ក្រសួង​កសិកម្ម​សម្រេច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​ប្ដឹង​អ្នក​រំលោភ​ដី

0:00 / 0:00

អគ្គនាយក​ក្រសួង​កសិកម្ម បាន​ចេញ​លិខិត​សម្រេច​ឲ្យ​ក្រុមហ៊ុន​ស៊្វីស រ៉ាប់ប៊ើរ ផ្លែនថេសិន (Swift Rubber Plantation) ដែល​វិនិយោគ​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី ប្រមូល​ទិន្នន័យ​ផ្ទៃដី និង​អត្តសញ្ញាណ​អ្នក​រំលោភ​កាន់​កាប់​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ប្ដឹង​អ្នក​រំលោភ និង​អ្នក​ពាក់ព័ន្ធ​ទៅ​ស្ថាប័ន​តុលាការ។

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ស៊្វីស រ៉ាប់ប៊ើរ រក​ឃើញ​ផ្ទៃ​ដី​ជាង ៣០០​ហិកតារ នៅ​ជំហាន​ដំបូង​ដែល​ពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​រំលោភ​កាន់កាប់​ដោយ​ខុស​ច្បាប់។

ការ​ប្រមូល​ទិន្នន័យ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ចេញ​លិខិត​សម្រេច​ឲ្យ​ក្រុមហ៊ុន​ប្ដឹង​ប្រជាពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​រំលោភ​ដី​ចម្ការ​កៅស៊ូ បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើ​សំណើ​សុំ​ឲ្យ​សាមី​ក្រសួង​ជា​ម្ចាស់​ដី​ចម្ការ​កៅស៊ូ​ជួយ​អន្តរាគមន៍ ខណៈ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​កាន់​តែ​ច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​ចូល​​ទៅ​កាន់​កាប់​យក​ជា​សម្បត្តិ​ឯកជន ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស៊្វីស រ៉ាប់ប៊ើរ លោក ងិន បូរិន បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា តួលេខ​មិន​ទាន់​​ផ្លូវការ​មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ កំពុង​កាន់កាប់​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ដោយ​ខុស​ច្បាប់។ លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​រៀបចំ​ពាក្យ​ប្ដឹង​ករណី​រំលោភ​ទាំង​អស់​នេះ​ទៅ​តុលាការ​តាម​ការ​សម្រេច​របស់​ក្រសួង​កសិកម្ម ក្រោយ​ពេល​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្ទៃដី និង​អត្តសញ្ញាណ​អ្នក​រំលោភ​បាន​ច្បាស់លាស់៖ «យើង​ធ្វើ​លិខិត​ទៅ​អាជ្ញាធរ​ក៏​គេ​ថា ដាក់​ទៅ​តុលាការ​ទៅ។ ខំ​ស្រាវជ្រាវ​ធ្វើ​តាម​ហ្នឹង តាម​ការណែនាំ​​របស់​ក្រសួង​ទៅ»

ក្រសួង​កសិកម្ម​កាល​ពី​ឆ្នាំ​២០០៥ បាន​ចុះ​វាស់វែង​ធ្វើ​បញ្ជីសារពើភណ្ឌ និង​ប័ណ្ណ​កម្មសិទ្ធិ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី សរុប​ជិត ៣.៨០០​ហិកតារ ក្នុង​នោះ​ដី​មាន​ដាំ​កៅស៊ូ​ជាង ២.៣០០​ហិកតារ និង​​ដី​ទំនេរ​មិន​ទាន់​ដាំ​ដុះ​មាន​ជាង ១.៤០០​ហិកតារ។ ដី​ទាំង​អស់​នោះ​ឋិត​ក្នុង​ក្រុង​បានលុង ស្រុក​អូរជុំ ស្រុក​បរកែវ និង​ស្រុក​លំផាត់។

មេ​ឃុំ​អូរជុំ អ្នកស្រី ខាញ់ សាវី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​អតីត​កម្មករ​ចម្ការ​កៅស៊ូ​នៅ​តំបន់​នោះ​បាន​សង់​លំនៅ​រស់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ ​តាំង​ពី​មុន​ឆ្នាំ​២០០០ ហើយ​​ប្រជាពលរដ្ឋ​ចំណាកស្រុក​កាន់​តែ​ច្រើន​បាន​មក​តាំង​លំនៅ​បន្តបន្ទាប់​គ្នា​លើ​ដី​ចម្ការ​កៅស៊ូ​នោះ៖ «ខ្ញុំ​ណែនាំ​ពួកគាត់​រហូត​គាត់​ស្អប់​ខ្ញុំ។ ពួកគាត់​អត់​ស្ដាប់​យើង​ផង»

ចំណែក​ប្រជាពលរដ្ឋ​ឈ្មោះ ជា សុផា ទទួល​ស្គាល់​ដែរ​ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​ពិត​ជា​បាន​ចូល​ទៅ​រស់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ដោយសារ​ពួកគេ​ជា​អតីត​កម្មករ​ក្រុមហ៊ុន​ច្រើន​ជំនាន់​មក​ហើយ។ លោក​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​រំសាយ​កម្មករ និង​បណ្ដេញ​ពួកគេ​ពី​ផ្ទះ​កម្មករ​របស់​ក្រុមហ៊ុន​ទើប​កម្មករ​ខ្លះ​កាប់​ឆ្ការ​ដី​ដែល​ក្រុមហ៊ុន​ទុក​ទំនេរ​ដើម្បី​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត៖ «គេ​បញ្ឈប់​ពី​ការងារ​ដាំ​ដុះ គេ​ដេញ​ឈប់​ឲ្យ​នៅ​ផ្ទះ​គេ​ទៀត អត់​មាន​ស្អី​នៅ​ទេ​ពួក​ខ្ញុំ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា ការ​តាំង​លំនៅ​​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នេះ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ជា​ពិសេស​នៅ​ចម្ការ​កៅស៊ូ​ភូមិ​ថារ៉ងជង និង​ចម្ការ​កៅស៊ូ​ភូមិ​តាស៊ុយ ក្នុង​សង្កាត់​កាចាញ។ លើស​ពី​នេះ​ទៀត អ្នក​តាំង​លំនៅ​ខ្លះ​បាន​សង់ផ្ទះ​​រឹងមាំ ដាំ​ដំណាំ​យុទ្ធសាស្ត្រ និង​សាងសង់​សាលា​បុណ្យ​នៅ​លើ​ដី​នោះ​ទៀត​ផង៖ «គ្រួសារ​ខ្លះ​ក៏​ក្រីក្រ​ពិត​ប្រាកដ​ដែរ។ បុគ្គល​មួយ​ចំនួន​គាត់​មាន​លុយ​គាត់​ទិញ​ដី​ចម្ការ​កៅស៊ូ​ហ្នឹង អ៊ីចឹង​យើង​ចែក ចេញ​ជា​ពីរ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ»

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ទទួល​ស្គាល់​ថា អ្នក​តាំង​លំនៅ​ខ្លះ​ជា​ជន​ឆ្លៀត​ឱកាស ហេតុ​នេះ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​គោលនយោបាយ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​គ្មាន​ដី​ពិត​ប្រាកដ៖ «បើ​សិន​អ្នក​មិន​មាន​ដី​ពិត​ប្រាកដ​យើង​មាន​សម្បទាន​ត្រៀម​សម្រាប់​ពួកគាត់​តើ!»

កាល​ពី​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​តវ៉ា​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ពី​ក្រុង​បានលុង ទៅ​ស្រុក​អូរជុំ ខណៈ​អាជ្ញាធរ និង​ក្រុមហ៊ុន​រៀបចំ​បណ្ដេញ​ប្រជាពលរដ្ឋ​តាំង​លំនៅ​ថ្មី​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ភូមិ​ថារ៉ងជង ក្នុង​ឃុំ​អូរជុំ។ ករណី​នេះ អាជ្ញាធរ​និង​ក្រុមហ៊ុន​បាន​សម្របសម្រួល​ឲ្យ​អ្នក​តវ៉ា​បើកផ្លូវ និង​​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​កសិកម្ម សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។