តើការផ្ដល់ដីសម្បទាននៅខេត្តមួយនេះ មានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះដល់ខេត្តភាគឦសានដែលសម្បូរទៅដោយជនជាតិភាគតិចរស់នៅមួយនេះ?
ប្រជាពលរដ្ឋជនជាតិដើមភាគតិចស្ទើរគ្រប់សហគមន៍ នៅខេត្តរតនគិរី មិនបានផ្ដល់តម្លៃទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាច្រើន ដែលបានមកវិនិយោគនៅក្នុងខេត្តភាគឦសានមួយនេះថា បានជួយធ្វើឲ្យប្រសើរជីវភាពរស់នៅរបស់អ្នកភូមិឡើយ។
ចាប់តាំងពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន អ្វីដែលបានកើតមានចំពោះប្រជាពលរដ្ឋ គឺបញ្ហាបាត់បង់ដីធ្លី ព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច បន្ទាប់ពីក្រុមហ៊ុនសម្បទានបានឈូសឆាយដី ហើយបង្កផលប៉ះពាល់ដីស្រែចម្ការ ផលដំណាំ ព្រៃគោរពបូជា ព្រៃសហគមន៍ការពារ និងអាស្រ័យផល ឈូសឆាយបឹង អូរធម្មជាតិ និងព្រៃជម្រកសត្វជាទីរស់អាស្រ័យផលរបស់ក្រុមជនជាតិដើមភាគតិចក្នុងខេត្តនេះ។
តំណាងសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ លោក រម៉ាស ស្វាន មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិមិនទទួលបានផលប្រយោជន៍អ្វីពីការវិនិយោគដីសម្បទានទៅឲ្យក្រុមហ៊ុននោះទេ ផ្ទុយទៅវិញ អ្នកភូមិត្រូវប្រឈមមុខការគំរាមកំហែងដើម្បីឈូសឆាយយកដីព្រៃសហគមន៍ការពារច្រើនជំនាន់មកហើយ។
លោកសំណូមពរឲ្យរាជរដ្ឋាភិបាលបញ្ឈប់គម្រោងផ្ដល់ដីសម្បទានទៅក្រុមហ៊ុនដែលរំលោភសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច៖ «តាំងពីក្រុមហ៊ុនចូលមកវាលំបាកចូលព្រៃរកវល្លិ វាអស់ព្រៃអស់ហើយ យើងទៅណា។ យើងរស់នៅពីធម្មជាតិ ព្រៃឈើ សំបកឈើ ស្លឹកឈើ។ បើកាប់ចំការដែរ គេថាដីក្រុមហ៊ុន។ ប្រជាពលរដ្ឋទាំងអស់ហ្នឹងគេថា មិនចង់ឲ្យក្រុមហ៊ុនចូលមកទៀត។ ប្រជាពលរដ្ឋអ្នកខ្លះមិនចេះធ្វើកម្មករ ចាក់កៅស៊ូក៏អត់ចេះដែរ ធ្វើម៉េចក៏អត់ចេះដែរ»។
សម្រាប់ប្រជាពលរដ្ឋឡាវ កំណើតខ្មែរ នៅឃុំស្រែអង្គ្រង ស្រុកកូនមុំ សុំមិនបញ្ចេញឈ្មោះវិញ បានបញ្ជាក់ដែរថា អ្នកភូមិមិនឃើញថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចធ្វើការអភិវឌ្ឍន៍អ្វីឲ្យមានសារប្រយោជន៍សហគមន៍មូលដ្ឋានឡើយ ក្រៅពីក្រុមហ៊ុនច្បាមយកដី និងកាប់យកឈើមានតម្លៃពីព្រៃស្រោងធម្មជាតិ។
លោកបន្តថា នៅមូលដ្ឋានរបស់លោក ព្រៃដែនជម្រកសត្វព្រៃអភិរក្សដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងព្រៃដែនជម្រកសត្វ លួចកាប់ឈើនៅក្នុងព្រៃនាំចូលទៅក្រុមហ៊ុន ហើយអារច្រៀកនាំចេញខុសច្បាប់។ កន្លងទៅនេះមន្ត្រីបរិស្ថានចាប់បានរថយន្តពីរគ្រឿង បានដឹកឈើពីព្រៃដែនជម្រកចូលក្រុមហ៊ុន។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំធ្វើដំណើរទៅដង (ដងជ័រ) ទៅដល់ហ្នឹងខ្ញុំទាន់ ទាន់ឈើហ្នឹងកាត់ទៅខាងណាអស់លោកអត់សុំខ្ញុំរណ្ដៅជ័រ។ ថាខ្ញុំកាត់ចូលក្រុមហ៊ុន ហ្វាង អាន់ ថាកាត់ចូលក្រុមហ៊ុន ហ្វាង អាន់ ហេតុអ្វីអត់សូរម្ចាស់ខ្ញុំ។ វាអស់សង្ឃឹមហើយ យើងខ្ញុំប្រជាពលរដ្ឋផុតពីដូចស្រែ ហើយអាហ្នឹងរដូវប្រាំងអាហ្នឹងហើយដែលខ្ញុំយកអនុផលព្រៃឈើ វាមានជម្រកសត្វ ដល់វាអស់រលីងមិនដឹងទៅនៅឯណាបាទ! មិនឲ្យដឹង»។
មន្ត្រីកសិកម្មខេត្តរតនគិរី ឲ្យដឹងថា ក្រុមហ៊ុនសម្បទានប្រមាណ ៣០ ត្រូវបានទទួលសិទ្ធិវិនិយោគលើដីសម្បទានប្រមាណជាង ១០ម៉ឺនហិកតារនៅខេត្តរតនគិរី។ តួលេខនេះរាប់បញ្ចូលទាំងដីសម្បទាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ និងឧទ្យានជាតិវីរជ័យគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ចំណែករបាយការណ៍ស្រាវជ្រាវក្នុងគេហទំព័រឈ្មោះ អូផិន ឌីវឺឡប់មេន ខេមបូឌា (Open Development Cambodia) បង្ហាញ ថា នៅខេត្តរតនគិរី មានក្រុមហ៊ុនសម្បទានចំនួន ៣២ មានផ្ទៃដីសម្បទានជាង ២២ម៉ឺនហិកតារ។ ក្នុងនោះក្រុមហ៊ុនដែលមានឯកសារបញ្ជាក់ពីរដ្ឋាភិបាលចំនួន ២៥ក្រុមហ៊ុន និង ៧ក្រុមហ៊ុន មិនមានឯកសារបញ្ជាក់។
របាយការណ៍បង្ហាញឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង ៣២ មានក្រុមហ៊ុនក្នុងស្រុកចំនួន ៤ក្រុមហ៊ុនរបស់វៀតណាម ចំនួន ៦ គ្រប់គ្រងផ្ទៃដីជាង ៥ម៉ឺនហិកតារ និងក្រុមហ៊ុនមានអត្តសញ្ញាណមិនច្បាស់លាស់ចំនួន ២២។
ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ទាក់ទិនសេចក្ដីចោទប្រកាន់របស់ពលរដ្ឋ តំណាងក្រុមហ៊ុន ហ្វាង អាន់ លោក ថាច់ ភៀន ធ្លាប់បានបដិសេធថា ក្រុមហ៊ុនមិនមានជាប់ពាក់ព័ន្ធកាប់ឈើក្នុងដែនជម្រកសត្វព្រៃនោះទេ គឺក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមគោលការណ៍ស្ដីពីសម្បទានសេដ្ឋកិច្ច៖ «ពួកខ្ញុំមានក្រុមហ៊ុន ២ ឬ ៣ នៅកន្លែងហ្នឹង ប៉ុន្តែរឿងសកម្មភាពប្រមូលឈើពួកខ្ញុំបញ្ឈប់ហ្នឹងពីរខែ បីខែហើយអត់មានសកម្មភាពទៀតទេ។ យើងធ្វើតាម ០០១ និងសារាចរផ្សេងទៀត យើងធ្វើដើម្បីចូលរួមខាងរដ្ឋាភិបាលខ្ញុំមិនធ្វើខុសទេបាទ!»។
ចំណែកតំណាងក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី ធ្លាប់បានអះអាងដែរថា ព្រៃឈើដែលក្រុមហ៊ុនឈូសឆាយ គឺឋិតក្នុងដីសម្បទានដែលរដ្ឋប្រគល់មកក្រុមហ៊ុន ហើយមន្ត្រីជំនាញបានឯកភាពឲ្យក្រុមហ៊ុនឈូសឆាយ ប៉ុន្តែក្រុមសហគមន៍ព្យាយាមរារាំង៖ «ពួកគាត់ចេះតែទៅឃាត់ ព្រោះពួកគាត់ចង់ទុកថ្ងៃក្រោយ។ ខ្ញុំឲ្យពួកហ្នឹងផ្អាកឈូសឆាយសិន ចាំមើលគេធ្វើម៉េចទៀត ព្រោះរដ្ឋបាលព្រៃឈើទើបនឹងទៅប្រជុំថ្ងៃមុនហ្នឹងសោះ»។
ភាគច្រើននៃក្រុមហ៊ុនសម្បទាននៅខេត្តរតនគិរី បានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម និងក្រសួងបរិស្ថានដាំកៅស៊ូ ក្រៅពីនេះមានដាំដូងប្រេងអាកាស្យា កាហ្វេ សណ្ដែក ដំឡូងនិងមួយផ្នែកតូចវិនិយោគវិស័យទេសចរណ៍ និងចិញ្ចឹមសត្វ។
យោងការស្រាវជ្រាវក្នុងគេហទំព័រដដែល មានក្រុមហ៊ុនខ្លះចុះកិច្ចសន្យាសម្បទានតាំងពីឆ្នាំ២០០៦ ប៉ុន្តែសេចក្ដីរាយការណ៍របស់មន្ត្រីកសិកម្មខេត្តរតនគិរី ឲ្យដឹងថា រហូតបច្ចុប្បន្ន ទិន្នន័យផ្ទៃដីដាំដុះរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបានប្រមាណ ២ម៉ឺនហិកតារ ជាតួលេខទាបប្រៀបធៀបទៅនឹងផ្ទៃដីដែលរដ្ឋបានផ្ដល់ឲ្យក្រុមហ៊ុនសម្បទាន។
ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បានថ្លែងការពារករណីនេះថា ក្រុមហ៊ុនភាគច្រើនទើបទទួលបានដីសម្បទាន និងការអនុញ្ញាតធ្វើអាជីវកម្មក្នុងឆ្នាំ២០១០ ហេតុនេះក្រុមហ៊ុនខ្លះបានដាំដុះគ្រប់តាមផែនការកំណត់របស់ក្រសួង៖ «វាទើបវិនិយោគថ្មីៗពេក មួយឆ្នាំ ខ្លះដាំបាន ២ពាន់ហិកតារទេ។ ទាក់ទងកូន ទាក់ទងពលកម្ម។ ដូចក្រុមហ៊ុនម៉ាងយ៉ាង ឆ្នាំនេះដាំបញ្ចប់ហើយ ដីគាត់ ៨ពាន់ហ្នឹង។ មិនអាចតាមផែនការដោយសារពេលគាត់គ្រោងធ្វើទៅ ជាក់ស្ដែងយើងត្រូវកាត់តំបន់រក្សាទុក។ ក្រោយពីគោលនយោបាយចាស់សកម្មភាពថ្មីទៀត កាត់ដីប្រជាជនប៉ះពាល់ទៀត»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ក្រុមហ៊ុនសម្បទានវៀតណាម នៅខេត្តរតនគិរី គឺក្រុមហ៊ុន ហ្វាង អាន់ មានសាខាបី គឺ ហ្វាង អាន់ អណ្ដូងមាស ហ្វាង អាន់ លំផាត់ និង ហ្វាង អាន់ អូរយ៉ាដាវ គ្រប់គ្រងលើផ្ទៃដីជិត ៣ម៉ឺនហិកតារ។ ចំណែកក្រុមហ៊ុន ម៉ែន សារុន ទទួលបានផ្ទៃដី ២ម៉ឺនហិកតារ ផ្ទុយទៅនឹងច្បាប់ស្ដីពីសម្បទាន។ដោយឡែកមានក្រុមហ៊ុនមួយចំនួនទៀត ជាក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែអ្នកប្រតិបត្តិការធ្វើអាជីវកម្មជាក្រុមហ៊ុនវៀតណាម។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ កត់សំគាល់ថា ការផ្ដល់ដីសម្បទានលើសការកំណត់នេះ ជំរុញឲ្យក្រុមហ៊ុនសម្បទានច្បាមយកដីតាមរយៈឈូសឆាយដីព្រៃ ជាពិសេសព្រៃស្រោង និងព្រៃសហគមន៍ជនជាតិដើមភាគតិចអភិរក្ស។
លោកបន្តថា អំពើរំលោភសិទ្ធិដីធ្លីជនជាតិដើម កើតមានច្រើនខណៈពេលក្រុមហ៊ុនសម្បទានបានចុះប្រតិបត្តិការធ្វើអាជីវកម្ម៖ «សូមឲ្យរាជរដ្ឋាភិបាលពិនិត្យពិច័យបញ្ហានេះឡើងវិញ ពីព្រោះវាមិនបានផ្ដល់ផលប្រយោជន៍ដល់តំបន់ជនជាតិដើមភាគតិចទេ។ យើងឃើញថា ក្រុមហ៊ុនសម្បទានចុះមកមានការកាប់បំផ្លាញព្រៃឈើលើព្រៃស្រោងជាច្រើន ជាពិសេសគឺរំលោភយកដីជនជាតិដើមភាគតិច ធ្វើឲ្យមានទំនាស់កើតឡើង។ មកដល់ពេលនេះមិនទាន់មានកាដោះស្រាយ»។
មន្ត្រីអាជ្ញាធរ និងក្រុមជំនាញពាក់ព័ន្ធព្រៃឈើជាញឹកញាប់បានចុះស៊ើបអង្កេតសេចក្ដីរាយការណ៍ស្ដីពីការកាប់ព្រៃឈើខុសច្បាប់របស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែមិនមានរបាយការណ៍ណាមួយត្រូវបានបញ្ចេញឲ្យដឹងជាសាធារណៈនោះឡើយ។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនឈូសឆាយព្រៃតាមការកំណត់របស់មន្ត្រីជំនាញ ដែលមិនមានពាក់ព័ន្ធទៅនឹងឈូសឆាយព្រៃស្រោងនោះឡើយ៖ «បើឈូសចូលដីព្រៃរដ្ឋហាមឃាត់ហ្នឹង គឺធ្វើអត់បានទេ យើងដឹងច្បាស់ហើយអារឿងក្រុមហ៊ុននោះ ពីព្រោះគេមានកិច្ចសន្យារបស់គេណា ប៉ុន្តែបើប្រជាពលរដ្ឋយើងគឺគាត់អត់មានកិច្ចសន្យាទេ គាត់កាប់ពេញទឹកពេញដី»។
នៅក្នុងខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ សហគមន៍ជនជាតិដើមនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ៣ក្រុម បានចេញមុខតវ៉ាជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួនបី គឺក្រុមហ៊ុន គ្លបល ធិច រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) និងក្រុមហ៊ុនវៀតណាម ឈ្មោះ កៅស៊ូ អេលេវ (KAOSU EA LEV BM YOY STOCK) បន្ទាប់ពីក្រុមហ៊ុនទាំងនោះយកគ្រឿងចក្រទៅឈូសឆាយព្រៃឈើដែលសហគមន៍អភិរក្សអាស្រ័យផល និងទុកចុះបញ្ជីជាព្រៃការពារសហគមន៍ ដើម្បីយកដី។ ចំណែកក្រុមហ៊ុនវៀតណាម ឈ្មោះ ហ្វាង អាន់ លំផាត់ ក៏ត្រូវអ្នកភូមិចោទថា បានលួចកាប់ឈើក្នុងដែនជម្រកសត្វព្រៃ ដែលក្នុងនោះមានឈើផលិតជ័រទឹករបស់អ្នកភូមិរាប់ពាន់ដើមត្រូវគេកាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
