ការខ្វែងគំនិតគ្នារវាងអ្នកភូមិខ្លះនៃភូមិតានី នៃឃុំរុនតាឯក ជាមួយនឹងអាជ្ញាធរអប្សរា បានកើតមាន និងអូសបន្លាយរយៈពេល ៤-៥ឆ្នាំមកហើយចាប់តាំងពីស្ថាប័ននេះបានចូលទៅធ្វើភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ដោយកាន់កាប់ និងគ្រប់គ្រងផ្ទៃដីច្រើនរយហិកតារនៅទីនោះមក។
កាលពីដើមខែវិច្ឆិកា ក្រុមអ្នកភូមិតានី ជាច្រើននាក់ បានប្រមូលផ្ដុំគ្នាបិទផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ មិនឲ្យរថយន្តដឹកដីធំៗ ព្រមទាំងរថយន្តរបស់អាជ្ញាធរអប្សរាចេញចូលបានទេ។ ក្រុមអ្នកភូមិ ទាមទារឲ្យអាជ្ញាធរអប្សរាដោះស្រាយលើបញ្ហាដែលធ្វើឲ្យខូចផលប្រយោជន៍របស់ពួកគេមួយចំនួន ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការដោះស្រាយអ្វីឡើយ។
អ្នកភូមិមួយចំនួននៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលស្ថិតនៅចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រភាគខាងជើងឆៀងខាងកើតពីទីរួមខេត្តសៀមរាប បានចោទប្រកាន់អាជ្ញាធរអប្សរាដែលទទួលបន្ទុកគ្រប់គ្រងភូមិអភិវឌ្ឍន៍នៅតំបន់ក្បែរនោះ ថាបានប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវដែលពួកគាត់ធ្លាប់តែបររទេះ និងបើកគោយន្តចេញចូលទៅស្រែ មិនឲ្យឆ្លងកាត់បានទៀតទេ។
ក្រុមអ្នកភូមិសម្ដែងកំហឹងថា ការកាយផ្ដាច់ផ្លូវចេញចូលនេះ មិនត្រឹមតែធ្វើឲ្យពួកគេពិបាកដឹកជញ្ជូនផលស្រូវដែលត្រូវច្រូតកាត់ប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឲ្យទឹកដែលធ្លាប់តែដក់នៅ បានហូរចេញអស់បណ្ដាលឲ្យស្រូវខ្លះខូចខាតទៀតផង។
បុរសអ្នកភូមិតានី ម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រឆាំងនឹងអាជ្ញាធរអប្សរាមួយចំនួនទៀត គឺលោក ហ៊ាន ហ៊ន។ លោកអះអាងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅ បុគ្គលិកអាជ្ញាធរអប្សរាដែលប្រចាំការនៅភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក បានយកគ្រឿងចក្រទៅជីកផ្ដាច់ផ្លូវដែលអ្នកភូមិធ្លាប់ចេញចូលទៅស្រែ មិនឲ្យឆ្លងកាត់បានទៀតទេ។ បុរសដដែលបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី៤ ខែវិច្ឆិកា គឺរូបគាត់ និងអ្នកភូមិជាច្រើននាក់ បានតវ៉ាឲ្យអាជ្ញាធរអប្សរាតភ្ជាប់ផ្លូវនោះវិញ ក៏ប៉ុន្តែរហូតមកបច្ចុប្បន្ន មិនមានដំណោះស្រាយអ្វីទេ៖ «ខ្ញុំឲ្យអប្សរានេះជួសជុលផ្លូវឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់បាន ឲ្យក៏ឲ្យបិទទំនប់ទឹកសម្រាប់ប្រជាពលរដ្ឋវិញ ពីព្រោះប្រជាពលរដ្ឋត្រូវការទឹកធ្វើស្រែ»។
អ្នកភូមិតានី ជាច្រើននាក់ទៀត ក៏កំពុងទាមទារបញ្ហាដូចគ្នានេះ ដោយពួកគេរិះគន់ថាមិនមានអាជ្ញាធរមូលដ្ឋានណាអើពើ និងមកដោះស្រាយចំពោះបញ្ហាដែលកំពុងកើតឡើងនេះឡើយ។
អ្នកភូមិតានីម្នាក់ទៀតដែលសម្ដែងការមិនសប្បាយចិត្តនឹងមន្ត្រីអាជ្ញាធរអប្សរានៅទីនោះ លោកស្រី ឃុប សង មានប្រសាសន៍ថា ស្រូវរបស់គាត់មួយចំនួនបានខូចខាត បន្ទាប់ពីអាជ្ញាធរអប្សរាយកគ្រឿងចក្រទៅជីកកាយដី ធ្វើឲ្យទឹកហូរអស់។ ស្ត្រីដដែលបញ្ជាក់ថា គាត់ព្រួយបារម្ភចំពោះអនាគត ប្រសិនអាជ្ញាធរអប្សរានៅតែធ្វើអ្វីបានស្រេចតែចិត្ត ហើយគ្មានអ្នកណាអើពើ និងដោះស្រាយ មិនយូរមិនឆាប់ គឺដីស្រែរបស់គាត់ដែលមានក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរា អាចនឹងបាត់បង់៖ «អត់មានឲ្យប្រជាជនសុខសាន្តសោះ គ្មានទេស្រូវ អត់មានបានច្រូតកើតទេ ដូចជាស្មៅខែប្រាំង។ ចុះបើកាយទឹកចោលអស់ បើដីវាក្រៀមអស់រលីងនោះ»។
ទោះយ៉ាងណា មន្ត្រីអាជ្ញាធរអប្សរាបានបដិសេធចោលរាល់ការចោទប្រកាន់ទាំងនេះដោយថា អាជ្ញាធរមិនបានទៅជីកដីបំផ្លាញផ្លូវ និងបើកបង្ហូរទឹកដូចការចោទប្រកាន់របស់អ្នកភូមិទាំងនោះទេ។ តាមពិត គឺប្រជាពលរដ្ឋទៅវិញទេដែលព្យាយាមរំលោភចូលទៅរុករានដីរបស់គម្រោងភូមិអភិវឌ្ឍន៍រុនតាឯក ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ជាការពិត មិនមែនអាជ្ញាធរអប្សរាយកគ្រឿងចក្រទៅកាយផ្ដាច់ផ្លូវរបស់ប្រជាពលរដ្ឋទេ គឺចាប់តាំងតែពី ៧ឆ្នាំមុន នៅពេលដែលអាជ្ញាធរអប្សរាទៅសាងសង់ភូមិអភិវឌ្ឍន៍រុនតាឯក នៅទីនោះ បានកាយធ្វើជាប្រឡាយប្រព័ន្ធភូមិ ដើម្បីយកអាចម៍ដីទៅចាក់កសាងធ្វើជាភូមិនៅខាងក្នុង។ បច្ចុប្បន្ន អាចម៍ដីផ្លូវវាចេះតែច្រោះហូរចូលមកក្នុងប្រឡាយវិញ ធ្វើឲ្យប្រឡាយវារាក់ ទើបអ្នកគ្រប់គ្រងតំបន់ភូមិអភិវឌ្ឍន៍ យកគ្រឿងចក្រទៅកាយដីពីប្រឡាយមកចាក់ជួសជុលផ្លូវដែលខូចខាតនោះឡើងវិញប៉ុណ្ណោះ។
លោក ឡុង កុសល ទទួលស្គាល់ថា ចាប់តាំងតែពីអាជ្ញាធរអប្សរាបង្កើតភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ដើម្បីឲ្យកូនចៅអ្នករស់នៅក្នុងតំបន់អង្គរណាដែលរៀបការថ្មី មិនអាចសង់ផ្ទះពង្រីកបាន គឺអាចទៅរស់នៅទីនោះមក បានធ្វើឲ្យប៉ះពាល់លើដីប្រជាពលរដ្ឋដែលរស់នៅភូមិតានី ប្រមាណ ១៣គ្រួសារ។ ដោយសារតែបញ្ហានេះ បានជាអ្នកភូមិចេះតែរករឿងអាជ្ញាធរអប្សរា។ ទោះយ៉ាងណា គឺអាជ្ញាធរអប្សរា រួមនឹងអាជ្ញាធរស្រុកបន្ទាយស្រី និងខេត្តសៀមរាប កំពុងព្យាយាមដោះស្រាយដោយសន្តិវិធី៖ «នៅក្នុងភូមិធម្មជាតិយើងហ្នឹង វាមានចំណុចមួយដែលកំពុងធ្វើការជាមួយអាជ្ញាធរខេត្ត ជាមួយនឹងប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាអ្នកភូមិមួយចំនួនដែលកាន់កាប់ដីទីនោះ»។
មេឃុំរុនតាឯក លោក គុយ វ៉ៃ បញ្ជាក់ថា កាលពីអាជ្ញាធរអប្សរាយកគ្រឿងចក្រទៅជីកផ្ដាច់ផ្លូវនោះ លោកមិនបានដឹងទេ ពីព្រោះអាជ្ញាធរអប្សរាក៏មិនបានប្រាប់មកឃុំ ឯប្រជាពលរដ្ឋក៏មិនបានប្ដឹងទៅអាជ្ញាធរ ក៏ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋលើកគ្នាតវ៉ា ទើបលោកដឹង ហើយលោកបានទៅពិនិត្យមើល ព្រមទាំងស្នើសុំឲ្យអាជ្ញាធរអប្សរា ជួយសម្របសម្រួលឡើងវិញ។ លោកថា រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញដំណោះស្រាយទៅតាមអ្វីដែលអ្នកភូមិចង់បាននៅឡើយទេ។
ទោះយ៉ាងណា លោកមេឃុំរុនតាឯក ទទួលស្គាល់ថា ការដែលអាជ្ញាធរអប្សរាយកគ្រឿងចក្រទៅជីកផ្ដាច់ផ្លូវដែលប្រជាពលរដ្ឋចេញចូលទៅស្រែនោះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមែន៖ «ខ្ញុំដឹងថា ប៉ះពាល់រឿងបញ្ហាសេដ្ឋកិច្ច។ បញ្ហាទី២ រឿងផ្លូវដឹកជញ្ជូនសម្ភារៈរបស់គាត់ដែលទៅច្រូតកាត់នោះ»។
មេឃុំរុនតាឯក ឲ្យដឹងថា ចំពោះបញ្ហាទំនាស់រវាងអ្នកភូមិតានី និងអាជ្ញាធរអប្សរានេះ គឺលោកពុំមានលទ្ធភាពដោះស្រាយបានទេ មានតែបញ្ជូនកំណត់ហេតុ និងឯកសាររបស់ប្រជាពលរដ្ឋមួយចំនួនទៅថ្នាក់ស្រុក និងខេត្តសៀមរាប ឲ្យបន្តដោះស្រាយប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរ ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលក្នុងខេត្តសៀមរាប នៅមិនទាន់បានដឹង ហើយក៏មិនទាន់បើកការស៊ើបអង្កេតអ្វីមួយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
