សហគមន៍ការពារព្រៃឈើមួយឈ្មោះអណ្ដូងបរ កំពុងសម្ដែងការព្រួយបារម្ភ ដោយថារយៈពេល ៩ឆ្នាំមកនេះ ផ្ទៃដីសហគមន៍បានបាត់បង់ជាច្រើនរយហិកតារ ដោយសារតែសកម្មភាពកាប់រានយកដី។
តំណាងសហគមន៍បានអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលជួយជ្រោមជ្រែងពួកគេក្នុងកិច្ចការពារព្រៃសហគមន៍នៅទីនោះឱ្យបានគង់វង្សតទៅមុខ។
តំណាងសហគមន៍ព្រៃឈើនៅឃុំបេង នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានអះអាងថា កាលពីពេលថ្មីៗ ប្រជាពលរដ្ឋមួយចំនួនមកពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចូលទៅរុករានព្រៃក្នុងតំបន់សហគមន៍របស់គេ ដើម្បីពង្រីកផ្ទៃដីធ្វើចម្ការ។
អនុប្រធានសហគមន៍ព្រៃឈើអណ្ដូងបរ គឺលោក លន់ លឿង។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៤ ខែឧសភា ថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ សហគមន៍ និងអាជ្ញាធរឃុំបេង បានឃាត់គ្រឿងចក្រចំនួន ៦គ្រឿង ដែលប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក បាននាំយកទៅឈូសឆាយព្រៃសហគមន៍ ដើម្បីពង្រីកផ្ទៃដីធ្វើចម្ការ។
អនុប្រធានសហគមន៍ដដែលបានបញ្ជាក់ថា គ្រឿងចក្រទាំងនោះបានឈូសរានព្រៃសហគមន៍ប្រមាណ ២០ហិកតារ។ បើទោះបីជាសហគមន៍បានធ្វើកិច្ចសន្យាជាមួយម្ចាស់គ្រឿងចក្រទាំងនោះឱ្យឈប់បន្តឈូសឆាយនៅមុនពេលដោះលែងក៏ដោយ ក៏នៅតែមានសកម្មភាពលួចឈូសព្រៃសហគមន៍ដែលគួរឱ្យព្រួយបារម្ភ៖ «ព្រួយបារម្ភដែរ ដូចថា ខំថែរក្សាបានយូរមកហើយ ដល់ពេលខាងបន្ទាយមានជ័យ គេមានគ្រឿងចក្រឈូសលួចលាក់ផ្ទៃដីសហគមន៍អណ្ដូងបរ នោះ។ គេនៅតែរុករានទៀតធ្វើចម្ការ»។
អភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង បានមានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងទៅ គឺមានក្រុមប្រជាពលរដ្ឋខ្លះនៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានជញ្ជូនគ្រឿងចក្រទៅឈូសឆាយ ដើម្បីយកដីធ្វើចម្ការដំឡូង នៅជាប់ព្រំប្រទល់ព្រៃសហគមន៍នោះមែន ហើយការឈូសឆាយខ្លះបានរំលោភចូលទៅក្នុងតំបន់ព្រៃសហគមន៍។
លោកអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរស្រុកបន្ទាយអំពិល បានចាត់វិធានការចំពោះការឈូសឆាយចូលតំបន់ព្រៃសហគមន៍នេះ ដោយបានជួបជជែកគ្នាជាមួយនឹងអភិបាលស្រុកភ្នំស្រុក៖ «ទំនាក់ទំនងជាមួយអាជ្ញាធរស្រុកភ្នំស្រុក ឱ្យគាត់ជួយសហការណែនាំបងប្អូនប្រជាពលរដ្ឋខាងគាត់ហ្នឹង ឱ្យបានដឹងថា ដីព្រៃសហគមន៍យើងនៅចំណុចណា កុំឱ្យចូលមកព្រៃសហគមន៍។ បើគាត់ចូលមក វាជាការខុសឆ្គង ហើយខាងគាត់ក៏បានចូលរួមការងារហ្នឹងហើយ។ អីចឹងគិតថា វាមានប្រសិទ្ធភាពឱ្យតែយើងធ្វើការងាររួមហ្នឹង»។
ចំណែកលោក ហង់ សំអុល ជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល បានឱ្យដឹងថា លោកកំពុងធ្វើរបាយការណ៍ស្ដីពីប្រជាពលរដ្ឋខេត្តផ្សេង ដែលឈូសឆាយរំលោភចូលតំបន់ព្រៃសហគមន៍នេះទៅផ្នែករដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែលោកមិនទាន់ដឹងថាផ្នែករដ្ឋបាលព្រៃឈើនឹងចាត់វិធានការយ៉ាងណាឡើយ។
តំណាងសហគមន៍ព្រៃឈើអណ្ដូងបរ បានឱ្យដឹងថា កាលពីឆ្នាំ២០០៤ គេបានចុះហត្ថលេខាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលយកផ្ទៃដីទំហំជាង ៦.១១០ហិកតារ ដើម្បីការពារព្រៃឈើ។ ក៏ប៉ុន្តែ រយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ដីព្រៃសហគមន៍បានបាត់បង់ប្រមាណ ៨០០ហិកតារ ដោយសារតែកងទាហានបានចូលទៅបោះជម្រក និងផ្នែកខ្លះទៀតត្រូវឯកជនឈូសរំលោភយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
