ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ខកខាន​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ដោយសារ​សមត្ថកិច្ច​ឃាត់​ឡាន

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ និង​អ្នក​ភូមិ​នៅ​ឃុំ​បន្ទាយស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជាង ៣០​នាក់ ត្រូវ​ខកខាន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី ដែល​ពួក​គាត់​ស្នើសុំ​ទុក​អាស្រ័យ​ផល ឬ​ដាក់​ជា​សម្បត្តិ​រួម​កាល​ពី​ពេល​កន្លង​ទៅ។ ការ​ខកខាន​នេះ ដោយសារ​តែ​សមត្ថកិច្ច​ដាក់​កម្លាំង​ជាច្រើន​កន្លែង ឃាត់​រថយន្ត​របស់​ពួក​គាត់ ដោយ​ខ្លាច​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា សមត្ថកិច្ច​ដាក់​កម្លាំង​ដើម្បី​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ មិន​បាន​ហាម​ឃាត់​ពួក​គាត់​ទេ។

តាម​គម្រោង តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​បន្ទាយស្ទោង ៥​នាក់ នឹង​ត្រូវ​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ប៉ុន្តែ​ពួក​គាត់​ទាំង​នោះ រួម​នឹង​ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ ត្រូវ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​អស់​ចិត្ត។ ការ​លើក​ពេល​ជួប​ពិភាក្សា​គ្នា ក្រោម​ហេតុផល​ថា អាជ្ញាធរ​ខេត្ត​ជាប់​ប្រជុំ ព្រោះ​តំណាង​ពលរដ្ឋ​ទាំង​នោះ​ទៅ​មិន​ទាន់​ពេល​កំណត់ ប៉ុន្តែ​ពលរដ្ឋ​ថា​ដោយសារ​តែ​មាន​សមត្ថកិច្ច​រារាំង​ពួក​គាត់។

ពលរដ្ឋ​នៅ​ឃុំ​បន្ទាយស្ទោង លោក សិត វឿន ឲ្យ​ដឹង​ថា នៅ​ពេល​អ្នក​ភូមិ​ចេញ​ដំណើរ​ពី​ផ្ទះ គឺ​មាន​សមត្ថកិច្ច​ឃាត់​រថយន្ត​ជា​បន្តបន្ទាប់​ចំនួន​បួន​កន្លែង ដោយ​សួរ​នាំ​ខ្លាច​ប្រជាជន​ឡើង​ទៅ​ភ្នំពេញ រហូត​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​ខកខាន​មិន​បាន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ទៀត​ផង៖ « ខ្ញុំ​ថា​មិន​ត្រឹមត្រូវ​ទេ ព្រោះ​គេ​កោះ​ហៅ​ត្រូវ​តែ​ទៅ​ម៉ង »

លោក​បន្ត​ថា គោល​បំណង​ពលរដ្ឋ​ឡើង​ទៅ​ខេត្ត​កំពង់ធំ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​សហគមន៍​ភូមិ​តាម៉ើ ប្រមាណ ២០​ហិកតារ ដែល​ត្រូវ​បាន​អភិបាល​រង​ស្រុក​ស្ទោង ឈូស​ឆាយ​រំលោភ​យក​កាល​ពី​ឆ្នាំ​២០១៤។

តំណាង​ពលរដ្ឋ​មួយ​រូប គឺ​លោកស្រី សាយ ណាត មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ពួក​គាត់​ប្រាប់​សមត្ថកិច្ច​តាម​ផ្លូវ​ថា​ទៅ​ជួប​អាជ្ញាធរ​ខេត្ត តាម​ការ​ណាត់​របស់​រដ្ឋបាល​សាលា​ខេត្ត​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​ជាច្រើន​កន្លែង​នៅ​តែ​រារាំង​ដំណើរ​ពួក​គាត់​ដដែល។ លោកស្រី​បញ្ជាក់​ថា អ្នក​ភូមិ​គ្មាន​បំណង​ឡើង​ទៅ​ភ្នំពេញ​ទេ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ទៅ​ជួប​អាជ្ញាធរ​ខេត្ត​តាម​ការ​ណាត់​ប៉ុណ្ណោះ៖ « ព្រោះ​ដីកា​កោះ​ហៅ​ខ្ញុំ​ថ្ងៃ​នេះ ខ្ញុំ​មក​មិន​ទាន់​ពេល។ បាន​ជា​មក​មិន​ទាន់​ពេល ព្រោះ​ខ្ញុំ​មក​ពី​ព្រឹក​ដែរ បើ​គេ​ឃាត់​ឡើង​បួន​កន្លែង​ហើយ »

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា តាម​ពិត សមត្ថកិច្ច​តែង​ដាក់​កម្លាំង​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​ប្រចាំ ប៉ុន្តែ​អាច​អ្នក​ស្រុក​ទាំង​នោះ​មិន​បាន​ដឹង។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​រារាំង​សិទ្ធិ​សេរីភាព​ពួក​គាត់​ទេ គ្រាន់​តែ​បារម្ភ​ចំពោះ​សុវត្ថិភាព​ធ្វើ​ដំណើរ និង​ការ​ប្រើប្រាស់​ផ្លូវ​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​មាន​បំណង​ឡើង​ទៅ​ភ្នំពេញ គឺ​អាជ្ញាធរ​មិន​បាន​ហាម​ឃាត់​ឡើយ ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ធ្វើ​ដំណើរ​ទាំង​នោះ៖ « គេ​ធ្វើ​រាល់​ថ្ងៃ​តើ ! ប៉ុន្តែ​ថ្ងៃ​ហ្នឹង​យើង​ធ្វើ​ស្រប​គ្នា​នៅ​ទូទាំង​ខេត្ត។ គេ​អត់​មាន​ឃាត់​ទេ »

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា ការ​ត្រួត​ពិនិត្យ​រថយន្ត​បើកបរ​គ្រប់​ទីកន្លែង ចំ​ថ្ងៃ​គណបក្ស​ប្រឆាំង​នាំ​គ្នា​យក​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នេះ គឺ​អាច​ជា​ចេតនា​មួយ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឡើង​ទៅ​ភ្នំពេញ​ច្រើន​ជាង។ ករណី​នេះ លោក​យល់​ថា នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត៖ « អា​នេះ​វា​ជា​រូបភាព​មួយ​បំបិទ​សិទ្ធិ​សេរីភាព ហើយ​ជា​រូបភាព​មួយ​អាជ្ញាធរ​ហ្នឹង​បង្ហាញ​ពី​អំណាច​របស់​ខ្លួន »

លោក ឈួម រុណ បន្ថែម​ទៀត​ថា ប្រសិន​បើ​សកម្មភាព​រារាំង​នៅ​តែ​បន្ត​កើត​មាន​ឡើង គឺ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​ដើរ​ថយ​ក្រោយ ហើយ​បង្ហាញ​ច្បាស់​ថា​រាជ​រដ្ឋាភិបាល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។