នៅឃុំប្រាសាទគោល ស្រុកអង្គរជុំ ចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប មានទីទួលទំហំប្រហែល ៥ហិកតារ គឺជាអតីតកន្លែងសិប្បកម្មស្លដែករបស់សម័យអង្គរ ដែលអាជ្ញាធរអប្សរា និងអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រឹងប្រែងអភិរក្សទុកជាប្រវត្តិសាស្ត្រដ៏មានតម្លៃ។ ក៏ប៉ុន្តែរយៈពេលជាង ១សប្ដាហ៍មកហើយ ក្រុមហ៊ុនចម្រោះទឹកស្អាត១ បានយកគ្រឿងចក្រទៅជីកកកាយដីស្ទឹង ដែលនៅជាប់តំបន់បុរាណនោះ បម្រុងសាងសង់ការដ្ឋានចម្រោះទឹក ហើយកំពុងគំរាមកំហែងទៅលើទីបុរាណឋានដែលគេអភិរក្សនោះ។
ប្រជាពលរដ្ឋមួយចំនួននៅភូមិខាន់ស ឃុំប្រាសាទគោល ស្រុកអង្គរជុំ គំរាមថា នឹងលើកគ្នាធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនចម្រោះទឹកស្អាតមួយ ប្រសិនបើនៅតែយកគ្រឿងចក្រចូលទៅជីកកាយដីស្ទឹងគោករូងដែក បង្កឱ្យមានការគំរាមកំហែង និងធ្វើឱ្យប៉ះពាល់ដល់ទីទួលសិប្បកម្មស្លដែកបុរាណ១កន្លែង ដែលនៅបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានតម្លៃនោះ។
ក្រុមអ្នកភូមិធ្លាប់លើកគ្នាទៅហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចម្រោះទឹកស្អាតនោះ កុំឱ្យបន្តជីកកាយដីស្ទឹង ដែលនៅជាប់នឹងទួលអតីតកន្លែងសិប្បកម្មស្លដែកបុរាណជាញឹកញាប់ចាប់តាំងតែពីថ្ងៃទី២៦ ខែមីនា មក។
បុរសអ្នកភូមិខាន់ស ម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀតដែលសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា មានក្រុមហ៊ុនទឹកស្អាតមួយមកពីខេត្តបន្ទាយមានជ័យ បានព្យាយាមចូលទៅធ្វើកន្លែងចម្រោះទឹកស្អាតនៅជិតទួលរូងដែក អតីតជាកន្លែងសិប្បកម្មស្លដែកសម័យអង្គរ។
បុរសដដែលបញ្ជាក់ថា ក្រុមហ៊ុនចម្រោះទឹកស្អាតដែលគេមិនស្គាល់ឈ្មោះនោះ បានយកគ្រឿងចក្រទៅជីកកាយដីស្ទឹងរូងដែក បម្រុងធ្វើទំនប់ទឹកដែលគួរឱ្យព្រួយបារម្ភទៅដល់ការជីកប៉ះពាល់វត្ថុបុរាណ ព្រមទាំងធ្វើឱ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានតម្លៃដែលអ្នកស្រាវជ្រាវ បានអភិរក្សទុកផង៖ «គម្រោងគេ បិទទំនប់រួចគេបារស្ទឹងនោះ ដើម្បីស្ដុកទឹកយកទៅប្រើប្រាស់ ប៉ុន្តែប្រជាពលរដ្ឋគាត់គ្រោងបាតុកម្ម គឺគ្រឿងចក្រអត់ហ៊ានកាយទេថ្ងៃនេះ»។
ទោះជាយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងតំណាងក្រុមហ៊ុនចម្រោះទឹកស្អាតដែលអ្នកភូមិកំពុងចោទប្រកាន់នោះ ដើម្បីសុំការបំភ្លឺបានឡើយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា។
ប្រភពពីប្រជាពលរដ្ឋនៅភូមិខាន់ស ឱ្យដឹងថា ក្រុមហ៊ុនចម្រោះទឹកស្អាតដែលគេមិនស្គាល់ឈ្មោះនោះ បានចូលទៅតំបន់ទួលអតីតសិប្បកម្មស្លដែកសម័យបុរាណតាំងតែពីអំឡុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។
អាជ្ញាធរមូលដ្ឋានបានច្រានចោលការចោទប្រកាន់របស់អ្នកភូមិថា ក្រុមហ៊ុនចម្រោះទឹកស្អាតនោះមិនបានធ្វើអ្វីឱ្យប៉ះពាល់ទៅដល់ទីទួលសិប្បកម្មស្លដែកសម័យបុរាណទេ។ មេឃុំប្រាសាទគោល លោក ណោង ហ៊ុល មានប្រសាសន៍ថា ក្រុមហ៊ុនចម្រោះទឹកស្អាត មុននឹងចូលទៅទីនោះក៏បានទទួលការអនុញ្ញាតពីអាជ្ញាធរស្រុកអង្គរជុំ អស់ហើយដែរ។
លោកមេឃុំប្រាសាទគោល អះអាងថា ក្រុមហ៊ុនចម្រោះទឹកស្អាតនោះ មិនបានទៅជីកដីទួលដែលជាអតីតកន្លែងសិប្បកម្មស្លដែកសម័យអង្គរទេ គឺជីកតែដីដែលគេបានទិញពីអ្នកភូមិនៅជាប់មាត់ស្ទឹងប៉ុណ្ណោះ។ លោកមេឃុំបានហៅក្រុមប្រជាពលរដ្ឋដែលជំទាស់មិនឱ្យក្រុមហ៊ុនចម្រោះទឹកស្អាតជីកកកាយដីនៅតាមស្ទឹងនោះថា គឺជាជនអគតិ៖ «ខ្ញុំមិនដឹងថា យ៉ាងម៉េចទេ ពីព្រោះកាលពីយើងពិភាក្សាគឺចង់បានទឹកប្រើប្រាស់ ប៉ុន្តែគឺមានជនអគតិមួយចំនួនមកជំទាស់»។
ទោះយ៉ាងណា មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរដែលនិយាយភាសាថៃ ១រូប ដែលទៅដល់កន្លែងនោះ លោក រ៉េត សាមុត ឱ្យដឹងថា លោកឃើញគ្រឿងចក្រដែលក្រុមហ៊ុនយកទៅជីកដីនៅក្បែរកន្លែងសិប្បកម្មស្លដែកសម័យបុរាណនោះមែន។
លោក រ៉េត សាមុត សំដែងការព្រួយបារម្ភចំពោះសកម្មភាពជីកកកាយនោះ ថាអាចគំរាមកំហែងទៅលើទួលសិប្បកម្មស្លដែកសម័យបុរាណនេះយ៉ាងធ្ងន់ធ្ងរ៖ «ពោរពេញទៅដោយភាពសោកស្ដាយ ព្រោះថា កន្លែងហ្នឹងវាមានបន្សល់ទុកនូវកេរមរតកដែលពាក់ព័ន្ធទៅនឹងគ្រឿងលោហៈ»។
អ្នកស្រាវជ្រាវឱ្យដឹងថា ទីទួលដែលជាអតីតសិប្បកម្មស្លដែកបុរាណនេះ គឺជាស្លាកស្នាមប្រវត្តិសាស្ត្រ កាលពីជាង ៨០០ឆ្នាំមុន។ វាជាស្លាកស្នាមដែលបន្សល់ទុកដ៏មានតម្លៃមិនអាចធ្វើឱ្យបាត់បង់បានឡើយ។
អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គររបស់អាជ្ញាធរអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ទីទួលដែលជាអតីតសិប្បកម្មស្លដែកសម័យអង្គរនេះ គឺមានព្រះរាជក្រឹត្យប្រគល់ជូនមកអាជ្ញាធរអប្សរាការពារ។
លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ទីទួលរូងដែកនោះ ទំនងជាអតីតកន្លែងសិប្បកម្មផលិតដែកបុរាណសម្រាប់ផ្គត់ផ្គង់នៅក្នុងតំបន់ និងបញ្ជូនមកទីក្រុងអង្គរ។ ស្លាកស្នាមប្រវត្តិសាស្ត្រទីនោះ គឺមានតម្លៃបំផុតក្នុងការបង្ហាញឱ្យដឹងពីឥទ្ធិពលនៃអាណាចក្រអង្គរដែលរុងរឿង មិនមែនចេះតែធ្វើប្រាសាទថ្ម ចេះធ្វើកសិកម្មប៉ុណ្ណោះទេ គឺកន្លែងស្លដែកបានបង្ហាញឱ្យឃើញពីវិស័យឧស្សាហកម្មសម័យបុរាណខ្លាំងក្លា ពីព្រោះការផលិតដែកកាលណោះ អាចឱ្យមនុស្សយកទៅបម្រើការកសាងប្រាសាទ ការធ្វើកសិកម្ម ជាពិសេសគឺកងទ័ពក៏ត្រូវការអាវុធដែលធ្វើអំពីដែកយកទៅច្បាំងដែរ។
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កន្លែងបុរាណដ៏សំខាន់មួយនេះ គឺមិនអនុញ្ញាតឱ្យអ្នកណាមួយទៅបំផ្លាញបានទេ៖ «មិនអាចទេ តាមច្បាប់ ព្រោះវាជាកន្លែងបុរាណឋាន។ ខ្ញុំមិនបានដឹងរឿងហ្នឹងដែរ ប៉ុន្តែខ្ញុំជឿថា មិនយូរមិនឆាប់គឺខាងសមត្ថកិច្ចនឹងចុះទៅដោះស្រាយ»។
ទីទួលដែលជាអតីតកន្លែងសិប្បកម្មស្លដែកសម័យអង្គរនោះ គឺស្ថិតនៅតាមបណ្ដោយផ្លូវបុរាណភាគ ខាងលិចនៃទីក្រុងអង្គរឆ្ពោះទៅកាន់ប្រាសាទភីម៉ាយ ដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីថៃ ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
