រៀបរាប់​អំពី​ការ​ជីក​ស្ដារ​ប្រឡាយ​ក្នុង​ឃុំ​គគីសោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth (RFA/Chuop Sereyroth)

ប្រធាន​ក្រុមហ៊ុន អ៊ីសធើន រ៉ាយស៍ ហ្វៀល ឌីវេឡុបមេន លោក កុយ សារ៉េន មាន​ប្រសាសន៍​ថា ចំពោះ​គម្រោង​ជីក​ស្ដារ​ប្រឡាយ​ចាស់​នេះ លោក​បាន​សុំ​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែរ។ លោក​ថា អ្នក​ភូមិ​ភាគច្រើន​បាន​យល់ព្រម​ចំពោះ​ការ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវ​នេះ ជា​ថ្នូរ​នឹង​ការ​ផ្តល់​គ្រាប់​ពូជ ព្រោះ​ប្រជា​កសិករ​អាច​ទាញ​យក​ផល​ប្រយោជន៍​បាន​ជាច្រើន ដូចជា​អាច​បូម​ទឹក​ដាក់​ស្រូវ​ពេល​មាន​ភាព​រាំង​ស្ងួត និង​បង្ហូរ​ទឹក​ចេញ​ពី​ចម្ការ​អំពៅ ពេល​មាន​ទឹក​ជំនន់ ធ្វើ​ផ្លូវ​ថ្នល់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ងាយ​ស្រួល។ ចំពោះ​ផល​ប៉ះពាល់​ហូរ​ទឹក​ចេញ​ពី​ស្រែ​ចូល​ប្រឡាយ​ក្រុមហ៊ុន បាន​ឲ្យ​ទប់​ទឹក​ប្រឡាយ​នោះ​ហើយ៖ « យើង​សង គឺ​សង​តែ​ទៅ​លើ​ស្រូវ ដូច​ខ្ញុំ​បញ្ជាក់​ជូន​អ៊ីចឹង គឺ​ទី​មួយ ខ្ញុំ​ជួយ​ទៅ​លើ​ប្រេង​ក្នុង​មួយ​ហិកតារ​ចំនួន ៣០​លីត្រ​ក្នុង​មួយ​លីត្រ ២ . ២០០​រៀល »

លោក កុយ សារ៉េន បន្ថែម​ថា បញ្ហា​ស្រែ​ពលរដ្ឋ​រីង​ទឹក​នេះ លោក​ថា​មិន​មែន​ដោយសារ​ការ​ជីក​ប្រឡាយ​តែ​ម្យ៉ាង​នោះ​ទេ គឺ​ដោយសារ​ពុំ​មាន​ភ្លៀង​ធ្លាក់។ លើស​ពី​នេះ មូលហេតុ​ដែល​ពលរដ្ឋ​តវ៉ា​នោះ លោក​បន្ទោស​ថា ដោយសារ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ ដែល​នាំ​ឲ្យ​សភាពការណ៍​តំបន់​របស់​លោក​ហាក់​ដូចជា​តឹងតែង។ លោក កុយ សារ៉េន អះអាង​ថា ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ​ជួល​ដី​ប្រជាពលរដ្ឋ​ដាំ​អំពៅ ដំឡូងមី សណ្ដែក និង​ឪឡឹក​លើ​ផ្ទៃដី​ទំហំ​ជាង ២​ពាន់​ហិកតារ (២.៣៨៣​ហិកតារ) និង​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ជាច្រើន​ដែរ។ មក​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ម្ចាស់​ក្រុមហ៊ុន​អះអាង​ថា លោក​បាន​ផ្តល់​សំណង​ថ្លៃ​ខូចខាត​ផល​ស្រូវ​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ចប់​សព្វគ្រប់​អស់​ហើយ ពុំ​មាន​បញ្ហា​អ្វី​ទៀត​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ថា ការ​ជីក​ប្រឡាយ និង​ធ្វើ​ផ្លូវ​នេះ គឺ​ផ្តល់​ផល​ប្រយោជន៍​ខ្លះ​ដល់​ពលរដ្ឋ តែ​ពួក​គាត់​ថា​កន្លែង​ខ្លះ​គឺ​អស់​ដី​ពួក​គាត់​តែ​ម្តង ហើយ​ម្យ៉ាង​វិញ​ទៀត ពលរដ្ឋ​មួយ​ចំនួន​ទៀត​ខ្វះ​លទ្ធភាព​ទិញ​ប្រេង​បូម​ទឹក។

មេ​ឃុំ​គគីសោម លោក គឹម ឃិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទ្វារ​បិទ​ទុក​ទឹក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់។ លោក​ថា ប្រឡាយ​ដែល​ក្រុមហ៊ុន​ជីក​នេះ គឺ​តាម​គន្លង​ប្រឡាយ​ចាស់ ដូច្នេះ​លោក​រំពឹង​ថា វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ច្រើន​ជាង​ផ្តល់​ភាព​លំបាក៖ « ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុមហ៊ុន​ហើយ​ថា យើង​ធ្វើ​ទ្វារ​បើក​បិទ​ទឹក ដើម្បី​ធានា​រ៉ាប់រង​ទឹក។ ផ្លូវ​វិញ គឺ​ពលរដ្ឋ​ក៏​អាច​ប្រើប្រាស់​បាន​ដែរ។ កន្លង​មក គាត់​លី​ស្រូវ​ទម្រាំ​ដល់​ផ្លូវ គឺ​ពិបាក។ ឥឡូវ​មាន​ផ្លូវ ស្រួល​ម្យ៉ាង​ដែរ »

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth (RFA/Chuop Sereyroth)

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​នោះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែល​ចុះ​សង្កេត​មើល​ករណី​នេះ​ផ្ទាល់​មាន​ប្រសាសន៍​ថា ការ​ជីក​ប្រឡាយ​យក​អាចម៍​ដី​ធ្វើ​ផ្លូវ​នេះ គឺ​បាន​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ច្រើន​ជាង​ពលរដ្ឋ។ លោក​ថា ការ​ផ្តល់​សំណង​នោះ គឺ​តិចតួច ហើយ​ពលរដ្ឋ​ខ្លះ​ទៀត គឺ​បាត់បង់​ដី​រហូត​គ្មាន​ដី​ឯណា​ទៀត​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​ឡើយ។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​ក្រុមហ៊ុន​ផ្តល់​លុយ​ជួយ​ទិញ​ប្រេង​នោះ​ក្តី ប៉ុន្តែ​ទឹក​ដែល​ពលរដ្ឋ​បូម​ឡើង​ទៅ​ស្រែ​វិញ គឺ​ដី​នោះ​មិន​ផ្ទុក​ទឹក​បាន​យូរ​ឡើយ ដោយសារ​ដី​ខ្មៅ​វា​ឆាប់​ជ្រាប​ចូល​ប្រឡាយ​វិញ​យ៉ាង​លឿន៖ « អស់​ដី​គាត់​អ៊ីចឹង គឺ​គាត់​ត្រូវ​ការ​ដី​វិញ។ គាត់​អត់​ត្រូវ​ការ​លុយ​ទេ។ ដូច្នេះ​ត្រូវ​សង​ដី​មក​គាត់ កន្លែង​ណា​មួយ​វិញ​ដើម្បី​ឲ្យ​គាត់​ផលិត​ស្រូវ​សម្រាប់​រស់​ត​ទៅ​មុខ​ត​កូន​ត​ចៅ។ បើ​គាត់​បាន​សំណង​តិចតួច​នេះ ហើយ​តែ​ត្រូវ​អស់​ដី តើ​ទៅ​មុខ​កូន​ចៅ​គាត់​បាន​អី ? ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​មាន​គោល​នយោបាយ​តាម​ច្បាប់ ដោះស្រាយ​ទិញ​ដី​ជូន​ពួក​គាត់​វិញ ទើប​ត្រឹមត្រូវ​តាម​ច្បាប់ »

លោក នុត បូពិណ្ណារ័ត្ន ក៏​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជំនាញ ចុះ​ពិនិត្យ​ជាក់ស្តែង​ដើម្បី​មើល​ផល​ប៉ះពាល់​ថា តើ​ការ​ជីក​ប្រឡាយ​នេះ ប្រសិន​បើ​ពលរដ្ឋ​ធ្វើ​ស្រែ​មិន​កើត​នោះ តើ​ពលរដ្ឋ​រំពឹង​អ្វី​នៅ​ពេល​អនាគត?

ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នានា​កន្លង​មក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ មេត្តា​ផ្អាក​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​រហូត​ដល់​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម​ត្រឹមត្រូវ ធ្វើ​ការ​ប្រឹក្សា​យោបល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ហើយ​ត្រូវ​ធានា​ថា សំណង​ត្រូវ​ផ្អែក​ទៅ​លើ​តម្លៃ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។