ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចោទ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ថា​ប្រើ​អាវុធ​បាញ់​គំរាម​បណ្ដេញ​ចេញ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដាក់​ញត្តិ​ជា​លើក​ទី​ពីរ​ទៅ​ថ្នាក់​ជាតិ និង​ស្ថានទូត​ប្រទេស​មហា​អំណាច​នៅ​ថ្ងៃ​ទី​២០ មិថុនា។ ពលរដ្ឋ​អះអាង​ថា កម្លាំង​សមត្ថកិច្ច​បាន​ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​ពលរដ្ឋ​ជាច្រើន​ហិកតារ និង​ប្រើ​អាវុធ​បាញ់​រះ​គំរាម​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា។ ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ថា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​ជាង ៥០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៦៥​គ្រួសារ មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ ជួយ​អន្តរាគមន៍​ទាក់ទិន​អាជ្ញាធរ​ខេត្ត​ក្រចេះ ឈូស​ឆាយ​ផល​ដំណាំ​កសិកម្ម​ពួក​គាត់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា រហូត​បច្ចុប្បន្ន ព្រម​ទាំង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​គំរាម​ពលរដ្ឋ នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​វាស់វែង​ដី​សម្រាប់​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។

ក្រុម​ពលរដ្ឋ ៦៥​គ្រួសារ​រស់នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង អះអាង​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ចុះ​វាស់វែង​ដីធ្លី​ដើម្បី​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ​ផ្សេង​ទៀត ដែល​ជា​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

តំណាង​ពលរដ្ឋ អ្នកស្រី សុវណ្ណ ច្រឹប រៀបរាប់​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា គ្រួសារ​អ្នកស្រី​មាន​ដីធ្លី​អាស្រ័យ​ផល​ចំនួន ៣​ហិកតារ មាន​ដំណាំ​ដូចជា​ដំឡូង និង​ស្វាយ​ចន្ទី ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​យក​គ្រឿងចក្រ​ឈូស​ឆាយ​អស់​ជិត ១​ហិកតារ ថែម​ទាំង​គំរាម​ចាប់​ពលរដ្ឋ​ដាក់​គុក បើ​ពលរដ្ឋ​ណា​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ចាក​ចេញ។ ជាង​នេះ​ទៅ​ទៀត សមត្ថកិច្ច​ទាំង​នោះ​ចោទ​ក្រុម​ពលរដ្ឋ​ថា រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់។ អ្នកស្រី​អំពាវនាវ​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ ជួយ​អន្តរាគមន៍ និង​ទប់ស្កាត់​ជា​បន្ទាន់៖ «បើ​យើង​មិន​ទប់ស្កាត់​ទេ វា​ត្រូវ​អា​លាយ​ទាំងអស់ គ្នា​ចង​ការ​គេ​ដូចជា​ខ្ញុំ​អី​យក​លុយ​មក​ទិញ​ពូជ​ដាំ​ដំឡូង។ សូម​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​ផង យើង​ខ្ញុំ​ទាំងអស់​គ្នា​លំបាក​ណាស់ គ្មាន​ស្អី​ទេ​ជា​សំអាង មាន​តែ​ចម្ការ​ស្រែ​ប៉ុណ្ណឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរុង បាន​ទេ​នៅ​ថ្ងៃ​ទី​២០ មិថុនា ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​មិន​បាន​ឈូស​ដី​ពលរដ្ឋ​ណា​រស់នៅ​លើ​ដី​ស្រប​ច្បាប់​នោះ​ទេ។ លោក​ចោទ​ប្រកាន់​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​ចូល​មក​រស់នៅ​ដោយ​អនាធិបតេយ្យ​លើ​ដី​រដ្ឋ ដោយ​មាន​អ្នក​ញុះញង់។

អនុក្រឹត្យ​លេខ​៥៤ របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១២ សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣.៦៧១​ហិកតារ ឲ្យ​ទៅ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង។ ក្រុម​ពលរដ្ឋ ៦៥​គ្រួសារ​អះអាង​ថា ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​កាសូទីត របស់​រុស្ស៊ី បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០០៧។ បន្ទាប់​មក ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​កំពង់ដំរី ជូន​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ លើ​ផ្ទៃដី​ទំហំ ៣.៦៧១​ហិកតារ ចំ​ដី​ពលរដ្ឋ​ចំនួន ៦៥​គ្រួសារ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ រិះគន់​យន្តការ​របស់​អាជ្ញាធរ​ខេត្ត​នេះ ថា​មិន​បាន​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ជាក់លាក់ មុន​ពេល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​ប្រកប​របរ​អាស្រ័យ​ផល។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ផ្សេង និង​មាន​ពលរដ្ឋ​ផ្សេង​ទៀត​ត្រូវ​បណ្ដេញ​ចេញ និង​ត្រូវ​ឈូស​ឆាយ​ផល​ដំណាំ មិន​មែន​ជា​យន្តការ​ត្រឹមត្រូវ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ ថែម​ទាំង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ផ្អាក​ការ​ឈូស​ឆាយ​ផល​ដំណាំ​ពលរដ្ឋ ស្រប​ពេល​ដែល​រដ្ឋសភា​កំពុង​ស៊ើប​អង្កេត៖ «ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​មួយ​ក្រុម ទៅ​បណ្ដេញ​ពលរដ្ឋ​មួយ​ក្រុម​អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ក្រុម​រងគ្រោះ ហើយ​វា​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ថា ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បំផ្លាញ​ដំណាំ ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​យំ​ស្រែក»

ទាក់ទិន​ករណី​នេះ ប្រធាន​ស្តីទី​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មិថុនា ថា កន្លង​ទៅ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ និង​ទាក់ទង​ទៅ​អាជ្ញាធរ​ខេត្ត តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ។ លោក​ថា គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា គ្រោង​កោះ​អញ្ជើញ​អភិបាល​ខេត្ត​ជា​លើក​ទី​ពីរ ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់ទិន​ទំនាស់​ដីធ្លី​ពលរដ្ឋ ៦៥​គ្រួសារ៖ «ទៅ​ខេត្ត​ក្រចេះ ហើយ​បាន​ត្រួត​ពិនិត្យ​លើ​បញ្ហា​ហ្នឹង ហើយ​កំពុង​តែ​ទាក់ទង​ទៅ​នឹង​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​ធ្វើ​ការ​ដោះស្រាយ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ៦៥​គ្រួសារ មាន​ដីធ្លី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ចំនួន ១៤៥​ហិកតារ ដែល​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០០៤។ ចំណែក​ផល​ដំណាំ​កសិកម្ម ត្រូវ​អាជ្ញាធរ​ឈូស​ឆាយ​មាន​ចំនួន​ជាង ២០​ហិកតារ។ ការ​ឈូស​ឆាយ​ផល​ដំណាំ​នោះ ចាប់​ផ្ដើម​កាល​ពី​ចុង​ខែ​ឧសភា រហូត​មក​ដល់​បច្ចុប្បន្ន នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​បន្ត​ទៀត ហើយ​ក្រុម​ពលរដ្ឋ​ច្រើន​ចេញ​មក​រារាំង​រហូត​ដល់​យក​អាវុធ​បាញ់​គំរាម​ចំនួន ៨​គ្រាប់ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា ថែម​ទាំង​ព្រមាន​ចាប់​ពលរដ្ឋ បើ​ពលរដ្ឋ​មក​រារាំង​ប្រតិបត្តិការ​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។