ផ្ទះ និងរោងស្នាក់នៅចំនួន ១៥ខ្នងរបស់ប្រជាពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវកម្លាំងអាជ្ញាធរចម្រុះដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៥ ខែមីនា ដើម្បីបង្ខំបណ្ដេញប្រជាពលរដ្ឋប្រមាណជា ២០០គ្រួសារ ចេញពីទីតាំងដែលគាត់កំពុងរស់នៅ។ ប្រជាពលរដ្ឋហៅការបណ្ដេញចេញនេះជារឿងអយុត្តិធម៌ ពីព្រោះអាជ្ញាធរមិនបានប្រាប់ពួកគាត់ឱ្យដឹងជាមុននោះទេ។
ប៉ុន្តែ អាជ្ញាធរស្រុកបញ្ជាក់ថា គឺអនុវត្តទៅតាមច្បាប់ ពីព្រោះពួកគាត់បានជម្រាបប្រជាពលរដ្ឋដែលកាន់កាប់ដីតំបន់អភិរក្សដោយខុសច្បាប់ទាំងនោះជាច្រើនលើកមកហើយ។
កងកម្លាំងចម្រុះខេត្តប្រមាណជា ១០ឡាន ចុះមកបណ្ដេញប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ប្រមាណជា ២០០គ្រួសារ ឱ្យចេញពីផ្ទះ និងរោងស្នាក់នៅក្រោមហេតុផលថា ពួកគាត់មកកាន់កាប់រំលោភលើដីរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងលើដីអភិរក្សសត្វព្រៃ និងព្រៃឈើដោយខុសច្បាប់។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំស្រែព្រះ ស្រុកកែវសីមា អ្នកស្រី ផុន ភ័ក្ត្រ បានឱ្យដឹងថា អ្នកស្រីមករស់នៅប្រមាណជា ៥ឆ្នាំមកហើយជាមួយប្រជាពលរដ្ឋជនជាតិដើមមួយចំនួនទៀត។ អ្នកស្រីបន្តថា អ្នកស្រីមិនបានដឹងជាមុននោះទេ ស្រាប់តែដល់ពេលឃើញកងកម្លាំងចម្រុះចុះទៅបណ្ដេញ ប្រជាពលរដ្ឋឱ្យចេញពីលំនៅឋាន និងរោងស្នាក់អាស្រ័យរបស់ពួកគាត់។ លើសពីនេះទៀត ក្រុមកងកម្លាំងទាំងនោះថែមទាំងដុតផ្ទះ និងយកម៉ាស៊ីនត្រង់ស័រន័រដើម្បីកាត់សរសេរផ្ទះ និងរោងស្នាក់នៅទាំងនោះតែម្តង៖ «ចា៎! ឥឡូវគេមកគេដុតទាំងតង់ទាំងអីទាំងអស់។ ហើយពួកនោះគេថាចង់លោតចូលភ្លើងចូលអីហើយ គេថាមិនបាច់លោតចូលភ្លើងចូលអីនោះទេ ចង់បានសុខនៅឱ្យឆ្ងាយពីគេទៅ»។
អ្នកស្រីបន្ថែមទៀតថា ការចុះបង្ក្រាបនេះមិនមែនចំពោះតែប្រជាពលរដ្ឋដែលទើបតែទៅរស់នៅនោះទេ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចក៏បានបណ្ដេញជនជាតិដើមភាគតិចជាច្រើនគ្រួសារ ដែលរស់នៅទីនោះជាយូរមកហើយ។
អភិបាលស្រុកកែវសីមា លោក ស៊ុន វណ្ណៈវុឌ្ឍ មិនបានរៀបរាប់អ្វីច្រើននោះទេ គ្រាន់តែបញ្ជាក់ថា ការអនុវត្តរបស់អាជ្ញាធរពេលនេះ គឺធ្វើទៅតាមច្បាប់ ដោយសារអាជ្ញាធរបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងនោះជាច្រើនលើកច្រើនសាមកហើយ ថាតំបន់នោះជាដីអភិរក្សជម្រកសត្វព្រៃ និងជាដីរបស់សហគមន៍ជនជាតិដើមភាគតិចរស់នៅ ប៉ុន្តែប្រជាពលរដ្ឋនៅតែទៅកាន់កាប់ដោយខុសច្បាប់៖ «មិនមែនដោយបង្ខំទេ ដោយផ្លូវច្បាប់អាហ្នឹង។ ដោយពួកយើងបានជូនដំណឹងគាត់ ២លើករួចមកហើយ ដោយមាត់ផ្ទាល់ម្តង និងដោយលាយលក្ខណ៍អក្សរម្តង។ ហើយតំបន់នោះជាតំបន់របស់សហគមន៍ជនជាតិដើមភាគតិច ហើយគាត់ទៅទន្ទ្រានកាន់កាប់ដោយមិនមានការសុំនេះ ជាការរំលោភសិទ្ធិ ប្រើសិទ្ធិខ្លួនឯងទៅរំលោភលើសិទ្ធិអ្នកដទៃ សិទ្ធិរបស់ជនជាតិដើមភាគតិចព្នង»។
បញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មើលឃើញថា កន្លងមកអាជ្ញាធរអនុវត្តច្បាប់ក្នុងការគ្រប់គ្រងអ្នករំលោភបំពានដីធ្លីខុសច្បាប់ គឺមានប្រសិទ្ធភាពចំពោះតែប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ចំណែកអ្នកមានអំណាចវិញ បើទោះបីជារំលោភទៅលើដីអភិរក្សរបស់រដ្ឋ ឬដីប្រជាពលរដ្ឋដោយខុសច្បាប់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរហាក់គ្មានអើពើនោះឡើយ៖ «ជាទូទៅ នៅពេលដែលពួកគាត់ចុះទៅអនុវត្តច្បាប់ដោយវិធានការក្តៅទៅលើប្រជាពលរដ្ឋហ្នឹង វាខុសទៅនឹងច្បាប់ហើយ អាចរំលោភទៅលើច្បាប់សិទ្ធិមនុស្សដែលវាជាសេចក្តីប្រកាសជាសកល។ រំលោភទៅលើសិទ្ធិពលរដ្ឋដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភទៅលើសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋដែលរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិឱ្យពួកគាត់មានលំនៅឋានសមរម្យ»។
លោកបន្ថែមទៀតថា ផ្ទុយពីការបណ្ដេញចេញដោយបង្ខំ និងគ្មានសំណងចំពោះប្រជាពលរដ្ឋដែលទើបមកបោះទីតាំងកន្លែងថ្មី ដែលអាចប៉ះពាល់លើដីអភិរក្ស ឬដីរបស់រដ្ឋ ហើយវាជារឿងខុសច្បាប់នោះ រដ្ឋាភិបាលគប្បីកោះហៅប្រជាពលរដ្ឋទាំងនោះមកធ្វើការណែនាំ ដោយកែតម្រូវឱ្យពួកគាត់អាចយល់ដឹងពីច្បាប់ និងពីរបៀបបំពេញសំណុំបែបបទស្របច្បាប់ ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល វាល្អជាងការបណ្ដេញចេញដោយមិនមានការណែនាំអ្វីសោះ ហើយប្រជាពលរដ្ឋនៅតែបន្តកាន់កាប់ដីតំបន់ផ្សេងដោយខុសច្បាប់ទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
