សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដាក់​ញត្តិ​ជូន​សាលា​ក្រុង

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី និង​ជា​ជន​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ និង​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រមាណ ៤០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​តុលា បាន​ជួប​ប្រជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក លើក​ទី​២៨។

0:00 / 0:00

បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា និង​ថ្លែង​សុន្ទរកថា​រៀប​រាប់​អំពី​ការ​លំបាក​ផ្សេងៗ​អស់​ជា​ច្រើន​ម៉ោង នៅ​ទីធ្លា​រូប​សំណាក​លោក​យាយ​ដូន​ពេញ​រួច​មក ពួក​គេ​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ។

ស្រប​គ្នា​នេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ក៏​ត្រូវ​ដាក់​ពង្រាយ​ជា​ហូរហែ​ចាប់​តាំង​រមណីយដ្ឋាន​វត្ត​ភ្នំ បន្ត​រហូត​ដល់​សាលា​រាជធានី​ភ្នំពេញ។ ពួក​គេ​បាន​រារាំង​ពលរដ្ឋ​ជា​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​ហែ​ក្បួន ហើយ​ក៏​មាន​ការ​ប៉ះ​ទង្គិច​មួយ​បាន​កើត​ឡើង នៅ​ពេល​ដែល​ក្រុម​អ្នក​ហែ​ក្បួន​បាន​ទៅ​ដល់​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី បាន​តតាំង​គ្នា​មួយ​ប្រាវ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​ឈរ​ជា​ជួរ​បិទ​ផ្លូវ និង​រុញ​ច្រាន​ពលរដ្ឋ​អោយ​ចេញ​ពី​ផ្លូវ​ព្រះមុនីវង្ស នៅ​ពេល​ពួក​គេ​ព្យាយាម​នាំ​គ្នា​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ។

ក្នុង​ការ​ប៉ះ​ទង្គិច​នោះ ពលរដ្ឋ​បាន​នាំ​គ្នា​គប់​ដប​ទឹក​សុទ្ធ​ទៅ​លើ​សមត្ថកិច្ច នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង ព្យាយាម​រុញ​ពួក​គេ​អោយ​ចាក​ចេញ​បញ្ឈប់​ការ​តវ៉ា។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​គប់​ដប​ទឹក​សុទ្ធ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​វិញ​ដែរ។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី អង្វរ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​រារាំង​ពួក​គាត់​ហែ​ក្បួន​ដាក់​ញត្តិ នា​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី អង្វរ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​រារាំង​ពួក​គាត់​ហែ​ក្បួន​ដាក់​ញត្តិ នា​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Sochivy)

ក្នុង​ញត្តិ​នោះ ពួក​គេ​ទាមទារ​អោយ​ថ្នាក់​ដឹក​នាំ​សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ គិតគូរ​ពី​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ បញ្ឈប់​រាល់​ការ​រំលោភ​យក​ដីធ្លី សុំ​អោយ​មាន​ការ​គិតគូរ​ដល់​មនុស្ស​ជាតិ មុន​គិត​ពី​ផល​ប្រយោជន៍​ផ្សេង​ទៀត។ ស្រប​គ្នា​នេះ ក៏​បាន​ទាមទារ​អោយ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​មក​ពី​តំបន់​បឹងកក់ និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

ក្រុម​អ្នក​តវ៉ា បាន​អោយ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ការ​លំបាក​ដែល​តែង​តែ​ត្រូវ​មន្ត្រី​មាន​សមត្ថកិច្ច​មើល​រំលង។ ឆ្លង​កាត់​បទ​ពិសោធន៍​នេះ ពួក​គាត់​អំពាវនាវ​អោយ​រដ្ឋាភិបាល​អាណត្តិ​ថ្មី បោះ​បង់​ចោល​ទម្លាប់​ចាស់ និង​ត្រូវ​ចាប់​ផ្ដើម​គិតគូរ​ពី​សិទ្ធិ​សេរីភាព និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ក្រីក្រ។

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល អោយ​ដឹង​ថា ប្រជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ច្រើន​ជាង ១០% ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ដោយ​ឡែក ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ច្រើន​ជាង ៤​សែន​នាក់ ទទួល​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក ដោយសារ​តែ​តម្លៃ​ដីធ្លី​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក។ ប្រជាពលរដ្ឋ​ចំនួន ១៥​ម៉ឺន​នាក់ នៅ​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ជាង ៤​សែន​នាក់ គ្មាន​ទី​ជម្រក។ ភាគ​ច្រើន​នៃ​ពួក​គេ ត្រូវ​បាន​គំរាម​កំហែង និង​បំភិត​បំភ័យ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន និង​ដីធ្លី។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​លើក​បដា​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី នា​រមណីយដ្ឋាន​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​លើក​បដា​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី នា​រមណីយដ្ឋាន​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Sochivy)

នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ អាជ្ញាធរ​ពុំ​បាន​ចាត់​ទុក​ការ​ដើរ​ក្បួន​ហែ​ញត្តិ​របស់​ពលរដ្ឋ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក​នេះ ថា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ឡើយ ប៉ុន្តែ​ថា​ជា​សកម្មភាព​បង្ក​ភាព​អនាធិបតេយ្យ ប៉ះពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

យ៉ាង​ណា​ក៏ដោយ តំណាង​ពលរដ្ឋ ៥​នាក់ ត្រូវ​អនុញ្ញាត​អោយ​នាំ​ញត្តិ​ចូល​ទៅ​ប្រគល់​អោយ​អភិបាល​រាជធានី​ភ្នំពេញ។ ហើយ​ការ​តវ៉ា ក៏​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក។

ករណី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​រិះ​គន់​ថា សកម្មភាព​រឹតត្បិត​ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ធានា​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។