របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផ្សាយថា ពលរដ្ឋជាង ៣ពាន់គ្រួសារ ដែលមានដីធ្លីនៅតាមបណ្តោយផ្លូវដែក បានទទួលសំណងមិនសមរម្យតាមតម្លៃទីផ្សារ។ ហើយពលរដ្ឋជាង ១ពាន់គ្រួសារផ្សេងទៀត ដែលត្រូវបានចាកចេញពីតំបន់ផ្លូវដែក មានជីវភាពកាន់តែយ៉ាប់យ៉ឺនទៅ នៅពេលដែលទៅរស់នៅទីតាំងថ្មី។
គម្រោងនេះបានធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋដែលត្រូវជម្លៀសចេញ ជំពាក់បំណុលគេកាន់តែច្រើន បាត់បង់មុខរបរដែលធ្លាប់ធ្វើជាដើម។ របាយការណ៍បានបន្តថា គម្រោងមួយនេះមានកំហុសតាំងពីចាប់ផ្ដើមមកម្ល៉េះ តាំងការសិក្សាគម្រោង រហូតដល់សម្រេចអនុវត្តគម្រោង។
គណៈកម្មការឯករាជ្យដែលចេញរបាយការណ៍នេះ បញ្ជាក់ថា គម្រោងនេះមានកំហុសឆ្គងលើផ្នែកជាច្រើន រួមមាន កង្វះការចូលរួមពីពលរដ្ឋរងផលប៉ះពាល់ កង្វះច្បាប់ផ្តល់សំណងសមរម្យដល់ពលរដ្ឋ ការផ្តល់សំណងមិនគិតពីអតិផរណា និងតម្លៃទីផ្សារជាក់ស្តែង មិនមានច្បាប់សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកតាំងលំនៅឋានថ្មី រួមទាំងកង្វះយន្តការ សម្រាប់ដោះស្រាយពីទុក្ខលំបាករបស់រាស្ត្រក្រីក្រដែលរងផលប៉ះពាល់។
គណៈកម្មការនេះក៏បានផ្តល់អនុសាសន៍ឲ្យភាគីពាក់ព័ន្ធ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា ផ្តល់សំណងបន្ថែមទៀតដល់គ្រួសារដែលរងផលប៉ះពាល់ ក្នុងទំហំទឹកប្រាក់ពី ៣ ទៅ ៤លានដុល្លារបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធាននាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន បានថ្លែងប្រាប់កាសែតក្នុងស្រុកថា លោកមិនបានដឹងថា ត្រូវបានប្រាក់ពីណាយកមកសងពលរដ្ឋទេ ហើយលោកចោទសួរថា តើមានអ្នកណាជាអ្នកឲ្យខ្ចីប្រាក់នោះ ដើម្បីផ្តល់សំណងទៅ?
មន្ត្រីសម្របសម្រួលសមាគមធាងត្នោត លោក អី សារ៉ុម មានប្រសាសន៍ថា លោកគាំទ្រនឹងការទទួលខុសត្រូវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានលើកពីកំហុសឆ្គងទាំងនេះបង្ហាញជាសាធារណៈ។ លោកបន្តថា ភាគីពាក់ព័ន្ធទាំងអស់មិនត្រូវគេចវេស ឬចោទប្រកាន់គ្នាទៅវិញទៅមកឡើយ ប៉ុន្តែត្រូវរួមគ្នាដោះស្រាយបញ្ហានេះ។ លោកបញ្ជាក់ថា ការជម្លៀសពលរដ្ឋចេញពីលំនៅឋានក្នុងហេតុផលអភិវឌ្ឍន៍ ភាគច្រើនជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។
«សំឡេង»
ចំណែកឯអ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា របាយការណ៍នេះជាគំរូមួយសម្រាប់គម្រោងដទៃទៀត ដែលបង្ហាញថា ការអភិវឌ្ឍដែលមិនបានផ្តល់សំណងសមរម្យដល់ពលរដ្ឋ មិនបានទទួលជោគជ័យទេ។ លោកបន្តថា លក្ខខណ្ឌនៃការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន មិនបានគិតអំពីដំណាក់កាលទាំងបី រួមមាន ការតាំងទីលំនៅថ្មី ការប្រកបមុខរបរបណ្ដោះអាសន្ន និងការប្រកបមុខរបរអចិន្ត្រៃយ៍របស់ពលរដ្ឋឡើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរណាស់តែយកអនុសាសន៍ទាំងអស់របស់សង្គមស៊ីវិល និងស្វែងរកដំណោះស្រាយសម្រាប់តម្រូវការពលរដ្ឋ ទើបទទួលបានការគាំទ្រ។
«សំឡេង»
គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា មានទំហំទឹកប្រាក់ចំនួន ១៤៣លានដុល្លារ ដែលចាប់ផ្ដើមសិក្សា និងអនុវត្តតាំងពីឆ្នាំ២០០៦។ គម្រោងនេះមានវិសាលភាពស្ដារប្រព័ន្ធផ្លូវដែកដែលចាស់ទ្រុឌទ្រោមនៅទូទាំងប្រទេសកម្ពុជា។ រដ្ឋាភិបាលអូស្ត្រាលី បានសន្យានឹងផ្តល់ជំនួយចំនួនជាង ២១លានដុល្លារបន្ថែម សម្រាប់អនុវត្តគម្រោងស្ដារផ្លូវដែកនេះ។ កន្លងទៅ ពលរដ្ឋរាប់រយគ្រួសារនៅប៉ោយប៉ែត បានតវ៉ាចំពោះគម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ ដោយទាមទារសំណងសមរម្យតាមតម្លៃទីផ្សារជាក់ស្តែង ប៉ុន្តែអាជ្ញាធរមិនទាន់បានដោះស្រាយបញ្ហានៅតាមបណ្តោយផ្លូវដែកនេះបានចប់សព្វគ្រប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
