ក្រុមស្ត្រីជនជាតិដើមភាគតិចមកពីខេត្តចំនួន៧ បានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ដោយចាប់ផ្ដើមពិភាក្សាពីបញ្ហាដែលពួកគេជួបប្រទះ។ ក្រុមស្ត្រីទាំងនោះគ្រោងនឹងលើកយកបញ្ហាទាំងនោះ ទៅពិភាក្សានឹងតំណាងក្រសួងជំនាញចំនួន៥ ដែលពួកគាត់គិតថានឹងអាចជួយដោះស្រាយបញ្ហាពួកគាត់បាន។
តំណាងស្ត្រីជនជាតិដើមភាគតិចប្រមាណ ៣០នាក់ ចាត់ទុកការបណ្ដេញចេញ ការបំផ្លាញធនធានធម្មជាតិ និងព្រៃឈើ ដែលកើតចេញពីការអភិវឌ្ឍកសាងទំនប់វារីអគ្គិសនី និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ស្ត្រីជនជាតិដើមភាគតិច ដែលរស់នៅអាស្រ័យលើធនធានធម្មជាតិ។
តំណាងជនជាតិដើមភាគតិចកួយ មកពីឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី នួន ម៉ុន មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដទៃទៀត បានធ្វើអោយប៉ះពាល់ដោយផ្ទាល់ទៅលើជីវភាពរស់នៅរបស់ស្ត្រីជនជាតិដើមភាគតិច ដែលជាអ្នកទទួលខុសត្រូវផ្គត់ផ្គង់ចំណីអាហារប្រចាំថ្ងៃក្នុងគ្រួសារ។ អ្នកស្រីបន្តថា ផលប៉ះពាល់ទាំងនោះនឹងធ្វើអោយសហគមន៍ជនជាតិដើមភាគតិច បាត់បង់អត្តសញ្ញាណ កើតមានការគំរាមកំហែងដល់សុវត្ថិភាព លើសពីនេះក៏នឹងរាំងស្ទះការចូលរួមរបស់ស្ត្រីទៅក្នុងសកម្មភាពអភិវឌ្ឍន៍។
អ្នកស្រី នួន ម៉ុន៖ «បើអស់ដីហើយមានស្រែដីអីធ្វើទៀត បើគេឈូសអស់ហើយ។ ដូច្នេះហើយស្ត្រីនាំអោយលំបាកក្នុងការចិញ្ចឹមជីវិត ចិញ្ចឹមកូនចិញ្ចឹមចៅអីទៅកូនទៅរៀនក៏មិនកើត ក៏គ្មានលុយគ្មានកាក់ គ្មានបាយគ្មានអីហូប។ វានាំអោយលំបាក លំបាកខ្លាំងចំពោះស្ត្រីយើង។ ហើយអនុផលព្រៃឈើដូចជាទៅបោះផ្សិតក្តី ទៅដងជ័រក្តី ក៏អស់ ហើយមុខរបរនេះសព្វថ្ងៃ។ ដើរច្បោះជ័រនោះអីគេកាប់តម្រឹមអស់ហើយ គេដុត គេយកដីហ្នឹងដាំអំពៅបាន។ ម្យ៉ាងទៀតកន្លែងដែលបងប្អូនស្ត្រីយើងធ្លាប់តែរុតជញ្ជាត់ជាប្រពៃណី ដូចថា សន្ទូចអី ឬគេដាក់ដែលហៅថាសំណាញ់មងអី អត់មានទេ អត់មានត្រពាំងអីទេ គេលុបត្រពាំង ក្រុមហ៊ុនគេលុបអស់ហើយ»។
ការលើកឡើងរបស់ស្ត្រីជនជាតិដើមភាគតិចនេះ ធ្វើឡើងក្នុងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដែលសម្របសម្រួលដោយសមាគមយុវជនជនជាតិភាគតិចកម្ពុជា។ ក្រុមស្ត្រីជនជាតិដើមភាគតិចទាំងនោះ មកពីខេត្តចំនួន៧ ដែលសហគមន៍ពួកគេប្រឈមនឹងការបណ្ដេញចេញ ការរំលោភដីធ្លី និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ រួមមាន ជនជាតិកួយ មកពីព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ធំ ជនជាតិសួយ មកពីខេត្តកោះកុង ជនជាតិព្នង មកពីខេត្តមណ្ឌលគិរី និងជនជាតិគ្រឹង មកពីខេត្តរតនគិរី។
ក្នុងកិច្ចពិគ្រោះយោបល់នោះ ពួកគេនឹងពិភាក្សាលើកបញ្ហាជូនទៅតំណាងក្រសួងជំនាញចំនួន៥ ដែលត្រូវអញ្ជើញអោយចូលរួម ក្នុងនោះរួមមានតំណាងក្រសួងរៀបចំដែនដី និងសំណង់ តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន។
មន្ត្រីសម្របសម្រួលកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កញ្ញា រិត ស្រីនាង មានប្រសាសន៍ថា ក្រុមស្ត្រីជនជាតិដើមភាគតិចនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលនឹងបង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សា៖ «អ្វីសំខាន់ដែលពួកយើងសង្ឃឹមរំពឹងទុកនោះ គឺការបង្កើតផែនការសកម្មភាពរវាងសហគមន៍ និងថ្នាក់ដឹកនាំ ដែលម៉ោពីក្រសួង ដែលពួកគាត់ថា តើផែនការបន្ទាប់ដើម្បីដោះស្រាយបញ្ហាពួកគាត់ អោយសហគមន៍តាមដានជាមួយថ្នាក់ដឹកនាំថា បានអនុវត្តផែនការដែលពួកគាត់ធ្វើរួមគ្នា»។
ក្រុមស្ត្រីជនជាតិភាគតិច នឹងបន្តកិច្ចពិភាក្សារបស់ខ្លួនចំនួន២ថ្ងៃទៀត គឺថ្ងៃទី៥ និងទី៦ ខែមិថុនា ហើយសេចក្ដីថ្លែងការណ៍រួម នឹងប្រកាសអោយដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
