សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) រកឃើញថា ជម្លោះដីធ្លីនៅតែជាបញ្ហាទាមទារឲ្យមានដំណោះស្រាយបន្ទាន់ នៅពេលដែលអង្គការនេះនៅតែទទួលបានបណ្ដឹងបញ្ហាពីពលរដ្ឋស្ទើរពុំមានការថយចុះ។
សមាគមអាដហុក ទទូចដល់រដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី ដើម្បីធានាយុត្តិធម៌ក្នុងសង្គម នៅពេលបញ្ហាដីធ្លីភាគច្រើនដែលមិនអាចដោះស្រាយចេញ មានជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ឬអ្នកមានទ្រព្យធន។
ក្នុងរបាយការណ៍ដែលមានចំណងជើងថា "ដីរបស់អ្នកណា?" ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២២ ខែកក្កដា អាដហុក បង្ហាញពីលទ្ធផលនៃការអង្កេតបញ្ហាដីធ្លីនៅក្នុងរយៈពេល ១៨ខែ ដោយគិតពីដើមឆ្នាំ២០១៤ មក។ ក្នុងនោះ នៅឆ្នាំ២០១៤ អាដហុក ទទួលបណ្ដឹងចំនួន ១៤០ករណី គឺបានកើនឡើង ៥ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៣។ ចំណែកក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៥ នេះ មានបណ្ដឹងចំនួន ៦៦បណ្ដឹង ដែលទទួលបានពីពលរដ្ឋមានជម្លោះដីធ្លី គឺមានការធ្លាក់ចុះបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំ២០១៤ ប៉ុន្តែគឺប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៣។
ប្រធានអង្គការអាដហុក លោក ធន សារាយ មានប្រសាសន៍ថា បញ្ហាដីធ្លីដែលពិបាកដោះស្រាយ ហើយនៅតែបន្ត គឺជម្លោះរវាងពលរដ្ឋ និងមន្ត្រីមានអំណាច ឬអ្នកមានប្រាក់៖ «ដូចជានៅមេមត់ នៅឡពាង នៅរ៉ាំរ៉ៃ នៅមណ្ឌលគិរី រតនគិរី ប៉ះនឹងអ្នកដែលមានអំណាចខ្លាំងៗមួយចំនួនក្នុងជួររដ្ឋាភិបាល ប៉ុន្តែពិបាកដោះ ខេត្តក៏ពិបាកដោះដែរ។ សូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាលតែម្តង បើមិនមានឆន្ទៈរបស់មេដឹកនាំទេ គឺដោះមិនចេញទេ»។
ក្នុងរយៈពេល ១៨ខែនេះ បញ្ហាដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៩ពាន់គ្រួសារ (៩.២៤០គ្រួសារ) ក្នុងទំហំដីជាង ៣ម៉ឺនហិកតារ (៣២.៤៦៦,៧៣ហិកតារ)។
អាដហុក លើកឡើងដែរថា ការចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងបញ្ហាដីធ្លីក្នុងរយៈពេល ១៨ខែនេះ មានចំនួន ១៣៩នាក់ ក្នុងនោះរយៈពេល ៦ខែដើមឆ្នាំ២០១៥ មាន ១៨នាក់ ក្នុងនោះ ៣នាក់ត្រូវដោះលែង ៩នាក់បន្តនៅក្នុងឃុំ និង ៦នាក់ឋិតក្រោមការតាមចាប់ខ្លួន។
បើទោះជាបានបង្ហាញពីបញ្ហា អាដហុក ក៏បានសាទរចំពោះរដ្ឋាភិបាលដែលបានដកហូតដីមកវិញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន២៤ ក្នុងឆ្នាំ២០១៤ ក្នុងនោះមានចំនួន ១៤ក្រុមហ៊ុន ដែលឋិតក្នុងតំបន់ព្រៃអភិរក្ស។ យ៉ាងណា ដីសម្បទានសេដ្ឋកិច្ចទាំងនោះត្រូវ អាដហុក មើលឃើញថា ជាដីដែលមិនត្រូវគេអភិវឌ្ឍ ឬត្រូវក្រុមហ៊ុនបោះចោលរួចទៅហើយ។ លើសពីនេះ ដីខ្លះទៀតត្រូវគេរាន និងកាប់យកឈើប្រណិត។
ស្របគ្នានេះ អាដហុក រកឃើញថា មានដីសម្បទានថ្មីចំនួន២ ត្រូវរដ្ឋាភិបាលផ្ដល់ឲ្យក្រុមហ៊ុនក្នុងឆ្នាំ២០១៥ គឺនៅក្រោយពេលប្រកាសបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។
លោក ធន សារាយ លើកឡើងដែរថា បញ្ហាដីធ្លី និងការបំផ្លាញធនធានធម្មជាតិ ពិសេសព្រៃឈើកំពុងធ្វើឲ្យប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច ដែលភាគច្រើនមិនទាន់បានចុះបញ្ជីសមូហភាពនៅឡើយ៖ «ទាំងអស់ទូទាំងប្រទេសមាន ១៦៦សហគមន៍ជនជាតិដើមភាគតិច។ ការចុះបញ្ជីសមូហភាពមកដល់ពេលនេះ មានតែ ៨ ប៉ុណ្ណោះ។ តាមផែនការដែលយើងដឹង គឺរដ្ឋាភិបាលគម្រោងនឹងធ្វើមួយឆ្នាំ ១០សហគមន៍។ បើយើងគិតពីល្បឿននៃការចុះបញ្ជី និងចំនួនសហគមន៍សរុប គឺត្រូវការពេលជិត ២០ឆ្នាំទៀតបានចប់ ពេលនោះឯងប្រហែលសហគមន៍ជនជាតិដើមភាគតិច នឹងអស់មានដីមកចុះបញ្ជីទៀតហើយ»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការបញ្ជាក់ពីមន្ត្រីក្រសួងកសិកម្ម បាននៅឡើយនៅរសៀលថ្ងៃទី២២ ខែកក្កដា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលរបាយការណ៍របស់អាដហុក ដោយសំអាងករណីជម្លោះដីធ្លីបានថយចុះច្រើនហើយ តាមរយៈការដោះស្រាយរបស់រដ្ឋាភិបាល និងការសម្របសម្រួលដោយការបង្កើតវេទិកាតាមមូលដ្ឋាន៖ «ព្រោះរដ្ឋាភិបាលបានចុះដល់គ្រប់មូលដ្ឋានទាំងអស់ ហើយយើងកត់ត្រាចំនួនដីធ្លី ចំនួនប្រជាពលរដ្ឋដែលប៉ះពាល់ហ្នឹង យើងផ្សព្វផ្សាយ បានសេចក្តីថា តាមខេត្តនីមួយៗហ្នឹងយ៉ាងហោចណាស់ គឺមាន ៥វេទិកាក្នុង ១ខែ ចុះទៅតាមស្រុក ដើម្បីដោះស្រាយ។ ដូច្នេះ ខ្ញុំមិនអាចទទួលយកបានទេការលើកឡើង (របស់អាដហុក) ហ្នឹង»។
បើទោះជាមានការបារម្ភពីភាពអយុត្តិធម៌ ដែលកើតឡើងពីការអូសបន្លាយបញ្ហាដីធ្លី ឬការដោះស្រាយមិនត្រឹមត្រូវ អាដហុក ក៏មានក្ដីរំពឹងថា វប្បធម៌សន្ទនារបស់គណបក្សនយោបាយដែលមានអាសនៈក្នុងសភា និងត្រូវអ្នកនយោបាយប្រើប្រាស់ដើម្បីបញ្ចប់ទុក្ខសោករបស់ពលរដ្ឋក្នុងបញ្ហាដីធ្លី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
