កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញគោលនយោបាយចាស់សកម្មភាពថ្មី ពោលគឺរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋណាដែលមានដីកាន់កាប់ជាក់ស្ដែងក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាជំហានដំបូង និងមិនមានតម្រូវឲ្យបង់ប្រាក់ក្នុងការងារចុះបញ្ជីនេះទៅឲ្យអាជ្ញាធរណាឡើយ។
ប្រជាពលរដ្ឋភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង សុំមិនឲ្យបញ្ចេញឈ្មោះនិយាយថា អាជ្ញាធរឃុំបានទារប្រាក់ចំនួន ១ម៉ឺនរៀល ក្នុងពេលបោះត្រាបញ្ជាក់ទៅលើឯកសារសលាកបត្រដីសម្រាប់ក្រុមនិស្សិតវាស់ដីជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះដដែលបន្តថា ចាប់ពីដើមខែមីនា ឆ្នាំ២០១៣ រហូតមកអ្នកភូមិរាប់រយគ្រួសារបានបង់ប្រាក់បែបនេះទៅឲ្យអាជ្ញាធរឃុំផ្ទុយទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រីបានណែនាំមិនឲ្យប្រជាពលរដ្ឋចំណាយប្រាក់ក្នុងគោលនយោបាយចុះបញ្ជីដីធ្លីនេះទេ៖ «ខ្ញុំ ២ប្លង់ អស់ ២ម៉ឺន (រៀល) គេយក ២ម៉ឺន។ មួយប្លង់ ១ម៉ឺន។ គេយកគេប្រាប់ថា គេវាយត្រាយក។ ឲ្យគ្រប់គ្នាប៉ុន្មានភូមិហ្នឹង ឲ្យទាំងអស់គ្នា»។
ឆ្លើយតបការចោទប្រកាន់នេះជំទប់ទី១ ឃុំស្រែក្រសាំង លោក ថា ខាំពុត មានប្រសាសន៍បដិសេធថា អាជ្ញាធរឃុំមិនបានយកប្រាក់សេវាធ្វើសលាកបត្រដីធ្លីជូនប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែបានទារប្រាក់ពីប្រជាពលរដ្ឋដែលមិនមានឯកសារកំណត់អត្តសញ្ញាណដើម្បីបំពេញសលាកបត្រដីធ្លី។
លោកអះអាងថា ប្រជាពលរដ្ឋយល់ច្រឡំទើបកើតមានបញ្ហាចោទប្រកាន់នេះឡើង៖ «ពាក់ព័ន្ធច្រើនឯកសារ ប្រជាពលរដ្ឋគាត់មានការភ័ន្តច្រឡំណា។ មានបញ្ជីបញ្ជាក់ជននៅលីវ បញ្ជាក់ភាពមេម៉ាយ បញ្ជីផ្លាស់ទីលំនៅ ដើម្បីបញ្ជាក់ឲ្យនិស្សិតគេចេញបង្កាន់ដៃឲ្យ។ ចុះបង្កាន់ដៃបង់វិភាគទាន ១ម៉ឺនៗ មិនមែនទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(ADHOC) ខេត្តស្ទឹងត្រែង លោក សំរិទ្ធ វណ្ណា មានប្រសាសន៍បញ្ជាក់ថា លោកបានចុះអង្កេតករណីនេះហើយរកឃើញថា ពិតជាមានការយកប្រាក់លើការបោះត្រារបស់អាជ្ញាធរឃុំលើសលាកបត្រដែលក្រុមនិស្សិតបានធ្វើជូនប្រជាពលរដ្ឋ។
លោកបន្តថា ករណីនេះបានបញ្ឈប់វិញហើយ បន្ទាប់ពីបែកធ្លាយរឿងនេះឡើង៖ «គេធ្វើឲ្យហើយមកបោះត្រាបញ្ជាក់ពីមេឃុំ សលាកបត្របិទរូបថតណា! អ៊ីចឹងគាត់យកអាហ្នឹងមួយម៉ឺន ឥឡូវគាត់ឈប់យកអាហ្នឹងហើយ គាត់ធ្វើតាមធម្មតា»។
អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត មានប្រសាសន៍បញ្ជាក់ថា មិនមានគោលការណ៍ឲ្យយកប្រាក់ពីការបោះត្រាលើសលាកបត្រដីធ្លីជូនប្រជាពលរដ្ឋនោះទេ។ លោកបន្តថា ក្រុមអាជ្ញាធរទំនងចង់ជួយសម្របសម្រួលការងារជូនប្រជាពលរដ្ឋ ដូចជាកង្វះរូបថតជាដើម ទើបកើតមានរឿងយកប្រាក់នេះ៖ «បើគាត់ថតរូបខ្លួនឯង គាត់ត្រូវអស់បួនប្រាំម៉ឺន ហើយបើក្រុមគេទៅ គេរៀបចំធ្វើឲ្យទាំងអស់ជូនគាត់ហ្នឹង គេគិតថា ១ម៉ឺន។ នេះមិនមែនអនុញ្ញាតទេ»។
នៅខេត្តរតនគិរី ក៏កើតមានករណីយកប្រាក់ពីសេវាចុះឈ្មោះប្រជាពលរដ្ឋដើម្បីឲ្យក្រុមនិស្សិតបំពេញសលាកបត្រជូនប្រជាពលរដ្ឋដើម្បីចុះបញ្ជីដីធ្លីនេះដែរ ប៉ុន្តែអាជ្ញាធរខេត្តបានដាក់បទបញ្ជាឲ្យអាជ្ញាធរឃុំបញ្ឈប់យកប្រាក់ពីប្រជាពលរដ្ឋជាបន្ទាន់។
សេចក្ដីរាយការណ៍របស់អាជ្ញាធរឃុំស្រែក្រសាំង ឲ្យដឹងថា នៅសប្ដាហ៍ក្រោយនេះ ក្រុមនិស្សិតនឹងចុះវាស់វែងដីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំស្រែក្រសាំង តាមគោលនយោបាយចាស់សកម្មភាពថ្មី ចំណែកក្រុមការងារនិស្សិតស្ម័គ្រចិត្ត និងអាជ្ញាធរឃុំកំពុងបំពេញសលាកបត្រដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៨០ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
