តំណាង​ពលរដ្ឋ​៣៣៥​គ្រួសារ​​​សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី

ប្រជាពលរដ្ឋ​ ២៥​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣៣៥​គ្រួសារ ​រស់​នៅ​ភូមិ​បី សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​លំនៅឋាន ដែល​ពួកគាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក។

អ្នកភូមិ​ឈ្មោះ ស្រី គឹមឡេង អាយុ ៦៣​ឆ្នាំ ថ្លែង​ថា ប្រជាពលរដ្ឋ​ចំនួន ៣៣៥​គ្រួសារ មាន​ដី​តូច​ធំ​ខុស​គ្នា អាស្រ័យ​ទៅ​តាម​លំនៅឋាន​ដែល​ពួកគាត់​បាន​កាន់កាប់​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម្ល៉េះ។ ដី​ទាំង​នោះ​ស្ថិត​នៅ​ភូមិ​បី​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភណ្ឌ ខេត្ត​បន្ទាយមានជ័យ។ កន្លង​ទៅ​នេះ​​ ដី​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត មាន​ទិសដៅ​ដក​ហូត​យក​ធ្វើ​ចំណត​រថយន្ត និង​ស្ថានីយ​ប្រេង។

អ្នកភូមិ​ឈ្មោះ ស្រី គឹមឡេង៖ «គោល​បំណង​សុំ​ឲ្យ​អភិបាល​ខេត្ត​អនុវត្ត​តាម​ចំណារ​របស់​សម្ដេច​មក អ្នក​ណា​មាន​ដី​ប៉ុណ្ណា​វាស់​ឲ្យ​ប៉ុណ្ណឹង​ទៅ ចង់​បាន​ប៉ុណ្ណឹង​ឯង អត់​មាន​ចង់​បាន​ចំណែក​ចែក​ថែម​នោះ​ទេ។ សុំ​ឲ្យ​ដី​ខ្ញុំ​ប៉ុណ្ណា​ចែក​ឲ្យ​ខ្ញុំ​ប៉ុណ្ណឹង ប្រជាជន​មក​តវ៉ា​ប៉ុណ្ណឹង​ឯង»

កាល​ពី​អំឡុង​​ឆ្នាំ​២០០០ ប្រជាពលរដ្ឋ​ទាំង ៣៣៥​គ្រួសារ​ បាន​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋ​សភា និង​ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា​ បាន​​សម្រេច​ថា ដី​ដែល​ប្រជាពលរដ្ឋ​រស់​នៅ​យូរ​ហើយ​ត្រូវ​តែ​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាជន ​មិន​អាច​ដក​ហូត​តាម​ទំនើង​ចិត្ត​បាន​នោះ​ទេ។ ក្រសួង​រៀបចំ​ដែន​ដី និង​នគរូបនីយកម្ម ត្រូវ​ចាត់​តាំង​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ចេញ​កម្មសិទ្ធិ​ជូន​ប្រជាជន​តាម​ដី​ដែល​គាត់​ធ្លាប់​បាន​កាន់កាប់ ដើម្បី​ឲ្យ​គាត់​ស្ងប់ចិត្ត និង​កសាង​ជីវភាព​រស់​នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។