អ្នក​នៅ​ពោធិ៍សាត់​ថា​ការ​ផ្ដល់​ដីសម្បទាន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រ

ភាព​ក្រីក្រ​និង​កង្វះ​ខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ។

0:00 / 0:00

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ប្រជាពលរដ្ឋ​នៅ​ឃុំ​មួយ​ចំនួន​បាន​បន្ទោស​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​លើសលប់​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា​ក្នុង​ខេត្ត​នេះ គឺ​ជា​កត្តា​មួយ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ការ​ធ្វើ​ចំណាកស្រុក និង​ការ​បោះ​បង់​ចោល​ការ​សិក្សា​របស់​កូន​ចៅ​ពួក​គាត់។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឡោន ស៊ីវៃ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ។ អ្នកស្រី​ឈរ​សម្លឹង​មើល​សកម្មភាព​គ្រឿងចក្រ​ក្រុមហ៊ុន​ភាពីម៉ិច ដែល​បាន​ឈូស​ឆាយ​ដី​ព្រៃ​អាស្រ័យ​ផល និង​រំលំ​ដើម​ឈើ​ហូប​ផ្លែ​របស់​អ្នក​ភូមិ​បណ្ដើរ រៀបរាប់​ពី​មូលហេតុ​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុង​ភូមិ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​បណ្ដើរ​ថា ដោយសារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បាន​ហាម​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​បេះ​ផ្លែ​ឈើ បោច​វល្លិ ដង​ជ័រ ឬ​ជីក​ទំពាំង ដូច​ពី​មុន​ទៀត​ទេ ហេតុ​នេះ​ហើយ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ គឺ​មាន​តែ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​ដើម្បី​រក​ប្រាក់​មក​ជួយ​គ្រួសារ​ប៉ុណ្ណោះ។

ស្ត្រី ឡោន ស៊ីវៃ៖ «បើ​យើង​រក​របរ​ក្នុង​ព្រៃ​បាន​ដូច​កាល​ពី​មុន​ទើប​យើង​អាច​ឧបត្ថម្ភ​ឲ្យ​កូន​បាន​រៀន។ឥឡូវ​បើ​យើង​ទៅ​ធ្វើ​ការ​ឲ្យ​គេ​មួយ​ថ្ងៃ​បាន ១២.០០០ (រៀល) យើង​ចាយ​បាន​តែ ១​ថ្ងៃ​អស់​ទៅ​ហើយ បាន​អី​ឲ្យ​កូន​រៀន។ បើ​ដូច​ពី​មុន​ទៅ បេះ​ផ្លែ​ឈើ​យ៉ាង​តិច​ក៏​មួយ​ថ្ងៃ​បាន ៣​ម៉ឺន​ដែរ។ រាល់​ថ្ងៃ​ពួក​ក្រមុំ កំឡោះ​ដែល​បាត់​ពី​ផ្ទះ គឺ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ភ្នំពេញ ឬ​ទៅ​ថៃ អស់​ពី​ភូមិ​ហើយ...»

ប្រហាក់​ប្រហែល​នឹង​អ្នកស្រី ឡោន ស៊ីវៃ ដែរ ស្ត្រី​អ្នក​ភូមិ​វ័យ ៥៨​ឆ្នាំ ឈ្មោះ កែប នីម ដាក់​កន្ត្រក​ផ្លែ​មៀន ព្រៃ​ដែល​គាត់​ទើប​តែ​បេះ​បាន​ពី​ក្នុង​ព្រៃ​ចុះ​មក​ដី​បណ្ដើរ រៀបរាប់​បណ្ដើរ​ថា ដោយសារ​តែ​ជីវភាព​របស់​គាត់​ខ្វះខាត ទើប​កូន​ស្រី​របស់​គាត់​អាយុ ១៥​ឆ្នាំ​ដែល​រៀន​ដល់​ថ្នាក់​ទី​៧​ហើយ​នោះ បាន​ឈប់​រៀន និង​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឯ​ទី​ប្រជុំ​ជន​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។

គាត់​បន្ត​ថា សព្វ​ថ្ងៃ​អ្នក​ភូមិ​ជា​ច្រើន​បាន​បញ្ឈប់​កូន​មិន​ឲ្យ​ទៅ​រៀន ដើម្បី​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន ឬ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ ព្រោះ​ពួកគេ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​សំលៀក​បំពាក់ និង​ផ្ដល់​លុយ​ឲ្យ​កូន​ទៅ​រៀន​ដូច​ពី​មុន​ទៀត​ទេ៖ «បើ​អស់​ព្រៃ​ឈើ​ហើយ​ដឹង​ទៅ​រក​អី​ទៀត។ ផ្លែ​ឈើ​ក៏​រក​មិន​បាន នៅ​សល់​តិច​តួច​នៅ​ជិត​ភូមិ។ បើ​ពី​មុន​យើង​អាច​ទៅ​រក​រំដួល​អី​នៅ​លើ​ភ្នំ ឥឡូវ​គេ​កាប់​ឈូស​ឆាយ​អស់​ហើយ។ បេះ​តែ​មួយ​កញ្ឆេរ​បាន​បួន​ប្រាំ​ម៉ឺន​អី ប៉ុន្តែ​ឥឡូវ​អស់​រលីង​ហើយ។ ក្មេង​ជំនាន់​ក្រោយ​លែង​ស្គាល់​រំដួល​ហើយ...»

នៅ​ឯ​តំបន់​ជនបទ​មួយ​ចំនួន​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ យុវជន​វ័យ​ជំទង់​ជា​ច្រើន​បាន​បោះ​បង់​ចោល​ការ​សិក្សា ដើម្បី​ជួយ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​ខ្លះ​ធ្វើ​ចំណាក​ស្រុក និង​ខ្លះ​ទៀត​ទៅ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច ឬ​នៅ​តាម​ទី​ប្រជុំ​ជន​នានា។

២៤-មេសា-២០១៣៖ ចម្ការ​ដំឡូង​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
២៤-មេសា-២០១៣៖ ចម្ការ​ដំឡូង​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ (RFA/Mondulkeo)

នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ រដ្ឋ​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទំហំ​ដី​ប្រមាណ ១៣​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ភាពីម៉ិច ក្រុមហ៊ុន តូច ហ៊ាវ អ៊ិន ខូផូរ៉េស៊ិន ក្រុមហ៊ុន យូរី សាគរ និង​ក្រុមហ៊ុន រតនា វិសាល។ ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ទាំង​នេះ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មូលដ្ឋាន​ផ្ទាល់​រង​ផល​ប៉ះពាល់។

អតីត​ជំទប់​ទី​២ ឃុំ​ក្បាលត្រាច គឺ​លោក ភុល ឡឹង បាន​ទទួល​ស្គាល់​ពី​ហេតុផល​នៃ​ភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​យុវជន​ប្រុស​ស្រី​ក្នុង​ភូមិ​ថា គឺ​បណ្ដាល​មក​ពី​អ្នក​ភូមិ​ពុំ​មាន​ព្រៃ​អាស្រ័យ​ផល​ដូច​ពី​មុន។ លោក​ថា នៅ​តំបន់​នេះ​អ្នក​ភូមិ​រស់​ពឹង​លើ​ស្រែ​ចម្ការ និង​ការ​អាស្រ័យផល​អនុផល​ព្រៃឈើ។ ឥឡូវ​ពុំ​អាច​អាស្រ័យ​អនុផល​ព្រៃ​ឈើ​បាន​ធ្វើ​ឲ្យ​ជីវភាព​អ្នក​ភូមិ​ជួប​ការ​លំបាក បណ្ដាល​ឲ្យ​កើត​មាន​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​ក្រពះ។

លោក ភុល ឡឹង៖ «ពី​ដើម​គាត់​អត់​ដែល​ទៅ​រក​ស៊ី​ឆ្ងាយ​ទេ គាត់​នឹក​ឃើញ​ថា មុខ​របរ​គាត់​នៅ​ជិតៗ និង​ងាយ​ស្រួល។ ចូល​ក្នុង​ព្រៃ​តែ​បន្តិច គឺ​អាច​រក​បាន​ប្រាក់​មក​ដោះស្រាយ​ជីវភាព​បាន។ ឥឡូវ​មាន​ព្រៃ​ឯ​ណា​ទៀត​មាន​តែ ព្រៃ​ដំឡូង​របស់​ក្រុមហ៊ុន​ចិន ហើយ​គេ​មិន​ឲ្យ​ចូល​ក្នុង​ព្រៃ​ទេ។ អ៊ីចឹង​ហើយ​គឺ​គាត់​ត្រូវ​រក​ស៊ី​នៅ​ទី​ឆ្ងាយ ដូច​ជា​ទៅ​ថៃ ជា​ដើម...»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៣ កន្លង​ទៅ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ភ្នំក្រវាញ ស្រុក​ក្រគរ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​លើក​គ្នា​ទៅ​ភូមិ​គ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ទីក្រុង​ភ្នំពេញ សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​ពួក​គាត់។

លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក៏​បាន​ផ្ញើ​លិខិត​មក​ឲ្យ​លោក​អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា ពិនិត្យ​និង​ដោះស្រាយ។ ហើយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាន​លើក​គ្នា​មក​សាលា​ខេត្ត​ពោធិ៍សាត់ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នេះ។

អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។ លោក​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​នាក់​កំពុង​បំពេញ​ការ​ងារ​ជា​កម្មករ​ដាំ​ដំឡូង​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច។ ហើយ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ផលិត​ម្សៅ​មី និង​រោងចក្រ​ផលិត​ក្រដាស​ដែល​អាច​ផ្ដល់​ការងារ​បន្ថែម ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ រាប់​ពាន់​នាក់​ទៀត។

លោក ខូយ សុខា៖ «បញ្ហា​ទាំង​អស់​នេះ​វា​មិន​មែន​ជា​កត្តា​សត្យានុម័ត​នោះ​ទេ តែ​វា​មាន​កត្តា​ខ្លះ​វា​ជា​កត្តា​អត្តនោម័តិ​ដែល​យើង​អាច​ដោះស្រាយ​បាន។ យើង​ឈរ​លើ​មូលដ្ឋាន​ហ្នឹង ហើយ​អាជ្ញាធរ​យើង​ក៏​ខិតខំ​ដែរ ដើម្បី​ដោះស្រាយ និង​សម្របសម្រួល​បន្ត​ទៅ​ទៀត...»

យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ឯករាជ្យ​ពី​បញ្ហា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពន្យល់​ថា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​បាន​លុះ​ត្រា​តែ​គេ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​ឆ្នាំ​២០០៥។ រួម​មាន​ការ​អភិវឌ្ឍ​កសិ-ឧស្សាហកម្ម ការ​ផ្ដល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ មិន​រង​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម​គ្រួសារ និង​មិន​ប៉ះពាល់​ដល់​ដី​ព្រៃ​អភិរក្ស។

លោក កែម ឡី៖ «រឿង​មួយ​ទៀត គឺ​ផល​ប៉ះពាល់​ដល់​វប្បធម៌​នៃ​ការ​ធ្វើ​ការងារ។ ដី​សម្បទាន​សេដ្ឋកិច្ច មុន​នឹង​ផ្ដល់​ឲ្យ​គេ​ត្រូវ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាក់លាក់ ស៊ី​ជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​អាជ្ញាធរ​ដែនដី។ ប៉ុន្តែ​កន្លង​ទៅ​យើង​មិន​ដែល​ឃើញ​មាន​ក្រុមហ៊ុន​ណា​មួយ​ធ្វើ​បញ្ហា​នេះ​ទេ...»

លោក កែម ឡី បន្ត​ថា ក្នុង​ប្រទេស​កម្ពុជា ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ពុំ​មាន​ការ​សិក្សា​ដល់​ទី​ជម្រៅ​ចំពោះ​ផល​ប៉ះពាល់​បរិស្ថាន និង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ណា​មួយ​ចេញ​ផ្សាយ​ជា​សាធារណៈ​នោះ​ទេ។ លោក​ថា គេ​ពុំ​អាច​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដោយ​យក​ដី​អាស្រ័យ​ផល​ប្រជាពលរដ្ឋ ឬ​ដី​ព្រៃ​ស្រោង​ដើម្បី​ដាំ​ដំឡូង ឬ​ដាំ​ដើម​កៅស៊ូ​នោះ​ទេ។ ទង្វើ​បែប​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​អន្លង់​នៃ​ភាព​ក្រីក្រ​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។