ប្រជាពលរដ្ឋចំនួន ៤០គ្រួសារ សុំឲ្យអង្គការក្រៅរដ្ឋាភិបាលអន្តរាគមន៍ទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិចារណាឡើងវិញលើគម្រោងការដោះដូរដីទំហំជិត ២០០ហិកតារ ទៅឲ្យក្រុមហ៊ុនឯកជនមួយ។ ដីនោះត្រូវបានអ្នកភូមិបានកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយគម្រោងការដោះដូរនេះ គឺផ្ទុយពីសារាចរលេខ០១ របស់រដ្ឋាភិបាល។
ការសុំកិច្ចអន្តរាគមន៍តាមរយៈអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) នេះ កើតមានឡើងក្រោយពីក្រុមអ្នកភូមិស្នូលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន ៧៣គ្រួសារ ត្រូវក្រុមអាជ្ញាធរបង្ខំឲ្យពួកគាត់ដោះដូរដីស្រែចម្ការទំហំជាង ២៧៦ហិកតារ ទៅអោយក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តបន្ទាយមានជ័យ។
កាលពីចុងសប្ដាហ៍មុន គណៈកម្មការចម្រុះថ្នាក់ជាតិ និងក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានចុះជួបអ្នកភូមិជាម្ចាស់ដី។ បន្ទាប់មក ប្រកាសចែកដីឲ្យមួយគ្រួសារ ២ហិកតារ ហើយដីនោះអ្នកភូមិនឹងទទួលបាននៅកន្លែងផ្សេង ខុសពីទីតាំងដីដែលពួកគាត់កំពុងកាន់កាប់បង្កបង្កើនផលសព្វថ្ងៃ។
តំណាងអ្នកភូមិចំនួន ៤០គ្រួសារ លោក កែវ សុង ថ្លែងកាលពីថ្ងៃច័ន្ទ ទី១០ កុម្ភៈ ថា អ្នកភូមិចំនួន ៣៣គ្រួសារ មានការភ័យខ្លាច ប៉ុន្តែអ្នកភូមិចំនួន ៤០គ្រួសារ ប្រឆាំងជំទាស់ទៅនឹងគោលការណ៍នេះ ដោយចោទថា គណៈកម្មការចម្រុះនោះអនុវត្តផ្ទុយពីសារាចរលេខ០១ របស់រដ្ឋាភិបាល៖ «វាមិនស្របតាមគោលការណ៍របស់សម្ដេច ហ៊ុន សែន។ ដីកន្លែងណាក៏ជាដីរដ្ឋដែរ តែបើសិនក្រុមហ៊ុនទៅប៉ះពាល់លើប្រជាពលរដ្ឋ ត្រូវឲ្យប្រជាពលរដ្ឋវិញ ហើយដីរបស់ពួកខ្ញុំពិតមកមុនក្រុមហ៊ុនកើតមានច្បាប់ទម្លាប់ ដល់គាត់មកធ្វើមកយកអ៊ីចឹងទៅ ពួកខ្ញុំម៉េចសុខចិត្ត អ៊ីចឹងសុំឲ្យខេត្តដោះស្រាយឲ្យខ្ញុំឲ្យបានសមស្រប»។
ក្នុងទំហំដីជាង ២៧៦ហិកតារ និងមានប្រជាពលរដ្ឋចំនួន ៧៣គ្រួសារនោះ គ្រួសារខ្លះមានដី ២ហិកតារ ៣ហិកតារ ៤ហិកតារ និង៥ហិកតារ ហើយពួកគាត់អះអាងថា បានកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៧ មកម្ល៉េះ។ អ្នកភូមិម្នាក់ទៀតឈ្មោះ ឈិត ចាន់ថេង បញ្ជាក់ថា អ្នកភូមិទាមទារយកដីស្រែចម្ការដែលបានកាន់កាប់ជាក់ស្ដែង ហើយបដិសេធមិនទទួលយកគោលការណ៍ដោះដូរដីនោះឡើយ៖ «ហើយដីហ្នឹងជាដីរបស់មេកងពលចែកអោយ តាំងពីជំនាន់សមាហរណកម្ម បើនិយាយឲ្យចំទៅ ដីហ្នឹងតាំងពីសម័យ៩៤ និង៩៥ ប្ដឹងទាមទារនេះមានរយៈពេល ៤ ទៅ ៥ឆ្នាំហើយ ចង់បានដីហ្នឹងតាមគោលការណ៍លេខ០១ របស់សម្ដេច»។
អង្គការសិទ្ធិមនុស្សអាដហុក នឹងដាក់លិខិតអន្តរាគមន៍មួយ ដើម្បីស្នើឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិចារណាករណីទំនាស់នេះឡើងវិញ។
លោក ស៊ុំ ច័ន្ទគារ បញ្ជាក់ថា អាជ្ញាធរខេត្តគួរគោរពសារាចរលេខ០១ របស់រដ្ឋាភិបាល ដើម្បីផ្ដល់ប្រយោជន៍ឲ្យពលរដ្ឋសំខាន់ជាងក្រុមហ៊ុន៖ «ប្រជាពលរដ្ឋដែលគាត់កាន់កាប់ជាច្រើនឆ្នាំមកហើយ បែរជាអោយគាត់ទទួលបានតិចនោះ អ៊ីចឹងមិនខុសបទបញ្ជាលេខ០១ របស់រដ្ឋាភិបាល ដែលបានកាន់កាប់អាស្រ័យផលដាំដុះជាក់ស្ដែង»។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា ក្នុងចំណោមអ្នកភូមិចំនួន ៧១គ្រួសារ មានអ្នកភូមិចំនួន ១៥គ្រួសារ បានយល់ព្រម នៅសល់អ្នកភូមិ ៥៦គ្រួសារ ដែលមានដីចាប់ពី ២ហិកតារឡើងទៅ បដិសេធ។ បញ្ហានេះ អាជ្ញាធរបានសុំគោលការណ៍គណៈកម្មការអភិវឌ្ឍន៍កសិកម្ម និងជនបទ ហើយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្ដល់យោបល់ក្នុងការចែកដីធ្លីនេះ ប៉ុន្តែក្រោយមក លោកថា មានក្រុមអ្នកញុះញង់ឲ្យប្រជាពលរដ្ឋលើកគ្នាទៅតវ៉ានៅថ្នាក់លើ។
លោកបន្តថា ចំណែកឯទីតាំងដីដែលត្រូវដោះដូរ ក៏ពុំដឹងនៅកន្លែងណាជាក់លាក់ដែរ។ យ៉ាងណាក៏ដោយ លោកអះអាងថា អាជ្ញាធរនៅតែបន្តដោះស្រាយជាជំហាន៖ «លទ្ធភាពយើងចង់ដោះ ធ្វើម៉េចឲ្យវាមានការទទួលយកបានទាំងអស់គ្នា ការកាន់កាប់របស់គាត់មួយចំនួនវាស្របនឹងបទបញ្ជាលេខ០១ គឺគេទទួលស្គាល់ ក៏ប៉ុន្តែអ្នកខ្លះកាន់កាប់ក្រោយបទបញ្ជា០១។ អ៊ីចឹងជាបញ្ហាមួយដែលគេមិនទទួលស្គាល់ទេ នេះជាបញ្ហាដែលត្រូវជជែកគ្នាច្រើនទៀត ត្រូវធ្វើអត្តសញ្ញាណកម្មជាមួយគ្នាបន្ត»។
មន្ត្រីអង្គការសិទ្ធិមនុស្សលើកឡើងថា ក្រុមអាជ្ញាធរបង្ហាញចេតនាលម្អៀងទៅលើក្រុមហ៊ុន។ ក្រុមហ៊ុនដែលចង់បានដីស្រែចម្ការអ្នកភូមិនោះ គ្រប់គ្រងដោយឈ្មោះ សូ ចន្ធូ។ ក្រុមហ៊ុននេះម្ដងហើយម្ដងទៀត បានព្យាយាមយកដីរបស់អ្នកភូមិនោះ ដើម្បីរៀបចំស្ថានីយបណ្ដុះកូនឈើតាមផែនការរបស់ខ្លួន នៅលើផ្ទៃដីទំហំប្រហែល ៣ពាន់ហិកតារ។ ជម្លោះដណ្ដើមដីរវាងអ្នកភូមិ និងក្រុមហ៊ុននេះ បានអូសបន្លាយច្រើនឆ្នាំតាំងពីសម័យអតីតអភិបាលខេត្តបន្ទាយមានជ័យ លោក អន ស៊ុំ លោក អ៊ុង អឿង លោក ទ្រី ណារិន និងបន្តដល់ពេលបច្ចុប្បន្ន ដែលដឹកនាំដោយ លោក គោ ស៊ុំសារឿត ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
