ផ្ទះ​១០​ខ្នង​ក្នុង​តំបន់​អភិរក្ស​នៅ​មណ្ឌលគិរី​ត្រូវ​សមត្ថកិច្ច​អារ​ជើង​សសរ​រំលំ​ចោល

អាជ្ញាធរ​ចម្រុះ​ខេត្ត​មណ្ឌលគិរី បាន​ប្រើ​វិធាន​ការ​ក្តៅ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​លើក​ទី​២ ដោយសារ​តែ​អ្នក​ភូមិ​ព្យាយាម​មក​តាំង​ទីលំនៅ​ថ្មី​នៅ​តាម​ដង​ផ្លូវ ក្នុង​តំបន់​ព្រៃ​អភិរក្ស​កែវសីមា។ លើស​ពី​នេះ ប្រជាពលរដ្ឋ​ចោទ​ថា ក្រុម​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ។

0:00 / 0:00

ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន ១០​ខ្នង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​មណ្ឌលគិរី អារ​ជើង​សសរ ហើយ​យក​រថយន្ត​ទាញ​រំលំ​ចោល ព្រម​ទាំង​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ។ ក្រុម​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា អ្នក​ភូមិ​ទាំង​នោះ​ថា រឹងរូស​មក​តាំង​ទីលំនៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

នេះ គឺ​ជា​លើក​ទី​២​ហើយ ដែល​សមត្ថកិច្ច​ចម្រុះ​បាន​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ និង​ដាក់​វិធាន​ការ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចាក​ចេញ​ពី​ចំណុច​ផ្លូវ​ក្រុមហ៊ុន​សម្បទាន​មួយ ឋិត​ក្នុង​ដែន​ជីវចម្រុះ​សីមា ក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា។

ប្រជាពលរដ្ឋ​ឋិត​ក្នុង​ហេតុការណ៍ ឈ្មោះ អាត ខុម ហៅ​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច​ថា​ជា​អំពើ​ឃោរឃៅ ព្រៃផ្សៃ រំលោភ​សិទ្ធិ​ពលរដ្ឋ​ក្រីក្រ។ គាត់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ព្រៃ​ភ្នំ​គ្មាន​ផ្លូវ​គមនាគមន៍​ធ្វើ​ដំណើរ ហេតុ​នេះ​អ្នក​ភូមិ​ឃើញ​រាជ​រដ្ឋាភិបាល​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន ហើយ​ធ្វើ​ផ្លូវ​ភ្ជាប់​តំបន់​នោះ​មក​ផ្លូវ​ជាតិ ទើប​អ្នក​ភូមិ​ចាក​ចេញ​ពី​ភូមិ​មក​តាំង​ទីលំនៅ​តាម​ដង​ផ្លូវ​នេះ​វិញ៖ «ចាប់​មនុស្ស​គេ​ចាប់​ដាក់​ខ្នោះ ហើយ​វាយ​គ្នា​ឡើង​ខៀវ​មុខ​ខៀវ​មាត់។ សាហាវ​ណាស់​ណា! គំរាម​កំហែង​ឲ្យ​ផ្ដិត​មេដៃ​ចាប់​មេដៃ​គ្នា​ឲ្យ​ផ្ដិត​ទៀត»

ចំណែក​អ្នក​ភូមិ ឈ្មោះ ង៉ុយ ខាច មាន​ប្រសាសន៍​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​រឹប​អូស​ម៉ូតូ​ប្រជាពលរដ្ឋ បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ចាក​ចេញ។ គាត់​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បញ្ឈប់​សកម្មភាព​រំលោភ​នេះ និង​រៀប​ចំ​តំបន់​នោះ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ផ្លូវ​គមនាគមន៍​ធ្វើ​ដំណើរ ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល៖ «ម្សិលមិញ​គេ​មក​ចាប់​ប្រពន្ធ​ខ្ញុំ ដើម្បី​បង្ខំ​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ​កាល​ពី​មក​លើក​ទី​មួយ បង្ខំ​ខ្ញុំ​ដែរ តែ​ខ្ញុំ​អត់​ផ្ដិត​ឲ្យ។ ចាប់​គ្រៀក​ដៃ​ខ្ញុំ​ទាំងអស់ ដើម្បី​ឲ្យ​ខ្ញុំ​ផ្ដិត​មេដៃ​ឲ្យ​បាន​គេ​លែង​ខ្ញុំ​វិញ។ លែង​ដោយសារ​ប្រពន្ធ​កូន​ខ្ញី​ហ្នឹង​បាន​លែង​ណា!»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុធ បញ្ជាក់​យ៉ាង​ខ្លី​ថា នេះ​គឺ​ជា​ការ​អនុវត្តន៍​ភារកិច្ច​ការពារ​តំបន់​អភិរក្ស​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​ចម្រុះ​ស្រុក​កែវសីមា បាន​ប្រើប្រាស់​វិធាន​ការ​ក្តៅ​អារ​ជើង​សសរ ហើយ​យក​រថយន្ត​ទាញ​រំលំ និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ចោល​អស់​ប្រមាណ ៣៧​ផ្ទះ បន្ទាប់​ពី​អ្នក​ភូមិ​បាន​នាំ​គ្នា​បោះ​បង់​ចោល​ភូមិ​ចាស់​នៅ​ក្នុង​ព្រៃ ហើយ​នាំ​គ្នា​មក​តាំង​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​លំ ដែល​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​នោះ​បាន​កសាង​សម្រាប់​ការ​ធ្វើ​ដំណើរ​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ជាតិ​បាន​ងាយ​ស្រួល។

ប្រធាន​ភូមិ​អូរព្រះ លោក វន សុខជា មាន​ប្រសាសន៍​បញ្ជាក់​ថា យុវជន​ម្នាក់​ឈ្មោះ ផល ល័ក្ខ អាយុ ១៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​រុះរើ​លំនៅឋាន​នោះ។ លោក​បន្ត​ថា សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ កង​រាជ​អាវុធហត្ថ និង​មន្ត្រី​អយ្យការ​ឋិត​ក្នុង​ហេតុការណ៍​បង្ក្រាប កាល​ពី​ថ្ងៃ​ពុធ ទី​២៧ វិច្ឆិកា។ ករណី​នេះ​លោក​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ​ជួយ​ប្រជាពលរដ្ឋ៖ «គេ​ធ្វើ​របស់​គេ​ហ្នឹង​ជាង​ជំនាន់​បី​ឆ្នាំ​ប្រាំ​បី​ខែ​ទៀត គេ​ធ្វើ​ដូច​ជា​ហួស​ហេតុ។ ឃើញ​ប្រជាពលរដ្ឋ​ឲ្យ​តែ​ឃើញ​មនុស្ស​ប្រុសៗ​រក​ចាប់​ដាក់​ឡាន»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​វិច្ឆិកា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​កំពុង​ចូល​រួម​សិក្ខា​សាលា។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ​ប្រើ​មធ្យោបាយ​សន្តិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​នោះ។ លោក​បញ្ជាក់​ថា មិន​ទាន់​មាន​ប្រភព​សមត្ថកិច្ច​ណា​បញ្ជាក់​ថា យុវជន​ដែល​ចាប់​ខ្លួន​ត្រូវ​បញ្ជូន​ទៅ​ទី​ណា​ទេ។ ករណី​នេះ លោក​កំពុង​ស្រាវជ្រាវ​អង្កេត​បន្ត​ទៀត៖ «ការ​បង្ក្រាប​នេះ ហាក់​បី​ដូច​ជា​ប្រើ​អំពើ​ហិង្សា​គំរាម​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ហ្នឹង​ណា! យើង​កំពុង​តាម​ដាន​រឿង​ហ្នឹង ព្រោះ​រឿង​ហ្នឹង​យើង​យក​មក​ធ្វើ​ជា​សំណុំ​រឿង ដើម្បី​ស៊ើប​អង្កេត​ដែរ។ មិន​ដឹង​ថា បច្ចុប្បន្ន​គេ​ឃុំ​ខ្លួន​គាត់​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ អ៊ីចឹង​ណា!»

ប្រជាពលរដ្ឋ​នៅ​តំបន់​រង​ការ​បង្ក្រាប ឲ្យ​ដឹង​ថា មាន​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ២០​ខ្នង​ទៀត នៅ​តំបន់​នោះ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​កំណត់​ពេល​មួយ​សប្ដាហ៍​ឲ្យ​រុះរើ។ បើ​មិន​ដូច្នេះ សមត្ថកិច្ច​នឹង​បង្ខំ​រុះរើ​ម្តង​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អ្នក​ភូមិ​និយាយ​ថា ពួក​គាត់​មិន​ចាក​ចេញ​ពី​តំបន់​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​រុះ​ផ្ទះ ពួក​គាត់​បាន​សង់​រោង​ប្រក់​សំពត់​កៅស៊ូ​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។