ក្នុងដៃកាន់គ្រាប់មីនដែលគាត់ទើបតែជីកយកបានពីក្នុងដីមកបង្ហាញ។ ស្ត្រីអ្នកភូមិឈ្មោះ វ៉ាន់ ស្រីមុំ អាយុ ៥៣ឆ្នាំ ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទាំងទឹកមុខស្រពោនថា រយៈពេលជាង ១៣ឆ្នាំមកហើយដែលគ្រួសារអ្នកស្រីរស់លើដីដែលពោរពេញដោយគ្រាប់មីនមួយនេះ។
កាលពីចុងឆ្នាំ១៩៩៩ អាជ្ញាធរភូមិឃុំបានបែងចែកដីឲ្យអ្នកភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ដែលពេលនោះគ្រួសារអ្នកស្រី វ៉ាន់ ស្រីមុំ បានទទួលដីមួយកន្លែងមានទទឹង ១២០ម៉ែត្រ និងបណ្ដោយ ៣០០ម៉ែត្រ។
អ្នកស្រី វ៉ាន់ ស្រីមុំ បានឲ្យដឹងថា ពីដំបូងអ្នកស្រីពុំបានដឹងថា ដីដែលអាជ្ញាធរបានបែងចែកឲ្យអ្នកស្រី ព្រមទាំងអ្នកភូមិមួយចំនួនទៀតនោះមានគ្រាប់មីនឡើយ។ ប៉ុន្តែបន្ទាប់ពីអ្នកស្រីនាំគ្នាធ្វើការដាំដុះ គ្រាប់មីនក៏បានផ្ទុះបណ្ដាលឲ្យអ្នកភូមិ ២នាក់ ដែលមកធ្វើស្រូវប្រវាស់ដៃជាមួយគ្រួសារអ្នកស្រីរងរបួសដាច់ជើងពិការរហូតមកទល់បច្ចុប្បន្ននេះ។
អ្នកស្រី វ៉ាន់ ស្រីមុំ៖ «អត់បានរៀនសូត្រពីការរាវមីននេះទេ តែដល់អត់ដីធ្វើស្រែចម្ការ ខ្ញុំក៏ចេះតែខំធ្វើទាំងប្រថុយទៅ។ អត់ដែលចេះបច្ចេកទេសរាវអីទេ តែខ្ញុំចេះតែគូរមួយថ្ងៃបន្តិចៗអ៊ីចឹងទៅ រហូតដល់ឥឡូវជាង ១០ឆ្នាំហើយទើបបានដីជិតមួយហិកតារប៉ុណ្ណឹង។ ជាង ៣ឆ្នាំចុងក្រោយនេះ ខាងបរិស្ថានចេះតែហាមឃាត់មិនឲ្យធ្វើទើបខ្ញុំធ្វើបានតែប៉ុណ្ណឹង។ បើគេមិនហាមឃាត់ មួយថ្ងៃយើងរាវបាន ៤ ឬ ៥ម៉ែត្រអីក៏គ្រាន់ដែរ។ ដូចខ្ញុំបានប្រាប់លោកពូអ៊ីចឹង ព្រឹកម៉ិញខ្ញុំលួចទៅធ្វើក៏រាវបានមួយគ្រាប់ដែលខ្ញុំបង្ហាញលោកពូហ្នឹង...»។
មានស្រុកកំណើតនៅឯភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល អ្នកស្រី វ៉ាន់ ស្រីមុំ បានមករស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា នេះ កាលពីឆ្នាំ១៩៩៨ ព្រោះគាត់ត្រូវទៅតាមប្ដីដែលជាកងទ័ពមួយរូប បច្ចុប្បន្នមានឋានៈជាអនុសេនីយ៍ត្រីនៃកងអនុសេនាធំលេខ ៦ កងវរសេនាតូចលេខ ១៤៥ នៃកងពលតូចលេខ ១៤ ដែលត្រូវឈរជើងការពារបូរណភាពទឹកដីនៃខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កាលពីឆ្នាំ២០០១ បន្ទាប់ពីគ្រាប់មីនបានផ្ទុះបណ្ដាលឲ្យមានគ្រោះថ្នាក់ដាច់ជើងអ្នកភូមិ ២នាក់ ដែលមកជួយធ្វើចម្ការស្រូវប្រវាស់ជាមួយអ្នកស្រីមកនោះ អ្នកស្រីមានការតក់ស្លុត និងអស់សង្ឃឹមយ៉ាងខ្លាំង។តែទោះបីជាយ៉ាងនេះក្ដី អ្នកស្រីនៅតែក្រាញននៀលបង្កបង្កើនផលលើដីនេះ ដោយអ្នកស្រីខិតខំព្យាយាមរាវមីនដោយខ្លួនឯងមួយថ្ងៃបន្តិចៗ រហូតសម្រេចបានផ្ទៃដីប្រមាណមួយហិកតារដែលអាចចាត់ទុកថា ជាផ្ទៃដីសម្អាតមីនរួច និងអាចបង្កបង្កើនផលបានដោយសុវត្ថិភាពក្នុងទំហំដីជាង ៣ហិកតារកន្លះដែលអាជ្ញាធរបានបែងចែកឲ្យនៅពេលកន្លងទៅ៖ «ព្រួយបារម្ភណាស់ ខ្លាចកូនវាជាន់ប៉ះ។ រាល់ថ្ងៃខ្ញុំដូចដេកលើគំនរទុក្ខ តែដោយយើងវាអត់ដីទើបចេះតែប្រថុយទៅ ដើម្បីបានដីគ្រាន់រស់នៅ និងចែកកូនចៅទៅថ្ងៃមុខ។ ខ្ញុំជាអ្នកក្រីក្រណាស់ ប្ដីនៅយាមព្រំដែនពីមួយខែទល់មួយខែមិនបានមកជួយទេ។ ខ្ញុំ ៣នាក់ ម៉ែកូនតូចៗចេះតែនាំគ្នាធ្វើការរាវមីន...»។
ប៉ុន្តែរហូតមកដល់ពេលនេះ គ្រួសារអ្នកស្រី វ៉ាន ស្រីមុំ ពុំទាន់ទទួលបានសិទ្ធិកាន់កាប់ដីធ្លីនៅទីនេះឡើយ ដោយអាជ្ញាធរភូមិ ឃុំ បានរារាំងមិនឲ្យក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីនេះឲ្យគាត់ឡើយ ដោយសម្អាងលេសថា ជាដីនៅមិនទាន់បានធ្វើការសម្អាតគ្រាប់មីន។
យ៉ាងណាក៏ដោយ ក្ដីសង្ឃឹមរបស់អ្នកស្រី វ៉ាន់ ស្រីមុំ និងអ្នកភូមិដទៃទៀតនៅភូមិសង្គមថ្មី នៅមាន។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ដែលជាស្ថាប័នបោសសំអាតមីនឈានមុខគេនៅកម្ពុជា គឺលោក ហេង រតនា មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូបអាចដាក់សំណើមកអង្គការស៊ីម៉ាក់ ឲ្យជួយធ្វើការបោសសម្អាតមីនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែមានការបញ្ជាក់ពីអាជ្ញាធរឃុំថា ប្រជាពលរដ្ឋនោះពិតជាម្ចាស់កម្មសិទ្ធិលើដីនោះ៖ «ជានីតិវិធីគាត់ត្រូវធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ ដើម្បីបញ្ជាក់ថា គាត់ពិតជាម្ចាស់ដីប្រាកដមែន រួចគាត់យកមកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន យើងនឹងឆ្លើយតបទៅគាត់វិញដោយធ្វើសកម្មភាពជួយសម្អាតមីនជូនពួកគាត់...»។
ជាមួយការព្យាយាមមិនខ្លាចពីគ្រោះថ្នាក់ដោយគ្រាប់មីនជាង ១៣ឆ្នាំកន្លងទៅនេះ ក្ដីរំពឹងតែម្យ៉ាងគត់របស់អ្នកស្រី វ៉ាន់ ស្រីមុំ គឺចង់រស់នៅលើដីដែលគ្រួសារអ្នកស្រីបានបូជាកម្លាំងកាយចិត្តពុះពារគ្រប់ឧបសគ្គរង់ចាំថ្ងៃដែលមានការអភិវឌ្ឍ។ ឥឡូវការអភិវឌ្ឍបានមកដល់តំបន់ដាច់ស្រយាល គឺភូមិសង្គមថ្មី នេះហើយ។ តែក្ដីសង្ឃឹមរបស់អ្នកស្រី វ៉ាន់ ស្រីមុំ នៅហាក់នៅឆ្ងាយនៅឡើយ ព្រោះដីធ្លីដែលគាត់បានប្ដូរជីវិតក្នុងការរាវមីនបានប្រមាណ ១ហិកតាររួចហើយនោះក៏អាជ្ញាធរភូមិ ឃុំ មិនព្រមឲ្យនិស្សិតវាស់វែង និងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឲ្យគាត់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
