សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ក្នុងតំបន់រកឃើញថា ប្រធានសាលាដំបូងខេត្តបាត់ដំបង ហាក់មានភាពមិនប្រក្រតីទៅលើនីតិវិធីពាក់ព័ន្ធនឹងការចេញដីការក្សាការពារទៅអោយឈ្មួញ និងជាមន្ត្រីយោធាជាន់ខ្ពស់របស់រដ្ឋាភិបាលផង ក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយពលរដ្ឋជាង ៥០គ្រួសារ។
សមាគមអាដហុក ចាត់ទុកថា ការចេញដីកាយ៉ាងតក់ក្រហល់ក្នុងជម្លោះដីធ្លីដែលមិនបានទុកពេលសមរម្យណាមួយដល់ភាគីទំនាស់ដែលជាពលរដ្ឋនោះ អាចរកមេធាវីការពារក្តីទំនងជាមានចេតនាមិនល្អណាមួយ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង យល់ឃើញថា ចៅក្រមលោក ជា វណ្ណៈ ជំរុញរឿងក្ដីដោយប្រញាប់ប្រញាល់ក្នុងសំណុំរឿងវិវាទដីធ្លីរវាងឈ្មួញជាមន្ត្រីយោធាជាមួយប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំអន្លង់រុន ស្រុកថ្មគោលនេះ វាហាក់ដូចជារុញច្រានឲ្យភាគីទំនាស់ម្ខាងទៀតដើរដល់ផ្លូវទាល់ច្រក។
លោ យិន ម៉េងលី អះអាងថា ក្នុងសំណុំរឿងក្ដីពាក់ព័ន្ធនឹងដីការក្សាការពារលើដីទំនាស់ជាង ១៤ហិកតារនេះ វាជាមន្ទិលសង្ស័យដែលអាចចាត់ទុកថា ភាគីដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺលោក លឹម ទាឡេង ហាក់មានឥទ្ធិពលដែលជំរុញឲ្យតុលាការពន្លឿនដីកានេះ ដោយប្រញាប់ប្រញាល់ ស្ទើរតែរកពេលដើម្បីទុកឲ្យភាគីទំនាស់ម្ខាងទៀតជាពលរដ្ឋអាចដកឃ្លារកមេធាវីការពារក្ដីបាន។ លើសពីនេះទៀតនោះ បើរកមេធាវីបានហើយ ចំណែកមេធាវីវិញស្ទើររកពេលពុំបានគ្រប់គ្រាន់ទាល់តែសោះ ដើម្បីពិនិត្យលើសំណុំរឿងនេះបានថែមទៀតផង។
លោកបន្តថា៖ «ដីការក្សាការពារនេះ យើងឃើញមានចេញច្រើន ក៏ប៉ុន្តែឥតដែលឃើញពេលវេលាចេញដីកាហ្នឹង បន្ទាន់របៀបនេះ។ នេះដែលយើងធ្លាប់ឃើញ។ អ៊ីចឹងយ៉ាងហោចក៏កន្លះខែ មួយខែនៃចន្លោះនីមួយៗ។ តែដល់ពេលដីកានេះរយៈពេលសប្ដាហ៍ ប្រាំបីថ្ងៃចូលទៀត។ នេះដែលយើងចាប់អារម្មណ៍ ប៉ុន្តែគ្រាន់តែយើងពិតប្រហែលជាអាចអាចមានអ្វីដែលមិនប្រក្រតីនៅក្នុងសំណុំរឿងនេះ»។
ពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណីនេះ តំណាងប្រជាពលរដ្ឋចំនួន ៥នាក់ ក្នុងចំណោមពលរដ្ឋជាង ៥០គ្រួសារ ត្រូវបានលោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ចេញដីកាកោះ កាលពីថ្ងៃទី៩ ខែកក្កដា ឲ្យភាគីទំនាស់ខាងពលរដ្ឋចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៣ ជាប់ពាក់ព័ន្ធនឹងដីការក្សាការពារ ដែលមានដើមបណ្ដឹងជាមន្ត្រីយោធាដ៏មានឥទ្ធិពល គឺលោក លឹម ទាឡេង។ ភ្លាមៗក្រោយពីទទួលបានលិខិតឲ្យចូលខ្លួន តាមដីកាកោះ ទើបនៅថ្ងៃទី២១ កក្កដា ពលរដ្ឋបានដាក់លិខិតសុំពន្យារពេលម្ដង ដោយចាត់ទុកថា ពុំមានពេលគ្រប់គ្រាន់ដើម្បីរកមេធាវី។ ១ថ្ងៃក្រោយបន្ទាប់ពីទទួលបានលិខិតសុំពន្យារពេលរបស់ពលរដ្ឋ លោក ជា វណ្ណៈ បានចេញដីកាបង្គាប់ថ្មីមួយទៀត ឲ្យតំណាងពលរដ្ឋទាំង ៥នាក់ចូលខ្លួនបំភ្លឺ នៅថ្ងៃទី១ សីហា។
ស្ថិតក្រោមហេតុផលនេះហើយ ដែលអ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យិន ម៉េងលី និយាយថា ចំណាត់ការរបស់ចៅក្រម លោក ជា វណ្ណៈ រួមនឹងដំណើរក្តី នៅក្នុងសំណុំរឿងនេះ ហាក់មានមន្ទិលសង្ស័យថា ទំនងជាមានភាពមិនប្រក្រតីនៅពីក្រោយនៃវិវាទនេះ៖ «ប្រជាពលរដ្ឋលោកមានលទ្ធភាពទេ នៅក្នុងការមេធាវី ហើយមេធាវីហ្នឹងមានលទ្ធភាពគ្រប់គ្រាន់ទេក្នុងការរៀបចំខ្លួន ដើម្បីត្រៀមមកទាញហេតុផលហ្នឹង។ អ៊ីចឹងគប្បីតែទុកពេលវេលាឲ្យបានសមរម្យ។ ដល់ពេលយើងធ្វើហេតុផល ពេលវេលាឥតសមរម្យ ជាហេតុធ្វើឲ្យគេមន្ទិលសង្ស័យលើសំណុំរឿងហើយ ថាតើសំណុំរឿងវាយ៉ាងម៉េចបានជាដីកាកោះញាប់ម្ល៉េះ។ វាមានភាពប្រក្រតីអីនៅក្នុងសំណុំរឿងហ្នឹង។ នេះជាចំណុចនៃនីតិវិធីរបស់តុលាការ»។
និយាយពីរឿងលោក លឹម ទាឡេង ជាមន្ត្រីយោធាជាន់ខ្ពស់នៃអគ្គសេនាធិការក្រសួងការពារ ជាតិ ដែលជាភាគីទំនាស់ជាមួយពលរដ្ឋជាង ៥០គ្រួសារវិញម្ដង។ នៅចន្លោះឆ្នាំ២០០៧ និង ឆ្នាំ២០០៨ លោកធ្លាប់មានប្រវត្តិទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយពលរដ្ឋរាប់រយគ្រួសារម្ដងហើយមកដែរ។ នៅទីនោះ អ្នកភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ចោទប្រកាន់លោក លឹម ទាឡេង ថា បានចូលទន្ទ្រានដីកម្មសិទ្ធិ ដែលពួកកាន់កាប់ និងអាស្រ័យផលអស់ពេលជាច្រើនឆ្នាំមកហើយ។
ដោយកើតទុកមិនសុខចិត្ត មុន ២ខែនៃការបោះឆ្នោត ឆ្នាំ២០០៨ ប្រជាពលរដ្ឋបានប្រមូលផ្ដុំ ដោយធ្វើដំណើរថ្មើរជើង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍នៅភ្នំពេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងរារាំងនៅចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ វិវាទនោះ នូវមិនទាន់បានបិទបញ្ចប់នៅឡើយទេ រហូតមកដល់ពេលនេះ។
ក្រៅពីទំនាស់ដីនៅស្រុកគាស់ក្រឡហើយ លោក លឹម ទាឡេង ក៏ត្រូវរងការចោទប្រកាន់ករណីថ្មីមួយទៀតថា បានព្យាយាមរំលោភដីកម្មសិទ្ធិរបស់ពលរដ្ឋប្រមាណ ១៣៩គ្រួសារ នៅភូមិក្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ថែមទៀតនៅពេលនេះ។
ពាក់ព័ន្ធនឹងដីទំនាស់ថ្មីទៀតនេះ ផ្អែកលើសេចក្ដីសម្រេចរបស់អតីតអភិបាលខេត្តបាត់ដំបង លោក អ៊ុង សាមី ប្រជាពលរដ្ឋដែលកំពុងមានវិវាទសព្វថ្ងៃ គឺជាម្ចាស់ស្របច្បាប់លើអចលនទ្រព្យចាប់តាំងពីកាលណោះមក។
កាលពីឆ្នាំ១៩៩៩ លោក អ៊ុង សាមី បានប្រគល់ដី និងចេញប្លង់កម្មសិទ្ធិលើផ្ទៃដីជិត ៣០០ហិកតារ (២៨០) តាមគម្រោងសំណើរបស់អង្គការ UNHCR និងអង្គការCARERE កាលពីឆ្នាំ១៩៩៣។ យុទ្ធនាការកាលណោះ គឺដើម្បីចែកដីជូនប្រជាពលរដ្ឋធ្វើមាតុភូមិនិវត្តន៍ មកពីជំរំវិញ និងជនក្រីក្រ។ លើសពីនេះដីកាសម្រេចនោះទៀតសោត ក៏បានដាក់កំហិតដោយចាត់ទុកថា ខ្លឹមសារទាំងឡាយណាដែលផ្ទុយពីដីកានេះ ត្រូវចាត់ទុកថាគ្មានបានការ ឬ ទុកជានិរាករណ៍។
ក៏ប៉ុន្តែមានសាច់រឿងពីរយ៉ាងដែលញែកដាច់ពីគ្នាក្នុងប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន។ ក្នុងនោះគេកម្រឃើញប្រជាពលរដ្ឋ ឬថា អ្នកមានឋានៈតូចតាចអាចឈ្នះក្ដីជាមួយមន្ត្រីមានអំណាច និង ឈ្មួញធំៗណាស់ ក្នុងពេលតតាំងម្ដងៗ នៅក្នុងសវនាការនោះ បើទោះជាមានលិខិតកាន់កាប់ដី ឬថាគ្មានក៏ដោយ។ បើដីដែលមានដំណាំដាំដុះ និងកំពុងមានវិវាទផង ហើយប្រជាពលរដ្ឋប្ដឹងសុំដីការក្សាការពារលើដីទំនាស់នេះ រឹតតែមិនអាចឈ្នះ និងកម្រឃើញតុលាការណាចេញដីកាដោយប្រញាប់ណាស់ ក្នុងសំណុំរឿងនេះថែមទៀតផង។ តែផ្ទុយទៅវិញ បើវិវាទនេះត្រូវផ្ដើមដោយអ្នកមានលុយ មានឥទ្ធិពល ឬថាជាមន្ត្រីក្នុងជួររដ្ឋាភិបាលវិញ តុលាការអនុវត្តដោយតក់ក្រហល់ ហើយស្ទើរតែភាគីទំនាស់ម្ខាងទៀតរកពេលរៀបចំខ្លួនដើម្បីឆ្លើយបំភ្លឺសឹងតែពុំបានទៀតផង។
រស់នៅភូមិក្រួស លោក ឈឿង ទូច ដែលជាភាគីទំនាស់ជាមួយលោក លឹម ទាឡេង និយាយថា ដីដែលលោកកំពុងគ្រប់គ្រងសព្វថ្ងៃ និងប្រជាពលរដ្ឋផ្សេងទៀត គឺទទួលបានពីការបែងចែកដោយអតីតអភិបាលខេត្ត តាមរយៈគម្រោងរបស់អង្គការមិនមែនរដ្ឋាភិបាលកាលពីជាង ១៥ឆ្នាំមុនមកម្ល៉េះ។ ហេតុនេះលោកចាត់ទុកថា ការសំអាងណាមួយថាជាកម្មសិទ្ធិរបស់លោក លឹម ទាឡេង នោះគឺជាការគួរឲ្យអាម៉ាស់៖ «ខ្ញុំសូមអះអាងថា ប្រជាពលរដ្ឋពិតជាបានកាន់កាប់លើដីទាំង ១៤០ប្លង់ដែលជាអង្គការសហប្រជាជាតិទទួលបន្ទុកលើជនមាតុភូមិនិវត្តន៍ និងជនក្រីក្រកាលពីឆ្នាំ១៩៩៣នោះ»។
បដិសេធនឹងការចោទប្រកាន់នេះ លោក លឹម ទាឡេង ឆ្លើយតបថា ការពិតដីដែលកំពុងមានវិវាទនៅពេលនេះ លោកបានទិញតាំងពីឆ្នាំ១៩៩២ ហើយបង្កបង្កើតផលជាប់រហូតមក ពុំដែលលោះម្ដងណាទេ។ លោកចោទប្រកាន់ថាប្រជាពលរដ្ឋទៅវិញទេដែលមកតាំងទីលំនៅក្រោយ ហើយបង្កជាបញ្ហាមិនចេះចប់មិនចេះហើយ។ បន្ថែមពីលើនេះ លោកអះអាងថា ក្នុងនាមជាម្ចាស់ដីលោកនឹងមិនខ្លាចរអាចំពោះការអញ្ជើញណា ថែមទាំងស្វាគមន៍ជាដរាបប្រសិនបើកោះអញ្ជើញរូបលោកតទល់ដើម្បីបញ្ចប់បញ្ហានោះ៖ «ខ្ញុំទិញតាំងពីឆ្នាំ១៩៩២។អ៊ីចឹងឆ្នាំ១៩៩២ ពេលខ្ញុំទិញហើយខ្ញុំក៏ចាប់ផ្ដើមទៅធ្វើស្រែនៅតំបន់នោះ។ ខ្ញុំធ្វើរហូតដល់បច្ចុប្បន្ន ឥឡូវ គឺខ្ញុំមិនដែលអាក់ខានម្ដងណាឡើយ»។
ចំណែកប្រធានសាលាដំបូងខេត្តបាត់ដំបង និងជាចៅក្រមផងលោក ជា វណ្ណៈ និយាយយ៉ាងខ្លីថា ការចេញដីការក្សាការពារនេះ នឹងពុំមានភាពសៅហ្មងណាមួយដែលស្ថិតក្នុងមន្ទិលសង្ស័យនៅពីក្រោយសំណុំរឿងនេះឡើយ៖ «ខ្ញុំឥតបានដឹងទេ ប៉ុន្តែថាដូចឥតមានអីទេ»។
យ៉ាងណាក៏ដោយ លោក យិន ម៉េងលី នៅតែចាត់ទុកថា បើទោះជាពុំមានភស្តុតាង រកឃើញថា កាចេញដីការក្សាការពារនេះអាចមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ក៏រឿងក្ដីនេះពិតជាមានមន្ទិលសង្ស័យច្រើនណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
