តំណាងសហគមន៍មកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលិខិតឆ្លើយតបមួយពីខាងធនាគារ អេ.អ៊ិន.ហ្ស៊ិត (ANZ) នៅរសៀលថ្ងៃទី២ មករា ពាក់ព័ន្ធនឹងការបំភ្លឺរឿងផ្តល់ប្រាក់កម្ចីឲ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ ធ្វើការវិនិយោគស្ករអំពៅ។
ក្នុងលិខិតនេះ នាយកផ្នែកកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃធនាគារ អេ.អ៊ិន.ហ្ស៊ិត លោក ប៊ែន វ៉កឃើរ (Ben Walker) សរសេរថា ធនាគាររបស់លោកមិនបានផ្តល់ប្រាក់កម្ចីសម្រាប់ទិញដីសម្បទាន ហើយក៏មិនបានផ្តល់ប្រាក់កម្ចីដើម្បីរឹបអូសដីណាមួយដែរ។
លោក ប៊ែន វ៉កឃើរ បញ្ជាក់ថា បញ្ហាដីធ្លីដែលពលរដ្ឋរងផលប៉ះពាល់ទាំងពីរស្រុក ក្នុងខេត្តកំពង់ស្ពឺ មានតែក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) និងរាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ ដែលអាចស្វែងរកដំណោះស្រាយបានតាមរយៈវេទិកានៃគណៈកម្មាធិការអាដហុក (adhoc)។
បើទោះបីជាមានការឆ្លើយតបយ៉ាងនេះក្តី តំណាងពលរដ្ឋរងផលប៉ះពាល់ដីធ្លីមកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក ចាន់ សុឃឿន ថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការឆ្លើយតបនេះ។ លោក រួមទាំងពលរដ្ឋឯទៀតយល់ថា ដោយសារតែការផ្តល់ប្រាក់កម្ចីនេះធ្វើអោយពួកគាត់បាត់បង់ដីស្រែចម្ការ៖ «យើងបានទាមទាររយៈពេល បីលើកមកហើយ គាត់ខ្លាចយើងមកទាមទារ គាត់ក៏ឆ្លើយតបជាលិខិតមួយមក»។
អ្នកតំណាងពលរដ្ឋរងគ្រោះរឿងដីធ្លីទាំងពីរស្រុកអះអាងថា ពលរដ្ឋនឹងនាំគ្នាមកតវ៉ាមុខធនាគារ អេ.អ៊ិន.ហ្ស៊ិត ជាថ្មីទៀត លុះត្រាតែពួកគាត់ទទួលបានដំណោះស្រាយសមរម្យណាមួយពីខាងធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
