ក្រុមអ្នកច្បាប់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅតាមការិយាល័យទូទាំងប្រទេស ជួយដាក់ពាក្យបណ្ដឹងលើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃជូនពលរដ្ឋរងគ្រោះ ទៅស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាលនៅតាមខេត្តក្រុងនីមួយៗ ដើម្បីស្នើឲ្យលើកយកសំណុំរឿងវិវាទដីធ្លីមកដោះស្រាយឡើងវិញ។ ករណីនេះ សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងថា ជាសិទ្ធិរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
សមាគមអាដហុក បានធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃពុធ ទី២០ ខែមីនា នាទីស្នាក់ការកណ្ដាលក្រុងភ្នំពេញ ដោយបង្ហាញសំណុំរឿងទំនាស់ដីធ្លីនៅទូទាំងប្រទេស ដែលមិនទាន់បានដោះស្រាយ។
ប្រធានសមាគមអាដហុក លោក ធន សារាយ មានប្រសាសន៍ក្នុងសន្និសីទកាសែតនោះថា មានពលរដ្ឋចំនួន ១៩ខេត្តក្រុង ត្រូវអ្នកច្បាប់សមាគមអាដហុក នៅតាមមូលដ្ឋាន ជួយដាក់ពាក្យបណ្ដឹងលើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃ មិនទាន់មានដំណោះស្រាយទៅកាន់ស្ថាប័នរដ្ឋាភិបាលតាមខេត្តក្រុងនីមួយៗ ដោយស្នើឲ្យជួយសើរើរឿងក្តីឡើងវិញ។
លោកបន្តថា នៅថ្ងៃដំបូងនៃយុទ្ធនាការដាក់ពាក្យបណ្ដឹងវិវាទដីធ្លីជូនអាជ្ញាធរជំនាញមានសមត្ថកិច្ចរបស់សមាគមអាដហុក នៅថ្ងៃដំបូង គឺថ្ងៃទី១៩ ខែមីនា នេះ មានពលរដ្ឋដាក់ពាក្យបណ្ដឹងជាង ១០០បណ្ដឹង ទៅកាន់ស្ថាប័នពាក់ព័ន្ធស្នើឲ្យជួយសើរើក្តីឡើងវិញ។
លោក ធន សារាយ បន្តថា បណ្ដឹងសើរើរឿងក្តីទំនាស់ដីធ្លីជាថ្មីរបស់ពលរដ្ឋរងគ្រោះ គឺករណីទំនាស់ដីធ្លីខ្លះបានកើតឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនបានជួយដោះស្រាយជូនពលរដ្ឋទៅតាមពាក្យបណ្ដឹងទេកន្លងមក។ លោកបន្ថែមថា ករណីនេះអ្នកច្បាប់សមាគមអាដហុក នឹងបន្តជួយពលរដ្ឋរងគ្រោះឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។ ប៉ុន្តែ លោកសង្កត់ធ្ងន់ថា ត្រង់រដ្ឋាភិបាល ឬមន្ត្រីជំនាញពាក់ព័ន្ធ ជួយមានវិធានការ ឬបែបណានោះ គឺជាសិទ្ធិរបស់ស្ថាប័នរដ្ឋទាំងនោះ។
ថ្លែងក្នុងសន្និសីទកាសែត រៀបចំដោយសមាគមអាដហុក រសៀលថ្ងៃពុធ ទី២០ ខែមីនា ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីតាមបណ្ដាខេត្តនានា បានលើកឡើងទាំងអួលដើមកថា ដីធ្លីធ្លាប់បង្កបង្កើនផល និងដីសង់លំនៅឋានរបស់ពួកគាត់ ត្រូវឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល រំលោភយកជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៤ មក។ ប៉ុន្តែ នៅពេលពួកគាត់ដាក់ពាក្យបណ្ដឹងទៅតុលាការ ឬស្ថាប័នពាក់ព័ន្ធឲ្យរកយុត្តិធម៌ ប៉ុន្តែមន្ត្រីទាំងនោះ មិនបានជួយរកយុត្តិធម៌ទេ ហើយថែមទាំងបានជួយគាំទ្រជនប្រព្រឹត្តិល្មើសទៅវិញ។
បញ្ហានេះ ពលរដ្ឋមានទំនាស់ដីធ្លីស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ និងត្រូវឈ្មួញប្រើប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធ ចាប់ដាក់គុកច្រវាក់ និងគំរាមបាញ់សម្លាប់ ជាដើម។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លី និងធនធានធម្មជាតិ សមាគមអាដហុក បានឲ្យដឹងដែរថា ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ១០០ពាក្យបណ្ដឹងដែលបានប្ដឹងឲ្យផ្នែកពាក់ព័ន្ធ ជួយសើរើសំណុំរឿងក្តីឡើងវិញពេលនេះ គឺទំនាស់បានកើតឡើងដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងករណីទំនាស់ដីសង្គមកិច្ច ជាដើម។
ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានថ្លែងចាត់ទុកសកម្មភាពដាក់ពាក្យបណ្ដឹងជាថ្មីរបស់ពលរដ្ឋមានទំនាស់ដីធ្លីមិនទាន់បានដោះស្រាយ ទៅកាន់ស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល គឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
យ៉ាងណាក៏ដោយ មន្ត្រីសមាគមអាដហុក បានអះអាងថា យុទ្ធនាការនៃការដាក់ពាក្យបណ្ដឹងវិវាទដីធ្លីជូនអាជ្ញាធរជំនាញមានសមត្ថកិច្ច ដែលក្រុមអ្នកច្បាប់សមាគមអាដហុក បានជួយដល់ពលរដ្ឋរងគ្រោះដីធ្លីពេលនេះ នឹងត្រូវអនុវត្តជាបន្តនៅទូទាំង ២៥រាជធានី-ខេត្តនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
