ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មួយគ្រួសារ កំពុងមានក្តីបារម្ភខ្លាចដីស្រែចម្ការរបស់ពួកគាត់ ត្រូវទទួលរងការបាក់ស្រុត។ ក្តីបារម្ភនេះ កើតឡើងក្រោយពេលកូនប្រសារបស់មេឃុំ ដាក់គ្រឿងចក្រធ្វើសកម្មភាពបូមខ្សាច់ចេញពីស្ទឹងមួយជាប់ដីរបស់ពលរដ្ឋ បណ្ដាលឲ្យដីចម្ការកន្លែងខ្លះបាក់ប្រេះជាបណ្ដើរៗ។
ពលរដ្ឋមួយគ្រួសារ សម្រេចយកពាក្យបណ្ដឹងដាក់ទៅអាជ្ញាធរស្រុក តាមរយៈសមាជិកក្រុមប្រឹក្សាស្រុកគណបក្សប្រឆាំង ដើម្បីឲ្យជួយដោះស្រាយក្តីកង្វល់របស់ខ្លួន។ ការធ្វើបែបនេះ ពីព្រោះពលរដ្ឋបានជម្រាបប្រាប់មេឃុំឲ្យជួយដោះស្រាយ ប៉ុន្តែមេឃុំគ្មានចំណាត់ការលើកូនប្រសារបស់ខ្លួនឡើយ។
ពលរដ្ឋមួយរូបនៅឃុំបន្ទាយស្ទោង លោកស្រី ផង តាំ ឲ្យដឹងថា ដីរបស់លោកស្រីនៅជាប់មាត់ស្ទឹងកំពង់ចក កំពុងមានស្នាមប្រេះខ្លះៗ ក្រោយពេលកូនប្រសារបស់មេឃុំ បានដាក់គ្រឿងចក្របូមខ្សាច់នៅតំបន់នោះ។ លោកស្រីបន្តថា សកម្មភាពបូមខ្សាច់នេះ គឺកើតឡើងជាង ១០ថ្ងៃមកហើយ ប៉ុន្តែគ្មានអាជ្ញាធរណាទៅជួយទប់ស្កាត់ទេ។ លោកស្រីបារម្ភថា ប្រសិនបើសកម្មភាពបូមខ្សាច់នោះនៅតែបន្តទៀត ដីរបស់លោកស្រីអាចនឹងបាក់ស្រុតជាក់ជាមិនខាន៖ « ប៉ះពាល់ដូចថាគាត់បូមខ្សាច់ហ្នឹងទៅ ដូចជាដីហ្នឹងចង់បាក់ណា »។
ក្រុមគ្រួសាររបស់ លោកស្រី ផង តាំ មានដីនៅជាប់ស្ទឹងកំពង់ចក ប្រមាណ ២ហិកតារ សម្រាប់ដាំដំណាំផ្សេងៗគ្រាន់ចិញ្ចឹមជីវិត ដោយតំបន់នោះមិនមានផ្ទះប្រជាពលរដ្ឋនៅក្បែរឡើយ មានតែដីស្រែចម្ការរបស់អ្នកភូមិ។ មិនតែប៉ុណ្ណោះ ក្រៅពីកូនប្រសារបស់មេឃុំ ក៏មានអាជីវកម្មបូមខ្សាច់ផ្សេងទៀតដែរ។
ទាក់ទងបញ្ហានេះ មេឃុំបន្ទាយស្ទោង លោក សូត អ៊ុល មានប្រសាសន៍នៅថ្ងៃទី២៣ កុម្ភៈ ថា កូនប្រសារបស់លោក ធ្វើអាជីវកម្មបូមខ្សាច់លក្ខណៈគ្រួសារនៅតំបន់នោះមែន ប៉ុន្តែមិនបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋមួយគ្រួសារនេះទេ។ លោកបន្ថែមទៀតថា អាជីវកម្មបូមខ្សាច់នៅតំបន់នោះ មិនមានច្បាប់អនុញ្ញាតឡើយ ដោយយោងទៅលើខ្សាច់នៅឆ្នាំនេះមិនសូវមាន ប៉ុន្តែរាល់ឆ្នាំមានច្បាប់ត្រឹមត្រូវ។ លោកបានពន្យល់ពលរដ្ឋរូបនោះថា មិនប៉ះពាល់ទេ ហើយលោកថែមទាំងរាយការណ៍ទៅមន្ត្រីជំនាញឲ្យមកមើលជាក់ស្តែងទៀតផង៖ « លក្ខណៈគេបូមនៅខាងក្រោមគ្រួសារ កូនប្រសាខ្ញុំធ្វើនៅក្រោមនោះ ខុសគ្នាម៉ាកែងម្នាក់ គឺគ្មាននរណារករឿង ខុសប្លែកតែគាត់ម្នាក់ »។
ដោយឡែកសមាជិកក្រុមប្រឹក្សាស្រុកស្ទោង មកពីគណបក្សសង្គ្រោះជាតិ លោក ឆាយ ចែង ដែលបានចុះតាមដានករណីនេះ មានប្រសាសន៍ថា នៅតំបន់ដែលប្រជាពលរដ្ឋកំពុងមានក្តីបារម្ភនោះ កាលពីឆ្នាំកន្លងទៅធ្លាប់បាក់ច្រាំង ព្រមទាំងស្រុតដីម្តងរួចមកហើយ។ លោកថា ករណីបូមខ្សាច់ស្ទឹងនេះ នឹងអាចបណ្ដាលឲ្យប៉ះពាល់ដល់ដីចម្ការរបស់ប្រជាពលរដ្ឋ៖ « មានអ្នកផ្សេងគេបូមទៀតដែរ ប៉ុន្តែគេពិនិត្យរឿងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹង »។
លោកបន្ថែមទៀតថា អាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យលើអាជីវកម្មបូមខ្សាច់នៅតាមដងស្ទឹងកំពង់ចក ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា អាជីវកម្មទាំងនោះខុសច្បាប់ ឬស្របច្បាប់ ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រមទាំងបរិស្ថាន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
